តើនៅក្រោយដំណើរទស្សនកិច្ចរបស់លោក បាន គីមូន បញ្ហាសិទ្ធិមនុស្ស បញ្ហាបូរណភាពទឹកដីកម្ពុជា មានភាពប្រសើរឡើងវិញដែរ ឬទេ?
ឆ្លើយតបនឹងចម្ងល់ទាំងនេះ ត្រូវបានសង្គមស៊ីវិលដែលធ្វើការផ្នែកឃ្លាំមើលការការពារសិទ្ធិមនុស្សនៅកម្ពុជា និងមន្ត្រីគណបក្សប្រឆាំង បង្ហាញការរំពឹងទុកនូវលទ្ធផលក្រោយដំណើរទស្សនកិច្ចរបស់លោក បាន គីមូន ប្រកបដោយសុទិដ្ឋិនិយមថា ស្ថានការណ៍ធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនឹងវិលទៅរកភាពល្អប្រសើរជាងសព្វថ្ងៃ។
ប្រធានអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក បាន គីមូន បញ្ជាក់ទៅសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ មិនបានទុកកម្ពុជា ចោលក្រៅឆាកអន្តរជាតិឡើយ តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ មកនោះ ហើយករណីរំលោភសិទ្ធិមនុស្សជាច្រើនករណី ដែលផ្ដល់ដោយសង្គមស៊ីវិល និងប្រជាពលរដ្ឋ លោកស្រីជឿថា នឹងមានការជជែកប្រសើរឡើងវិញ តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ រវាងលោក បាន គីមូន និងប្រមុខរដ្ឋាភិបាលកម្ពុជា។
ប្រធានគណបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី បានយល់ឃើញថា សហគមន៍អន្តរជាតិហាក់មានការភ្ញាក់ផ្អើលចំពោះការធ្លាក់ចុះនូវស្ថានការណ៍អាក្រក់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងការរំលោភលើបូរណភាពដែនដីនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោកជឿថា លោក បាន គីមូន នឹងបានដឹងច្បាស់ពីស្ថានភាពខាងនេះដោយផ្ទាល់ តាមរយៈពលរដ្ឋ និងសង្គមស៊ីវិលដែលទទួលរងការឈឺចាប់ ដោយសារកាគាបសង្កត់ពីអ្នកមានអំណាច។
លោក សម រង្ស៊ី មានប្រសាសន៍ទៀតថា ៖ «លើកនេះណា ជាឱកាសដោះស្រាយបញ្ហាដ៏ធំ ដែលកំពុងគ្របដណ្ដប់មកលើប្រជាពលរដ្ឋកម្ពុជា។ បញ្ហាអយុត្តិធម៌ បញ្ហាអំណាចផ្ដាច់ការ បញ្ហាបណ្ដេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែង ទាំងអស់ហ្នឹងដែលយើងត្រូវដោះស្រាយ»។
លោក សម រង្ស៊ី បន្តថា ក្រោយពីដំណើរទស្សនកិច្ចរបស់លោក បាន គីមូន លោកសង្ឃឹមថា នឹងមានដំណោះស្រាយល្អជូនពលរដ្ឋកម្ពុជា ដែលកំពុងជួបការលំបាកជាមិនខាន នេះបើតាមអ្វីដែលលោកធ្លាប់បានកត់សម្គាល់កន្លងមក ៖ «ពេលដែលមានអ្នកធំមកទស្សនកិច្ចម្តងៗ បញ្ហាធ្ងន់ធ្ងរ តែងតែមានការដោះស្រាយដូចកាលនៅឆ្នាំ២០០៥ ដូចជាអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលនោះមានដំណើរទស្សនកិច្ចអ៊ីចឹងដែរ គ្រាន់តែគេមកប៉ុន្មានថ្ងៃគេឃើញមានការដោះលែងអ្នកកាសែត ដោះលែងតំណាងសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងតុលាការ អយុត្តិធម៌ដែរ»។
ទាក់ទិននឹងបញ្ហានេះដែរ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច បានយល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោក បាន គីមូន មិនផ្ដោតលើបញ្ហាសិទ្ធិមនុស្សជាសំខាន់នោះទេ ព្រោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនទាន់ជាប់លេខអាក្រក់ជាងបណ្ដាប្រទេសដទៃទៀតនោះទេ។ ប៉ុន្តែតាមការគិតរបស់លោក អ្វីដែលលោក បាន គីមូន គិតគូរជាសំខាន់នោះ គឺបញ្ហាទំនាក់ទំនងក្នុងតំបន់ ជាពិសេសកម្ពុជា និងថៃ ដែលកំពុងមានបញ្ហានឹងគ្នា បញ្ហាសាលាក្ដីខ្មែរក្រហម ដែលជាផ្នែកមួយនៃកិច្ចការរបស់អង្គការសហប្រជាជាតិ និងបញ្ហាសន្តិសុខស្បៀង ពីព្រោះកម្ពុជាមានតំបន់វាលទំនាបដែលមានសក្ដានុពលផលិតស្បៀងបានច្រើន ព្រមទាំងបញ្ហាបរិស្ថានផងដែរ។
លោក សុខ ទូច បន្ថែមថា ៖ «ខ្ញុំគិតថា មកលើកនេះ គេពង្រឹងទំនាក់ទំនងតួនាទីអង្គការសហប្រជាជាតិ និងកម្ពុជា ដែលចាប់តាំងពីឆ្នាំ១៩៩៣ អង្គការនេះបានប្រើតួនាទីក្នុងការដោះស្រាយទំនាស់រវាងខ្មែរពីគ្រប់ភាគី»។
មន្ត្រីអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក បាន គីមូន មិនបង្ហាញថា លទ្ធិប្រជាធិប្បតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា បានដើរថយក្រោយនោះទេ ផ្ទុយទៅវិញបានបង្ហាញថា ទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា កំពុងមានទំនាក់ទំនងល្អនឹងគ្នា ដោយមិនមានដាក់ការគាបសង្កត់ណាមួយទេមកលើកម្ពុជា។
លោក ផៃ ស៊ីផាន មានប្រសាសន៍ទៀតថា ៖ «ពីព្រោះកម្ពុជាជារាជាណាចក្រមួយដែលមានអធិបតេយ្យភាពរបស់ខ្លួន ហើយជាសមាជិកអង្គការសហប្រជាជាតិ ចំណែកអង្គការសហប្រជាជាតិគ្រាន់តែជាអ្នកប្រមូលផ្ដុំផ្ដល់សេវាកម្មក្នុងន័យស្មើភាពគ្នា»។
ទាក់ទិននឹងបញ្ហាកម្ពុជា និងថៃ លោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជាមិនមានគម្រោងលើកយកបញ្ហានេះទៅពិភាក្សាជាមួយលោក បាន គីមូន ទេ ៖ «ដោយសារដំណោះស្រាយមានជាបណ្ដើររួចជាស្រេចហើយជាមួយថៃ ហើយខាងសភាថៃ បានសន្យារួចជាស្រេចហើយថា នឹងអនុម័តលើរបាយការណ៍គណៈកម្មការចម្រុះដែនគោកកម្ពុជា-ថៃ នឹងត្រូវផ្ដល់សច្ចាប័ន»។
តែទោះយ៉ាងណាក្ដី នៅមុនដំណើរទស្សនកិច្ចរបស់លោក បាន គីមូន កម្ពុជាត្រូវទទួលរងការរិះគន់ផ្ទួនៗពីសហគមន៍អន្តរជាតិ ស្ដីពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ថ្មីៗនេះសេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុបស្នើឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ទៅលើការរកឃើញរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) ក្នុងដំណើររបស់លោកនៅកម្ពុជា បានរកឃើញថា ប្រជាពលរដ្ឋក្រីក្ររបស់កម្ពុជា មិនទុកចិត្តប្រព័ន្ធយុត្តិធម៌ និងសេរីភាពនៃការបញ្ចេញមតិត្រូវបានរឹតត្បិត។
សេចក្ដីសម្រេចបន្តទៀតថា រដ្ឋាភិបាលកម្ពុជា ត្រូវធ្វើកំណែទម្រង់ទៅលើនីតិរដ្ឋ និងការគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងបំបាត់អំពើពុករលួយ ការបាត់ព្រៃឈើ ទេសចរណ៍ផ្លូវភេទ និងនិទ្ទណ្ឌភាព។
ស្របពេលគ្នានេះដែរ សហភាពអន្តរសភាដែលភាសាអង់គ្លេសហៅថា Inter-Parliamentary Union កាលពីថ្ងៃទី៦ ខែតុលា បានអនុម័តសេចក្ដីសម្រេចចិត្តរបស់ខ្លួនជាឯកច្ឆន្ទ ប្រឆាំងការកាត់ទោសមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី របស់តុលាការកម្ពុជា ដោយបានចាត់ទុកថា ការកាត់ទោសនេះ បានធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕