រយៈពេលប្រហែល ៥ឆ្នាំចុងក្រោយនេះ ការប្រារព្ធពិធីអបអរ និងការទទួលស្គាល់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលជាថ្ងៃប្រវត្តិសាស្ត្រក្នុងការបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ មិនត្រូវបានរដ្ឋាភិបាលចាត់ទុកជាថ្ងៃសម្រាកជាសាធារណៈដូចមុនទៀតឡើយ។
មនុស្សដែលមានវ័យចំណាស់ចាប់ពីជាង ៤០ឆ្នាំឡើងទៅ បានថ្លែងថា ថ្ងៃ២៣ តុលានោះ គឺជាថ្ងៃប្រវត្តិសាស្ត្រសំខាន់បំផុតសម្រាប់ខ្មែរ ដែលនាំឲ្យខ្មែរត្រូវគេទទួលស្គាល់ឡើងវិញនៅលើឆាកអន្តរជាតិ ជាថ្ងៃបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ ជាថ្ងៃដែលខ្មែរជាម្ចាស់ប្រទេសរួចផុតពីការគ្រប់គ្រងរបស់កងទ័ពវៀតណាម ហើយក៏ជាថ្ងៃដែលនាំឲ្យមានការដឹកនាំប្រទេសមកដល់ថ្ងៃនេះ។
បុរសម្នាក់នៅខេត្តសៀមរាប ឈ្មោះ សែន រៀបរាប់ដូច្នេះ ៖ «រដ្ឋាភិបាលសព្វថ្ងៃគេមិនសូវឲ្យតម្លៃថ្ងៃ២៣ តុលាទេ នៅសៀមរាបនេះ គេប្រារព្ធថ្ងៃ៧ មករា គ្រាន់ជាប្រជាភិថុតិ។ ថ្ងៃ២៣ តុលា មានប្រយោជន៍ណាស់ ជាការបញ្ចប់នូវសង្គ្រាមរវាងខ្មែរ និងខ្មែរ ប៉ុន្តែគេនាំគ្នាឲ្យតម្លៃថ្ងៃ៧ មករា»។
លោក សួន សុភ័ក្ដិ រស់នៅស្រុកស្អាង ៖ «គឺមានសារសំខាន់ណាស់! ដោយសារតែកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹងហើយ ដែលកាលពីមុនចុះកិច្ចព្រមព្រៀងក្រុងប៉ារីស គឺមានតែប្រទេសកុម្មុយនិស្តទេ ដែលបានផ្ដល់ពោតសាលី ហើយអារបស់អត់ប្រយោជន៍ ដល់តែយើងមានកិច្ចព្រមព្រៀងក្រុងប៉ារីសហើយខ្មែរយើងគេជួយច្រើនណាស់»។
លោក សារិទ្ធ ៖ «រដ្ឋាភិបាលយើងគ្មានខ្លាចអ្នកណាទាំងអស់។ អំណាចលើគាត់ទាំងអស់ បើគាត់ឲ្យធ្វើ ធ្វើ បើគាត់មិនឲ្យធ្វើ អត់មានធ្វើអីទេ»។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺរហូតមកដល់ពេលនេះមានរយៈពេល ១៩ឆ្នាំមកហើយ។ ភាគីខ្មែរធំៗ ក្នុងនោះមានរដ្ឋកម្ពុជា នៃរដ្ឋាភិបាលក្រុងភ្នំពេញ ដែលតំណាងលោក ហ៊ុន សែន បានចូលរួមក្នុងតុចរចាជាមួយនឹងភាគីខ្មែរចំនួន ៣ទៀត គឺមានភាគីលោក សឺន សាន ប្រធានបក្សសេរីនិយមព្រះពុទ្ធសាសនា សម្ដេច នរោត្ដម សីហនុ សម្ដេច នរោត្តម រណឫទ្ធិ តំណាងគណបក្សហ៊្វុនស៊ិនប៉ិច និង ខៀវ សំផន តំណាងឲ្យភាគីខ្មែរក្រហម បានស្រុះស្រួលគ្នាបញ្ចប់សង្គ្រាមស៊ីវិលក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។
ប្រទេសចំនួន ១៨ ក្នុងនោះមានប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ដូចជា វៀតណាម លាវ ថៃ និងប្រទេសមហាអំណាចធំៗ ដូចជាសហរដ្ឋអាមេរិក បារាំង អូស្ត្រាលី បានចុះហត្ថលេខារួមគ្នាក្នុងការគោរព និងជួយជ្រោមជ្រែងប្រទេសកម្ពុជា ការបោះឆ្នោត ការបង្កើតរដ្ឋធម្មនុញ្ញ ការគោរពអធិបតេយ្យ ជួយស្ដារសេដ្ឋកិច្ច ជួយផ្នែកនយោបាយ ដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងបញ្ហាជាច្រើនទៀត។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍រំឭកអំពីសារប្រយោជន៍នៃកិច្ចព្រមព្រៀងក្រុងប៉ារីសដូច្នេះ ៖ «សំខាន់ខ្លាំងណាស់ ពីព្រោះយើងកុំភ្លេចថា ពេលហ្នឹងប្រទេសកម្ពុជា យើងមានសង្គ្រាម ហើយសង្គ្រាមហ្នឹង សង្គ្រាមស៊ីវិលទៅទៀត បានន័យថា ខ្មែរ និងខ្មែរគ្នាឯងទៅទៀត អកុសលអីទៅវាយគ្នាឯងទៅទៀត។ មានបក្សបី នៅខាងក្រៅជាអ្នករៀបចំរដ្ឋាភិបាលបណ្ដោះអាសន្ន និងមានអ្នកនៅខាងក្នុង។ វាយគ្នាមិនអស់មិនហើយសោះ ដល់បានកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹងមកទាំងអស់គ្នាព្រមព្រៀងគ្នា។ កិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹងសំខាន់ណាស់សម្រាប់ឯកសារជាអន្តរជាតិ មានអគ្គលេខាធិការសហប្រជាជាតិ ជាអ្នកចុះហត្ថលេខា ហើយមានប្រទេសចំនួន ១៨ទៀត អ៊ីចឹងឯកសារកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ ជាឯកសារមួយដើម្បីឲ្យប្រទេសទាំង ១៨ គោរពផង ហើយប្រទេសឯទៀតក៏ទទួលស្គាល់ដែរ»។
ចាប់តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះរួចមក រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ក៏បានបង្កើតឡើង ហើយការបោះឆ្នោតលើកដំបូងក៏កើតមានឡើងនៅឆ្នាំ១៩៩៣។ កងទ័ពវៀតណាម ក៏បានដកចេញពីប្រទេសកម្ពុជា ហើយប្រទេសជាច្រើននៅក្នុងពិភពលោកបានផ្ដល់នូវជំនួយមនុស្សធម៌ ជំនួយទឹកប្រាក់ និងជំនួយជាច្រើនទៀត ផ្អែកលើការសន្យានៃការជួយស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជាឡើងវិញ។
ចាប់ពីពេលនោះមក ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដែលជាថ្ងៃព្រមព្រៀងសន្តិភាពរវាងខ្មែរ និងខ្មែរនេះ ត្រូវបានគេរំឭកជារៀងរាល់ឆ្នាំផងដែរចាប់ពីពេលនោះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា រដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជា បានទទួលស្គាល់អំពីអត្ថប្រយោជន៍នៃថ្ងៃនោះ ដោយធ្វើការផ្សព្វផ្សាយ ប៉ុន្តែនៅជុំវិញសំណួរថា តើហេតុអ្វីបានជាគណបក្សប្រជាជន ក៏ដូចរដ្ឋាភិបាលមិនរៀបចំការសាទរសម្រាប់ថ្ងៃនេះ ឲ្យដូចថ្ងៃ៧ មករា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ?
លោក ជាម យៀប បញ្ជាក់ថា ៖ «៧ មករាហ្នឹងហើយដែលជាកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលនៅសេសសល់ពី ប៉ុល ពត ហើយជាគុណូបការៈរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់ គួបផ្សំនឹងការជួយរបស់កងទ័ពវៀតណាម ។ ប៉ុន្តែសៀម គេយកចិត្តទុកដាក់ក្នុងការចង់បំផ្លាញកម្ពុជា គេឲ្យ ប៉ុល ពត រស់នៅតាមព្រំដែន។ អ៊ីចឹងខ្ញុំសូមជម្រាបថា យើងទាំងអស់គ្នាត្រូវសិក្សាស្រាវជ្រាវឲ្យបានដិតដល់។ មានអ្នកខ្លះសុទ្ធតែចោទថា ៧ មករា កងទ័ពវៀតណាមឈ្លានពាន បើអត់មាន ៧ មករាទេ យើងទាំងអស់គ្នាអត់មានថ្ងៃនេះទេ»។
ការព្រងើយកន្តើយ មិនដឹងមិនឮ ចំពោះថ្ងៃនោះ ដោយគេមិនឃើញមានការឈប់សម្រាករបស់មន្ត្រីរាជការ ឬពិធីបុណ្យជាតិយ៉ាងឱឡារិក ដូចជាបណ្ដាប្រទេសមហាអំណាចធំៗ ក្នុងពិភពលោក សម្រាប់សម្ដែងការរំឭកថ្ងៃប្រវត្តិសាស្ត្រនេះ ស្ទើរតែនាំកូនខ្មែរជំនាន់ក្រោយជាច្រើននាក់ភ្លេចបាត់ថា តើថ្ងៃនោះជាថ្ងៃអ្វីទៅហើយ។
ផ្ទុយទៅវិញគេឃើញមានភាពគគ្រឹកគគ្រេងនៃការអបអរនៅក្នុងប្រទេស នៅថ្ងៃបុណ្យជាច្រើន ដូចជាថ្ងៃ៧ មករា ថ្ងៃចម្រើនព្រះជន្ម ថ្ងៃសិទ្ធិនារី ថ្ងៃទិវាពលកម្ម ថ្ងៃបុណ្យពិសាខបូជា មាឃបូជា និងថ្ងៃបុណ្យជាច្រើនស្អេកស្កះទៀត នៅក្នុងប្រទេសកម្ពុជា។
ប្រធានអង្គការលីកាដូដដែល លោកស្រី ពុង ឈីវកេក មានប្រសាសន៍ពន្យល់អំពីភាពខុសគ្នារវាងថ្ងៃ៧ មករា និងថ្ងៃ២៣ តុលា នៃកិច្ចព្រមព្រៀងសន្តិភាពដូច្នេះ ៖ «ខ្ញុំមានការសោកស្តាយ និងក្រៀមក្រំណាស់ ដែលថា មិនគួរសោះ មិនគោរពថ្ងៃ២៣ តុលា ឆ្នាំ១៩៩១។ ដូចយើងនិយាយអម្បាញ់មិញថា ខ្ញុំទទួលស្គាល់ថា ថ្ង ៧ មករានេះ គឺជាថ្ងៃដែលធ្វើឲ្យខ្មែរក្រហមនោះរត់ចេញ ធ្វើឲ្យខ្មែររួចខ្លួនឡើងវិញ ប៉ុន្តែយើងវិភាគទៅមើល ចប់ពី៧ មករា មក នៅតែមានវាយគ្នា ពីព្រោះមានទ័ពបរទេសនៅក្នុងស្រុកយើង។ ខ្ញុំជឿជាក់ថា បើអត់ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ខ្ញុំនៅតែជឿជាក់ថា យើងនៅតែវាយគ្នា យើងគ្មានសេរីភាពទេ ទ័ពបរទេសនៅតែនៅក្នុងស្រុករបស់យើង ដោយថា ខ្មែរហើយ និងខ្មែរនៅតែវាយគ្នា»។
ជុំវិញការខ្វែងគំនិតគ្នានៃអ្នកចង់រំឭកថ្ងៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងថ្ងៃរំដោះ ៧ មករា អ្នកវិភាគផ្សេងទៀតឲ្យយោបល់ថា គណបក្សប្រជាជនគួរតែគោរពថ្ងៃនោះ សម្រាប់សកម្មជន និងអ្នកគាំទ្រក្នុងរង្វង់បក្សរបស់ខ្លួនទៅបានហើយ មិនគួរដាក់ឲ្យមានការគោរពជាសាធារណៈ ចំពោះមនុស្សដែលមានទស្សនៈផ្សេងផ្ទុយ ហើយរដ្ឋាភិបាលបច្ចុប្បន្នមានការគាំទ្រពីអន្តរជាតិ ដោយសារតែសន្ធិសញ្ញាសន្តិភាពមួយនោះ ក៏មិនត្រូវបំភ្លេចថ្ងៃនេះដែរ។
ក្នុងដំណើររយៈពេល ១៩ឆ្នាំកន្លងមកនេះ អ្នកសង្កេតឯករាជ្យក្នុងស្រុកបានអះអាងថា ប្រទេសកម្ពុជា បានវិវឌ្ឍពីប្រទេសដែលមានឋានៈជាប្រទេសស្ថិតនៅក្នុងចំណាត់ថ្នាក់ប្រកាសគ្រោះអាសន្ន បានឈានឡើងមួយកម្រិត មកជាប្រទេសចាប់ផ្ដើមកសាង ហើយបានវិវឌ្ឍមកដល់សព្វថ្ងៃ ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍។
យ៉ាងណាក្ដី អ្នកសង្កេតឯករាជ្យក្នុងស្រុកបានចង្អុលបង្ហាញថា ប្រជាជនកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងការរំលោភសិទ្ធិមនុស្ស ការគំរាមកំហែងលើសិទ្ធិរស់នៅ ការគាបសង្កត់សិទ្ធិបញ្ចេញមតិ ការរំលោភដីធ្លីរបស់អ្នកក្រពីសំណាក់អ្នកមានប្រាក់ និងអ្នកមានអំណាច ប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ដែលធ្វើឲ្យតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនខ្មែរទូទៅត្រូវគេរំលោភ និងជិះជាន់ឥតស្រាកស្រាន្តរហូតដល់សព្វថ្ងៃនេះ៕