លោកឧត្ដមសេនីយ៍ ហុក ឡងឌី មានភរិយាឈ្មោះ ម៉ែន ភក្ដី មានកូនចំនួន៥នាក់ ប្រុសបី ស្រីពីរ។
បើតាមវចនានុក្រមប្រវត្តិសាស្ត្រកម្ពុជាដែលសរសេរដោយ លោក Justin Cornfield និង Laura Summers និងយោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា លោក ហុក ឡងឌី កើតនៅឆ្នាំកុរ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៥៧ នៅទីរួមខេត្តស្វាយរៀង មានខ្សែស្រឡាយវៀតណាម ជាកូនក្នុងគ្រួសារយោធាមួយ មានឪពុកឈ្មោះ ហុក ណាំ ម្ដាយឈ្មោះ មុំ អូន។
លោកឧត្ដមសេនីយ៍ ហុក ឡងឌី មានបងប្អូនបង្កើត៣នាក់ ហើយលោកជាកូនទី២។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម លោក ហុក ឡងឌី រស់នៅភូមិតាពៅ ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៧៧ លោក ហុក ឡងឌី បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ហើយនៅថ្ងៃទី២ មីនា ឆ្នាំ១៩៧៨ បានចូលរួមក្នុងកងស៊ើបអង្កេតនៃកងទ័ពរំដោះជាតិរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។ ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពវៀតណាមចូលមកក្នុងទឹកដីខ្មែរ ហើយផ្ដួលរំលំរបបខ្មែរក្រហមនោះ លោក ហុក ឡងឌី ត្រូវបានតំឡើងឋានៈជាបន្តបន្ទាប់។
លោក ហុក ឡងឌី ត្រូវបានតែងតាំងជាប្រធានចាត់តាំងខេត្តស្វាយរៀង និងបានក្លាយជាប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តស្វាយរៀង នៅឆ្នាំ១៩៨៧។ នៅឆ្នាំ១៩៩០ លោក ហុក ឡងឌី ត្រូវបានតែងតាំងជាអនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនក្រុងភ្នំពេញ។
នៅខែមករា ឆ្នាំ១៩៩៤ លោក ហុក ឡងឌី ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង ហើយនៅខែកញ្ញា ឆ្នាំ១៩៩៤ លោកបានទទួលភារកិច្ចជាអគ្គស្នងការនគរបាលជាតិរហូតមកទល់ពេលដែលលោកទទួលមរណភាព។
នៅខែមករា ឆ្នាំ១៩៩៧ លោក ហុក ឡងឌី ត្រូវបានមហាសន្និបាតវិសាមញ្ញនៃគណបក្សប្រជាជនកម្ពុជាសម្រេចបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការកណ្ដាលនិងក្លាយជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០០១។
នៅក្នុងឆ្នាំ២០០៦ សហរដ្ឋអាមេរិកបានបដិសេធមិនព្រមផ្ដល់ទិដ្ឋាការដល់លោក ហុក ឡងឌី ដើម្បីចូលរួមក្នុងសន្និសីទដោយសារតែមានការចោទថា លោក ហុក ឡងឌី មានការពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស។ ប៉ុន្តែនៅឆ្នាំ២០០៦ដដែល លោក ហុក ឡងឌី បានទទួលមេដាយពីការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក (FBI) ក្នុងការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ នៅឆ្នាំ២០០៧ លោក ហុក ឡងឌី បានចូលរួមក្នុងកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងនឹងភេរវកម្មដែលបានរៀបចំនៅរដ្ឋធានី Washington សហរដ្ឋអាមេរិក។
លោកឧត្ដមសេនីយ៍ ហុក ឡងឌី ធ្វើជាអគ្គស្នងការនគរបាលជាតិចំនួន១៤ឆ្នាំ ហើយជាសមាជិកជាន់ខ្ពស់បំផុតក្នុងលំដាប់លេខរៀងទី២០ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ហើយមានសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅឆ្នាំ២០០២ កូនស្រីរបស់លោក ហុក ឡងឌី ឈ្មោះ ហុក ជិនដាវី បានរៀបការជាមួយនឹងកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ៊ុន ម៉ានិត ដែលបានធ្វើឲ្យចំណងមិត្តភាពរវាងលោក ហុក ឡងឌី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែរឹងមាំថែមទៀត។
ទាក់ទងនឹងការចោទប្រកាន់ថា លោក ហុក ឡងឌី មានសែស្រឡាយវៀតណាមនោះ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានឲ្យដឹងថា លោក ហុក ឡងឌី មិនមែនជាប់សែស្រឡាយវៀតណាមទាំងស្រុងនោះឡើយ ហើយថា ការចោទប្រកាន់នោះបានធ្វើឡើងក៏ដោយសារតែលោក ហុក ឡងឌី បានកើតនៅទឹកដីជាប់ព្រំប្រទល់វៀតណាម ហើយចេះនិយាយភាសាវៀតណាមថែមទៀតផង។ លោកបានបន្តថា លោក ហុក ឡងឌី ធ្លាប់បានមកសិក្សានៅឯវិទ្យាល័យសុរិយោវង្ស ក្នុងខេត្តស្វាយរៀងនោះផងដែរ។
លោក ជាម យៀប បានមានប្រសាសន៍ថា ៖ «ដូចជាឯកឧត្ដម ហុក ឡងឌី មិនមែនជាសែស្រឡាយយួនពិតប្រាកដទាំងស្រុងនោះទេ។ ខ្ញុំមិនបានដឹងប្រវត្តិគាត់ផ្ទាល់ គាត់នៅខាងស្វាយរៀង ខ្ញុំនៅខាងព្រៃវែង ហើយដូចជាឯកឧត្ដម ហុក ឡងឌី គាត់នៅស្វាយរៀងតាំងពីតូចៗ គាត់នៅបាវិតផង ជិតព្រំប្រទល់ដែន អ៊ីចឹងគេងាយចោទប្រកាន់ថា គាត់ជាវៀតណាមអីគ្រប់បែបយ៉ាង ប៉ុន្តែតាមការពិតយើងឃើញថា គាត់មករៀននៅវិទ្យាល័យសុរិយាវង្សនៅស្វាយរៀង រហូតមកដូចជាគាត់នៅបាវិតហ្នឹង គាត់ចេះវៀតណាមស្ទាត់ ចេះទាំងអក្សរវៀតណាមអី ព្រោះបាវិតឈានមួយជំហានទៅដល់ព្រំដែនវៀតណាម អ៊ីចឹងទេវៀតណាមក៏មានចេះខ្មែរដែរនៅហ្នុងនោះ»។
លោក ជាម យៀប បានសម្ដែងការសោកស្ដាយចំពោះមរណភាពរបស់លោក ហុក ឡងឌី ហើយថា លោក ហុក ឡងឌី បានបន្សល់ស្នាដៃជាច្រើនសម្រាប់ប្រទេសជាតិ រួមមានការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពក្នុងសង្គមកម្ពុជា។
លោក ជាម យៀប បានឲ្យដឹងថា ៖ «ក្នុងនោះស្នាដៃរបស់លោកជាបន្តបន្ទាប់ គឺទាល់តែមានស្នាដៃបានអាចឡើងឋានៈ ឡើងតួនាទីហ្នឹងបាន ទន្ទឹមនេះការដឹកនាំផ្នែកខាងនគរបាលជាតិ សន្តិសុខសណ្ដាប់ធ្នាប់សង្គម គឺថាបានល្អប្រសើរនៅទូទាំងប្រទេសដែលគួរកោតស្ញប់ស្ញែងកន្លងមក។ ទន្ទឹមនេះលោកបានធ្វើទំនាក់ទំនងជាមួយនឹងនគរបាលអន្តរជាតិបរទេសបានយ៉ាងល្អប្រសើរដែលធ្វើជាគំរូជាមេរៀនល្អសម្រាប់នាយនគរបាលជាតិរបស់យើងជំនាន់ក្រោយដែលធ្វើបន្តពីលោកតទៅទៀត»។
ទោះជាយ៉ាងណា កាសែត The Guardian របស់ប្រទេសអង់គ្លេស ធ្លាប់បានសេរសេរថា នៅក្នុងព្រឹត្តិការណ៍នៃការដណ្ដើមអំណាចគ្នារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិចនាឆ្នាំ១៩៩៧ លោក ហុក ឡងឌី បានដើរតួយ៉ាងសំខាន់ក្នុងប្រតិបត្តិការសម្លាប់ក្រៅរង្វង់ច្បាប់ទៅលើមន្ត្រីរាជានិយម រួមមានមន្ត្រីមកពីគណបក្សហ៊្វុនស៊ិនប៉ិច លោក ហូ សុខ ដែលត្រូវបានឃុំខ្លួននៅឯក្រសួងមហាផ្ទៃ ហើយត្រូវបានបាញ់សម្លាប់ដោយនគរបាលនៅទីនោះ។
អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ ក៏ធ្លាប់បានបង្ហើបបញ្ហាសម្លាប់មនុស្សនេះដែរបន្ទាប់ពីលោកមានជម្លោះបែកបាក់គ្នាជាមួយនឹងលោក ហុក ឡងឌី៕