កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០០៦ អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក ហេង ពៅ ក៏ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយជាសាធារណៈដោយចោទថា លោក ហុក ឡងឌី ស្ថិតនៅពីក្រោយខ្នងនៃការវាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៥ នៅបរិវេណគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ដែលបានបណ្ដាលឲ្យមនុស្សជាងដប់នាក់ស្លាប់បាត់បង់ជីវិត ការគប់គ្រាប់បែកទៅលើក្រុមបាតុករនៅមុខអតីតវិមានរដ្ឋសភាដែលដឹកនាំដោយលោក សម រង្ស៊ី ដែលបានបណ្ដាលឲ្យមនុស្សជាង២០នាក់ស្លាប់បាត់បង់ជីវិត និង ១៤០នាក់ផ្សេងទៀតរងរបួស។
លោក ហេង ពៅ ក៏បានចោទទៀតថា លោក ហុក ឡងឌី ស្ថិតនៅពីក្រោយខ្នងនៃការសម្លាប់អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហូ សុខ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ ការសម្លាប់តារាភាពយន្ត ពិសិដ្ឋ ពីលិកា ការសម្លាប់អតីតសមាជិករដ្ឋសភា ឱម រដ្ឋសាឌី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៣ ការសម្លាប់មេដឹកនាំសហជីពកម្មករ លោក ជា វិជ្ជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ និងការប៉ុនប៉ងធ្វើឃាតនិពន្ធនាយកនិងជាចាងហ្វាងកាសែតកោះសន្តិភាព លោក ថុង អ៊ុយប៉ាង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៩៨ជាដើម។
ឆ្លើយតបទៅនឹងការចោទប្រកាន់ថា លោក ហុក ឡងឌី មានការពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស ការសម្លាប់មន្ត្រីនានា និងអំពើរំលោភសិទ្ធិមនុស្សមួយចំនួននោះ លោក ជាម យៀប បានឲ្យដឹងថា ការចោទប្រកាន់នោះមិនមែនសុទ្ធតែត្រឹមត្រូវទាំងអស់នោះឡើយ ហើយថា ភាពយឺតយ៉ាវនិងភាពស្មុគស្មាញក្នុងការស៊ើបអង្កេតវែកមុខរកជនដៃដល់បាននាំឲ្យមានការចោទប្រកាន់នោះឡើង។
លោក ជាម យៀប បានបញ្ជាក់ថា ៖ «ក៏ប៉ុន្តែយើងឃើញថា បទល្មើសដែលមិនទាន់ឃើញឬមិនទាន់បានកាត់ទោស អាចថានៅ ១០ ឬ ១៥ឆ្នាំទៀត មិនមែននៅនេះប៉ុន្មានដែរទេ ប៉ុន្តែក្នុងកាលៈទេសៈណាថា ក្នុងនាមជាមេត្រូវតែធ្វើយ៉ាងម៉េចរំឭកអ្នកក្រោម ឬតាមដានត្រួតពិនិត្យឲ្យអ្នកក្រោមធ្វើឲ្យបានទាន់ពេលវេលា ឲ្យឆាប់ទាន់ពេលវេលា»។
ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានមានប្រសាសន៍ថា លោក ហុក ឡងឌី បានបន្សល់ស្នាដៃមួយចំនួនដូចជា ការទប់ស្កាត់អំពើភេរវកម្ម និងការរក្សាសណ្ដាប់ធ្នាប់សាធារណៈជាដើម។ ទោះជាយ៉ាងណា លោក នី ចរិយា បានឲ្យដឹងថា លោក ហុក ឡងឌី មិនបានចាត់វិធានការចំពោះមន្ត្រីនគរបាលដែលមានការពាក់ព័ន្ធនឹងការជួញដូរមនុស្សនិងការរំលោភសិទ្ធិមនុស្សនោះទេ។
លោក នី ចរិយា បានមានប្រសាសន៍ថា ៖ «ជាស្នាដៃមួយដែរក្នុងការដែលរក្សាបាននូវស្ថិរភាព សុវត្ថិភាព សន្ដិសុខ ក្នុងការការពារ ទាំងការពារប្រជាពលរដ្ឋ ក៏ដូចជាការពារទៅដល់ ជាពិសេសទាក់ទិនទៅនឹងស្ថានទូតប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិកអី យើងឃើញថា មិនមានភេរវកម្មដូចប្រទេសមួយចំនួនទៀត ដែលស្ថានទូតត្រូវទទួលរងនូវការវាយប្រហារពីភេរវកម្មអីទេ។ ក៏ប៉ុន្តែទន្ទឹមនឹងហ្នឹងយើងឃើញមានការខ្វះចន្លោះ ដូចជានៅមានមន្រ្តីប៉ូលិសមួយចំនួននៅតែប្រព្រឹត្តនូវអំពើរំលោភសិទ្ធិមនុស្ស ដូចជាមានអំពើធ្វើទារុណកម្ម និងអំពើបង្ករបួសស្នាមទៅលើប្រជាពលរដ្ឋ ក៏ដូចមនុស្សខ្សោយអីជាដើម ហើយមិនត្រូវទទួលបាននូវការដាក់ទោសពិន័យអីជាដើម។ នេះគឺជាចំណុចអវិជ្ជមានដែលកើតឡើងនៅពេលកន្លងមកនៅក្នុងដំណាក់កាលនៃការគ្រប់គ្រងរបស់គាត់»។
លោក នី ចរិយា បានឲ្យដឹងទៀតថា អង្គការរបស់លោកក៏បានធ្វើការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា លោក ហុក ឡងឌី មានការពាក់ព័ន្ធនឹងការសម្លាប់លោក ហូ សុខ តារាភាពយន្ត ពិសិដ្ឋ ពីលិកា និងមេដឹកនាំសហជីព លោក ជា វិជ្ជា ជាដើម ប៉ុន្តែថារហូតមកទល់នឹងពេលនេះ គេនៅមិនទាន់រកឃើញភស្តុតាងណាមួយដែលអាចបញ្ជាក់ថា ការចោទប្រកាន់នោះជារឿងត្រឹមត្រូវនោះឡើយ។
លោក នី ចរិយា បានឲ្យដឹងថា ៖ «គឺជាករណីដែលយើងបានធ្វើការស៊ើបអង្កេតដែរ ក៏ប៉ុន្តែយើងមិនទាន់បានរកឃើញថា ឯកឧត្ដម ហុក ឡងឌី នៅពីក្រោយខ្នងនូវអំពើទាំងនោះនៅឡើយទេ ហេតុនេះខ្ញុំមិនអាចជម្រាបជូនបានថា តើឯកឧត្ដម ហុក ឡងឌី ពិតជាអ្នកដែលនៅពីក្រោយខ្នងនៃអំពើទាំងអស់នោះបានទេ...»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានឲ្យដឹងថា ក្នុងរយៈកាលដែលលោក ហុក ឡងឌី កាន់តំណែងជាស្នងការនគរបាលជាតិ មានករណីសម្លាប់ក្រៅរង្វង់ច្បាប់ធ្ងន់ធ្ងរដោយសាររឿងនយោបាយយ៉ាងហោចណាស់ក៏១០ករណីដែរ ហើយថា នៅមានករណីសម្លាប់ផ្សេងទៀតទៅលើសិល្បករជាដើម។
លោក អ៊ូ វីរៈ បានឲ្យដឹងថា នគរបាលសុទ្ធតែបានដឹងករណីទាំងអស់នេះ ប៉ុន្តែនគរបាលមានការចូលរួមហើយនិងមិនបានរកយុត្តិធម៌ដល់ជនរងគ្រោះឡើយ។
លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា ៖ «ច្រើនណាស់ករណីដែលយើងដឹងច្បាស់ថាជារឿងនយោបាយ ដូចករណី លោក ជា វិជ្ជា ចៅក្រម ករណីបោកគ្រាប់បែក សុទ្ធតែរឿងនយោបាយមិនទាន់បានដោះស្រាយ ហើយបញ្ហាផ្សេងៗទាក់ទងរឿងថ្មីៗ ដូចជា ឃឹម សម្បូរណ៍ និងអ្នកកាសែតដទៃទៀត។ យ៉ាងហោចបំផុតខាងប៉ូលិសដឹងដែរ ដឹងថាអ្នកណាជាអ្នកប្រព្រឹត្ត ហើយមិនបានចាត់វិធានការដើម្បីពិន័យឧក្រិដ្ឋជន ឬមួយក៏ដើម្បីរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះអី។ ក្នុងហ្នឹងខ្ញុំមើលទៅក្នុងពេលថ្មីៗជាច្រើន ឧទាហរណ៍ករណីយកឡាមទៅកាត់វីជេ អាណូ ដែលត្រូវរបួសធ្ងន់ធ្ងរ បំផ្លាញជីវិតរបស់គ្នានៅវ័យក្មេង ហើយនិងការបាញ់អ្នកចម្រៀងល្បីឈ្មោះមួយចំនួន ដែលដឹងថាមានទំនាក់ទំនងជាមួយនឹងអ្នកធំជាដើម។ ក្នុងករណីនេះគឺមិនពិបាកក្នុងការស៊ើបអង្កេតទេ បើសិនជាប៉ូលិសមានឆន្ទៈ ហើយខ្ញុំជឿជាក់ថា ប៉ូលិសដឹងថាតើជាអ្នកណាអ្នកប្រព្រឹត្ត ប៉ុន្តែសំណួរសួរថា តើប៉ូលិសពីដើមមកបានបំពេញតួនាទីរបស់ខ្លួនឬមួយក៏អត់? ចម្លើយខ្ញុំថា គឺអត់ទាន់បានបំពេញតួនាទីទេ បើសិនជាយើងដឹងហើយ យើងអត់រកយុត្តិធម៌ បានន័យថាយើងចូលរួមប្រព្រឹត្ត»។
លោកបានបន្តទៀតថា នគរបាលជាតិដែលស្ថិតក្រោមការដឹកនាំរបស់លោក ហុក ឡងឌី មិនបានជួយឲ្យមានសណ្ដាប់ធ្នាប់សង្គមនោះទេ ៖ «ហើយជាច្រើនឆ្នាំកន្លងមកនេះ ការដែលកូនអ្នកធំបាញ់គ្នានៅកណ្ដាលទីក្រុងភ្នំពេញជាដើម ពួកខាងប៉ូលិសដែលអ្នកមានប្រដាប់អាវុធគាត់កាន់កាំភ្លើងចូលទៅកន្លែងផឹកស៊ី កន្លែងរាំរែក ហើយឈានទៅដល់ការបាញ់ដែលមានគ្រោះថ្នាក់ដល់គ្នាឯង ឬមួយក៏មានគ្រោះថ្នាក់ដល់អ្នកដែលធ្វើការនៅក្នុងកន្លែងទាំងអស់នោះ ហើយនេះជាការមួយគំរាមកំហែងដល់អ្នករកស៊ី និងគំរាមកំហែងជាពិសេសដល់អ្នកទៅបំពេញការងារហ្នឹងដើម្បីចិញ្ចឹមជីវិត»។
គួរជម្រាបថា សពលោក ហុក ឡងឌី ត្រូវដង្ហែចេញពីគេហដ្ឋាននារាជធានីភ្នំពេញ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០០៨ ហើយត្រូវបញ្ចុះនៅវេលាម៉ោង៣រសៀលថ្ងៃដដែល នៅភូមិបាវិត ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង៕