ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវ៉េ កាលពីថ្ងៃពុធបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្រើប្រព័ន្ធ GPS ក្នុងការវាស់កំណត់ព្រំដែនរបស់ខ្លួន ដើម្បីការពារកុំឲ្យបាត់ទឹកដីរបស់ខ្លួនទៅប្រទេសវៀតណាម។
ការជំរុញរបស់ក្រុមនេះបានធ្វើឡើង នៅបន្ទាប់ពីមានការបោះតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ ដែលពលរដ្ឋខ្មែរនៅទីនោះអះអាងថា តម្រុយបង្គោលព្រំដែនបានបោះនៅលើដីស្រែរបស់ពួកគាត់ ហើយធ្វើឲ្យបាត់បង់ដែនដីរបស់កម្ពុជាប្រមាណ ១៦២ម៉ែត្រចូលក្នុងទឹកដីវៀតណាម។
អគ្គលេខាធិការនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក អៀ ចាន់ណា បានថ្លែងតាមទូរស័ព្ទពីប្រទេសន័រវ៉េ កាលពីថ្ងៃពុធ ថា ការបោះតម្រុយបង្គោលព្រំដែននោះត្រូវធ្វើឡើងឲ្យស្របទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ។ លោកបានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលខ្មែរថា កម្ពុជាត្រូវយកផែនទីរបស់ខ្លួន ដែលដាក់តម្កល់នៅក្នុងតុលាការអន្តរជាតិមកផ្ទៀងផ្ទាត់ ដើម្បីធ្វើការលើបញ្ហាព្រំដែន និងដើម្បីធានាឲ្យបានច្បាស់ថា ទឹកដីរបស់កម្ពុជាសូម្បី ១មិល្លីម៉ែត្រមិនត្រូវបាត់បង់ទៅឲ្យប្រទេសវៀតណាមឡើយ។
លោក អៀ ចាន់ណា បានបញ្ជាក់ថា ៖ «គឺត្រូវតែអនុញ្ញាតឲ្យមន្ត្រីសង្គមស៊ីវិល គណបក្សប្រឆាំង និងជាពិសេសប្រើប្រាស់ប្រព័ន្ធ GPS ដែលបង្ហាញយ៉ាងជាក់ច្បាស់ ពីព្រោះសព្វថ្ងៃនេះវាអត់ចាំបាច់ធ្វើការងារដូចកាលពីសម័យបូរាណ ដែលរាវរក ឬក៏វាស់វែងដោយប្រើម៉ែត្រនោះទេ។ គេប្រើតែប្រព័ន្ធ GPS ដែលមានលក្ខណៈទំនើប ហើយបង្ហាញយ៉ាងជាក់ច្បាស់ដោយអសុក្រិតភាពទៀតនោះ ហើយបង្ហាញទៅដល់មតិមហាជនយ៉ាងច្បាស់ថា ការធ្វើធានាឲ្យច្បាស់ថា ការបោះបង្គោលនេះពិតជាមិនបាត់បង់ទឹកដីខ្មែរទេ។ រដ្ឋាភិបាលត្រូវតែយកផលប្រយោជន៍ជាតិជាធំ ហើយត្រូវតែយកមតិរាស្ត្រ និងគោរពច្បាប់រដ្ឋធម្មនុញ្ញឲ្យបានត្រឹមត្រូវ។ យកផែនទីដែលមានតម្កល់ស្រាប់នៅក្នុងអង្គការសហប្រជាជាតិ យកមកធ្វើការទៅ យើងនឹងធ្វើការប្រកបដោយភាពត្រឹមត្រូវហើយ!»។
ទាក់ទិននឹងបញ្ហាព្រំដែននេះ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា មានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកនៅពុំទាន់ទទួលរបាយការណ៍អំពីបញ្ហាខាងលើនោះនៅឡើយទេ។ នៅថ្ងៃពុធម្សិលមិញនេះ វិទ្យុអាស៊ីសេរីបានព្យាយាមតាមទូរស័ព្ទសុំការបំភ្លឺពីលោក វ៉ា គឹមហុង ម្ដងទៀត ប៉ុន្តែទូរស័ព្ទរបស់លោករោទ៍ តែមិនមានអ្នកលើក។
ប៉ុន្តែលោក លោក ស៊ឹន សុធានី ប្រធានប្រធានក្រុមខណ្ឌសីមាបោះបង្គោលព្រំដែនគោកកម្ពុជាទី៤ បានថ្លែងប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃពុធ ថា ការអះអាងរបស់ប្រជាពលរដ្ឋដែលថា អាជ្ញាធរវៀតណាមបង្ខិតបង្គោលតម្រុយព្រំដែនរបស់ខ្លួនចូលទឹកដីកម្ពុជានោះ ជាការមិនពិត ប៉ុន្តែលោកបានទទួលស្គាល់ថា មានតម្រុយបង្គោលឈើលេខ២៧០ ជាតម្រុយបង្គោលព្រំដែនបណ្ដោះអាសន្ន។
លោក ស៊ឹន សុធានី បានអះអាងថា ៖ «បញ្ហាដែលប្រជាជនផ្អើលនោះ ខ្ញុំបានសួរផ្ទាល់ចំពោះលោក ឃឹម ប៉ាក។ សួរចុះសួរឡើងទៅគាត់អត់មានដីទាក់ទងនឹងកន្លែងហ្នឹងទេ! ដីរបស់គាត់មានប្រវែងពីរបីរយម៉ែត្រ ប្រហែលឆ្ងាយដែរ! គាត់គ្រាន់តែឃើញបង្គោល គាត់តម្រង់ខ្លួន គាត់ថាបាត់ដីស្រែ អ៊ីចឹងគាត់ផ្អើលឆោឡោ។ ហើយចំណុចមួយទៀតដែលថា ដកបង្គោលឈើមានទង់ជាតិវៀតណាមហ្នឹង តាមពិតគឺអត់មានទេ។ អត់មានទង់ជាតិវៀតណាម អត់មានអីផង ក៏ប៉ុន្តែគ្រាន់តែជាបង្គោលតម្រុយឈើ និងមានសរសេរ លេខ ២៧០ តែប៉ុណ្ណឹងទេ គឺលេខទីតាំងបង្គោលព្រំដែនបណ្ដោះអាសន្ន មិនមែនជាបង្គោលថ្មទេ យើងអត់ទាន់ធ្វើបង្គោលថ្ម ហើយខ្ញុំសូមជម្រាបថា ការអនុវត្តលើដី មិនមែនដូចគាត់ថា សុទ្ធតែវៀតណាមទេណា៎! ម្សិលមិញគាត់ឈរមើលពីចម្ងាយ គាត់ថាសុទ្ធតែវៀតណាម តាមពិតវៀតណាមពាក់កណ្ដាល ខ្មែរពាក់កណ្ដាល»។
ក្រុមអ្នកវិភាគនិយាយថា បញ្ហាព្រំដែនខាងកើតរបស់ប្រទេសកម្ពុជាជាចំណុចដ៏រសើបសម្រាប់រដ្ឋាភិបាលទីក្រុងភ្នំពេញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ក្រាបយ៉ាងខ្លាំងដល់ក្រុមសកម្មជនដែលហ៊ានប្រឆាំងជំទាស់នឹងសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាព្រំដែនគោករវាងកម្ពុជានិងវៀតណាម ក្នុងឆ្នាំ១៩៨៥ ដែលគេចាត់ទុកថាជាសន្ធិសញ្ញាខុសច្បាប់ ហើយរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យសន្ធិសញ្ញានោះទៅជាសន្ធិសញ្ញាស្របច្បាប់វិញ នៅឆ្នាំ២០០៥។ ក្រុមអ្នកតវ៉ានិយាយថា សន្ធិសញ្ញានោះធ្វើឲ្យបាត់បង់ដែនដីគោករបស់កម្ពុជា ចាប់ពីខេត្តកំពត រហូតដល់តំបន់កន្ទុយនាគ ខេត្តរតនគិរី។
ក្រុមអ្នកឃ្លាំមើលនិយាយថា ទាក់ទិននឹងការតវ៉ាសន្ធិសញ្ញាបំពេញបន្ថែមនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យចាប់សកម្មជនមួយចំនួនដាក់ពន្ធនាគារ មួយចំនួនភៀសខ្លួនចេញក្រៅប្រទេស។ លោក ហ៊ុន សែន ក៏បានគំរាមរំលាយរបបរាជានិយមផងដែរ ប្រសិនបើព្រះមហាក្សត្រមិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមនោះ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «ខ្ញុំនិយាយជាមួយសម្ដេចក្រុមព្រះហើយ ខ្ញុំថា ព្រះអង្គនិយាយប្រាប់ឯកឧត្ដម ស៊ុន ចាន់ថុល, កុល ផេង, អ៊ឹង កន្ថាផាវី, ស៊ីសុវត្តិ ប៉ាន់ណារ៉ា លើយន្តហោះ ហើយខ្ញុំបានប្រាប់សម្ដេចក្រុមព្រះពេលជួបតាមទូរស័ព្ទ ខ្ញុំថា ព្រះអង្គបើរឿងនេះវាពិបាកស៊ីញ៉េ ត្រូវតែពិនិត្យឡើងវិញថា យើងគួរទុករាជានិយម ឬធ្វើជាសាធារណរដ្ឋ ឲ្យវាមានប្រធានាធិបតីតែម្ដង ឬយ៉ាងហោចណាស់ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញនូវមាត្រាណាមួយ តែកាលណាដាក់ទៅក្នុងរង្វង់ប៉ុន្មានថ្ងៃ ត្រូវចុះហត្ថលេខា ឬឡាយព្រះហស្តលេខា ហើយបើមិនឡាយព្រះហស្តលេខាទេ គឺនឹងចូលជាធរមាន»។
កាលពីខែមករា ឆ្នាំ២០០៩ តុលាការខែត្រស្វាយរៀងបានកាត់ទោសប្រជាពលរដ្ឋខ្មែរ ២នាក់ឲ្យជាប់គុករយៈពេល ២ឆ្នាំ ពីបទបំផ្លាញសម្បត្តិសាធារណៈ ដោយសារពួកគេបានចូលរួមជាមួយលោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ចុះដកបង្គោលតម្រុយព្រំដែន ដែលអ្នកភូមិនៅទីនោះអះអាងថាបានបោះនៅលើដីស្រែរបស់ពួកគាត់។ តុលាការខេត្តស្វាយរៀងក៏បានកាត់ទោសលោក សម រង្ស៊ី កំបាំងមុខឲ្យជាប់គុករយៈពេល ២ឆ្នាំផងដែរ ខណៈលោក សម រង្ស៊ី កំពុងរស់នៅនិរទេសក្នុងប្រទេសបារាំង៕