ប្រវត្តិ​តស៊ូ​របស់​ស្រ្ដី​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​​

ស្រី្ត​ខ្មែរ​អ្នក​ក្រីក្រ​ប្រកប​របរ​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ ជា​ទូទៅ​គេ​ពុំ​សូវ​ឃើញ​​មាន​ទេ ហើយ​រឹត​តែ​កម្រ​មាន​ទៅ​ទៀត​ចំពោះ​យុវនារី​ខ្មែរ​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទៅ​ហើយ​មក​ប្រកប​របរ​នេះ។

នៅ​ទល់​មុខ​សណ្ឋាគារ​អានីស ខាង​លិច​វត្ត​លង្កា ក្រុង​ភ្នំពេញ យុវតី​មួយ​រូប​បញ្ជា​ម៉ូតូ​សណ្តោង​ដោយ​កន្ទុយ​រ៉ឺម៉ក​ដែល​គេ​និយម​ហៅ​ថា​តុកតុក។ នាង​បើក​យ៉ាង​ប្រុង​ប្រយ័ត្ន ខ្លាច​ប៉ះ​រថយន្ត​ដែល​ចត​តាម​ផ្លូវវ​ដើម្បី​មក​រង់ចាំ​ដឹក​ភ្ញៀវ។

បុប្ផា ឌុច អាយុ​២៤​ឆ្នាំ គឺ​ជា​និស្សិត​បញ្ចប់​មុខ​វិជ្ជា​គណនេយ្យ​ពី​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង តាំង​ពី​ឆ្នាំ​២០០៧ ហើយ​ក៏​បាន​ចាប់​ផ្តើម​រក​ស៊ី​រត់​ម៉ូតូ​កង់​៣​នេះ​បាន​៦​ខែ ក្រោយ​ពី​ការ​ស្វែង​រក​ការងារ​ជា​ច្រើន​កន្លែង​មិន​បាន​ធ្វើ។

កញ្ញា បុប្ផា ឌុច បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ចំពោះ​ពេល​យប់​ខ្ញុំ​ចាំ​ប្អូន​ខ្ញុំ​ចេញ​ពី​ធ្វើ​ការ។ គាត់​ធ្វើការ​នៅ​ភោជនីយដ្ឋាន​អាល្លឺម៉ង់​ឈ្មោះ OCEAN ដូច្នេះ​ខ្ញុំ​ត្រូវ​ចាំ​ប្អូន​ស្រី​ខ្ញុំ ដើម្បី​ទៅ​ផ្ទះ​បាន​ដំណាល​គ្នា។ ខ្ញុំ​ត្រូវ​រង់ចាំ​ដល់​ម៉ោង​១០​យប់។ អ៊ីចឹង​នៅ​ពេល​ដែល​ភ្ញៀវ​ចប់​ញ៉ាំ​អាហារ គេ​ចេញ​មក គេ​ត្រូវ​ការ​កង់​៣​ឲ្យ​ខ្ញុំ​ដឹក​នៅ​ពេល​រង់​ចាំ​ប្អូន​នោះ ខ្ញុំ​អាច​ដឹក​ភ្ញៀវ​បាន។ ម្យ៉ាង​បើ​និយាយ​ពី​សុវត្ថិភាព​ខ្ញុំ​ពេល​យប់​នោះ ខ្ញុំ​មាន​ពួកម៉ាក​ខ្ញុំ​រត់​កង់​៣​ដែរ ពេល​មាន​ការ​អី​យើង​អាច​ទូរស័ព្ទ​ហៅ​គ្នា​មក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»

បុប្ផា ឌុច បន្ត​ថា គ្រួសារ​នាង​មិន​សូវ​មាន​ប្រាក់​ដោយសារ​ឪពុក​ពិការ ម្តាយ​ធ្វើ​គ្រូ​បង្រៀន ប្អូន​ស្រី​រៀន​ផង​ធ្វើការ​យប់​ផង ប្រាក់​កម្រៃ​មិន​អាច​ចាយ​គ្រប់ នាង​ក៏​រក​ស៊ី​ទទួល​លក់​សំបុត្រ​រថយន្ត​ក្រុង​យក​កម្រៃ​ចំណេញ។ ក្រោយ​មក​ដោយ​នាង​ចេះ​ភាសា​បរទេស​ស្ទាត់​ជំនាញ ក៏​មាន​ជនជាតិ​អូស្រ្តាលី​ម្នាក់​បាន​ជួយ​ឲ្យ​នាង​មាន​មុខ​របរ ដោយ​គេ​ជួយ​ទិញ​ម៉ូតូ​និង​កន្ទុយ​រ៉ឺម៉ក​ឲ្យ​នាង​រត់​ដឹក​ភ្ញៀវ​រហូត​មក​ដល់​ពេល​នេះ។

កញ្ញា បុប្ផា ឌុច បាន​បន្ត​ដូច្នេះ ៖ «ចំពោះ​ការ​បើក​បរ​ដឹក​ភ្ញៀវ​ខ្ញុំ​មិន​សូវ​បើក​លឿន​ប៉ុន្មាន​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា កម្លាំង​ខ្ញុំ​ខ្សោយ​មិន​អាច​បើក​លឿន​ដូច​ប្រុស​បាន​ទេ។ ពេល​ខ្លះ​ភ្ញៀវ​គេ​ចង់​ឲ្យ​យើង​បើក​លឿន ខ្ញុំ​ក៏​ប្រាប់​គាត់​វិញ​ថា ផ្លូវ​និង​ការ​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ស្រុក​ខ្មែរ គឺ​មិន​អាច​បើក​លឿន​ដូច​នៅ​ស្រុក​អ្នក​ឯង​បាន​ទេ ស្រុក​អ្នក​ឯង​ទំនង​ជា​ផ្លូវ​ធំ ហើយ​អត់​រញ៉េរញ៉ៃ​ដូច​នៅ​ភ្នំពេញ ដែល​មិន​អាច​បើក​លឿន​បាន​ទេ ហើយ​ខ្ញុំ​ជា​ស្រី មិន​អាច​បើក​លឿន​ដូច​ប្រុសៗ​បាន​ទេ។ ភ្ញៀវ​ក៏​យល់។ ពេល​បើក​បរ​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ ខ្ញុំ​ឧស្សាហ៍​ងាក​មើល​ឆ្វេង​មើល​ស្តាំ ដោយសារ​ខ្ញុំ​អត់​ចេះ​ប្រើ​របៀប​មើល​កញ្ចក់​ដាក់​នៅ​ដៃ​ម៉ូតូ ដែល​សម្រាប់​មើល​ទៅ​ខាង​ក្រោយ បន្ទាប់​មក​ជា​សំខាន់ គឺ​ខ្លាច​បើក​បរ​ប៉ះ​ឡាន​គេ​តែម្តង ព្រោះ​ថា ឡាន​ក្នុង​ទីក្រុង​មិន​មែន​តម្លៃ​ថោក​នោះ​ទេ ស៊េរី​ទំនើប​ថៃ្លៗ បើ​ហ៊ាន​តែ​ឆ្កូត រលាត់​ថ្នាំ​ឡាន​គេ​បន្តិច គេ​ទារ​សុទ្ធ​តែ​២​ទៅ​៣០០​ដុល្លារ តើ​ខ្ញុំ​មាន​លុយ​ឯ​ណា​សង បើ​ក្នុង​១​ថ្ងៃ ខ្ញុំ​អាច​រក​បាន​តែ​៥​ទៅ​១០​ដុល្លារ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្រយ័ត្ន។ ពេល​ខ្លះ​ដឹក​ភ្ញៀវ​ហត់​សឹង​ងាប់ ភ្ញៀវ​ឲ្យ​លុយ​ថោកៗ ពិសេស​គឺ​ភ្ញៀវ​ខ្លះ​គេ​មិន​សូវ​យល់ ព្រោះ​អ្វីៗ​គ្រប់​បែប​យ៉ាង ដូច​ជា​សាំង ទំនិញ ការ​ចំណាយ​រស់​នៅ ម្ហូប​អាហារ​សុទ្ធ​តែ​ថ្លៃៗ ប៉ុន្តែ​អ្នក​ជិះ​ដឹង​តែ​ពី​ឲ្យ​ថោកៗ មិន​បាន​គិត​ថា ប្រាក់​ដែល​យើង​រក​បាន​នោះ​ទៅ​ចាយ​លើ​ការ​រស់​នៅ​នោះ​ឡើយ»

កញ្ញា​ថា នៅ​ពេល​សាកល្បង​ធ្វើ​ជា​អ្នក​ដឹក​ភ្ញៀវ​ទេសចរណ៍​ដំបូង​លំបាក​ណាស់ គាត់​ស្ទើរ​តែ​បោះ​បង់​ចោល​របរ​នេះ​កណ្តាល​ទី ដោយសារ​ម៉ូតូ​កង់​៣​ធ្ងន់​និង​ឃ្លេងឃ្លោង។ រី​ឯ​ភ្ញៀវ​២​នាក់​ដែល​ជិះ​ក្នុង​រ៉ឺម៉ក មាឌ​ធំៗ ហើយ​នាង​ត្រូវ​ដឹក​គេ​ឲ្យ​ដល់​ទី​ដៅ​ដើម្បី​ទស្សនា​នៅ​តំបន់​ពិឃាដ​បឹង​ជើងឯក។

បុប្ផា ឌុច ឲ្យ​ដឹង​ថា នាង​មាន​ការ​ខ្មាស​អៀន​ដែរ នៅ​ពេល​មាន​តែ​ស្រ្តី​ម្នាក់​ឯង​ទៅ​ប្រក​របរ​ដូច​បុរស ប៉ុន្តែ​ដើម្បី​ប្រាក់​ត្រូវ​ទុក​ភាព​ខ្មាស​អៀន​សិន។ កញ្ញា​បន្ត​ថា ក្រុម​គ្រួសារ​ដទៃ​ទៀត​បាន​ឲ្យ​កូន​ស្រី​តុបតែង​ខ្លួន មាន​ប្រាក់​ចាយ​សប្បាយ​ហ៊ីហា ផ្ទុយ​ពី​រូប​នាង​ត្រូវ​ប្រឹង​រក​ប្រាក់​ជួយ​ក្រុម​គ្រួសារ។

កញ្ញា បុប្ផា ឌុច ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «ពេល​រត់​ម៉ូតូ​នេះ​ដំបូង​គឺ​មាន​អារម្មណ៍​ថា លំបាក​ខុស​ពី​ការ​ជិះ​ម៉ូតូ​ធម្មតា។ ខុស​គ្នា​នោះ គឺ​ជិះ​ម៉ូតូ​ធម្មតា​អាច​ឌុប​គ្នា​តែ​២​នាក់ ប៉ុន្តែ​ម៉ូតូ​កង់​៣​ជិះ​គ្នា​៤-​៥​នាក់ ហើយ​ម៉ូតូ​កង់​៣ វា​មាន​ទំហំ​ប្រហាក់​ប្រហែល​ឡាន​និង​ឃ្លេងឃ្លោង ហើយ​យើង​ស្រី​កម្លាំង​ខ្សោយ​ខំ​ទប់។ ដូច​កាល​ពី​ដំបូង ខ្ញុំ​ដឹក​ភ្ញៀវ​២​នាក់​ទៅ​ជើងឯង។ ខ្ញុំ​ភ័យ​មែន​ទែន ដោយ​ការ​លំបាក​នោះ​សឹង​តែ​ដឹក​ភ្ញៀវ​មិន​ដល់​ជើងឯក ប៉ុន្តែ​ខំ​តាំង​ស្មារតី ទោះ​បី​មាន​ឡាន​ធំៗ​បើក​ជិត ក៏​ខំ​ពង្រឹង​ស្មារតី​ដែរ ព្រោះ​ភ្ញៀវ​២​នាក់​ជា​ជន​បរទេស គាត់​រំពឹង​ជីវិត​មក​លើ​យើង​ជា​អ្នក​បញ្ជា​យាន្ត​លើ​ផ្លូវ បើ​យើង​ធ្វើ​ឲ្យ​ប្រហែស គេ​លែង​ជឿ​យើង​ជា​ស្រី​ចេះ​បើក​បរ​ដឹក​ភ្ញៀវ ។ នោះ​ហើយ​ជា​បទពិសោធន៍​របស់​យើង​ដែល​ត្រូវ​តែ​ប្រឹង​ដឹក​ភ្ញៀវ​ឲ្យ​បាន​ដល់​ទី​ដៅ»

បុប្ផា ឌុច បន្ត​ថា ក្រៅ​ពី​រត់​រ៉ឺម៉ក​ម៉ូតូ​នេះ គេ​ត្រូវ​ជន​បរទេស​ដែល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជួល​គាត់​ឲ្យ​ដឹក​កូន​របស់​គេ​និង​ភរិយា​គេ​ទៅ​សាលារៀន​និង​ទៅ​ធ្វើការ ដោយ​គិត​កម្រៃ​ឈ្នួល​២០០ដុល្លារ​ក្នុង​១​ខែ។ ទន្ទឹម​នោះ បុប្ផា ឌុច ក៏​មាន​រក​ស៊ី​លក់​សំបុត្រ​យន្តហោះ​និង​សំបុត្រ​រថយន្ត​ក្រុង​ផង​ដែរ ដើម្បី​សន្សំ​កម្រៃ​នោះ ក្រែង​អាច​សម្រេច​បំណង​ដែល​រំពឹង​ថា នឹង​ក្លាយ​អ្នក​លក់​ម្ហូប​អាហារ​បរទេស​នា​ពេល​អនាគត។

កញ្ញា បុប្ផា ឌុច បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ឥឡូវ​ខ្ញុំ​មាន​ភ្ញៀវ​ខែ គឺ​១​ខែ​គេ​ឲ្យ​កម្រៃ​២០០​ដុល្លារ​ឲ្យ​ឈ្នួល​ដឹក​កូន​គាត់​ទៅ​រៀន​រាល​ថ្ងៃ។ ពេល​ព្រឹក​ម៉ោង​៦ ហើយ​ម៉ោង​៦​និង​២០​នាទី​ដឹក​ប្រពន្ធ​គាត់​ទៅ​ធ្វើការ។ ដឹក​ប្រមាណ​ជា​៣​ទៅ​៤​ម៉ោង​ក្នុង​១​ថ្ងៃ។ កម្រៃ​រក​បាន​ក្នុង​១​ខែ​ប្រហែល​ជា​២០០​ទៅ​៣០០​ដុល្លារ»

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​និង​រ៉ឺម៉ក​កង់​៣​ដូច បុប្ផា ឌុច ដែរ បាន​សរសើរ​ថា នាង​ជា​ក្មេង​ចេះ​អត់ធ្មត់ និង​ជា​ស្រ្តី​ដែល​បាន​រក្សា​ប្រពៃណី​ជាតិ​របស់​ខ្លួន​បាន​ខ្ជាប់ខ្ជួន ជា​ក្មេង​ចេះ​ដឹង​ទាប​ខ្ពស់ ចាស់​ក្មេង។ នាង​មាន​រហ័សនាម​ថា​ស្កាយ (Sky) ដែល​ខាង​បុរសៗ​ស្គាល់​នាង និង​ហៅ​នាង​ថា នាង​ស្កាយៗ ៖ «ពេល​ឃើញ​នាង​ចេះ​បើក​បរ​ម៉ូតូ​កង់​៣​នេះ ខ្ញុំ​គិត​ថា នាង​ដូច​ជា​ឡូយ​ណាស់ មនុស្ស​ស្រី​ដែល​មាន​សមត្ថភាព​អាច​បើក​បរ​ម៉ូតូ​រត់​ឌុប​បាន»

ក្រុម​បុរសៗ​ខ្លះ​ទៀត​បាន​សរសើរ បុប្ផា ឌុច ថា នាង​ធ្លាប់​តែ​រង​នូវ​ការ​លំបាក ហើយ​ប្រឹង​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង​ប្រឆាំង​នឹង​ភាព​លំបាក បាន​ជួយ​ការងារ​និង​រក​ប្រាក់​បាន​ច្រើន​ជួយ​ដល់​ក្រុម​គ្រួសារ ពួក​គេ​រំពឹង​ថា កញ្ញា បុប្ផា ឌុច ឬ​នាង ស្កាយ នេះ អាច​សម្រេច​បំណង​នៃ​ក្តី​សង្ឃឹម​នា​ពេល​អនាគត ៖ «គេ​អាច​មាន​គំនិត​ច្នៃប្រឌិត​ប្រកប​មុខ​របរ​បើក​តុកៗហ្នឹង ខ្លាំង​ជាង​មនុស្ស​ប្រុស ដោយសារ​គេ​ជា​ស្រី តែ​ចេះ​រក​លុយ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​របស់​គេ»

ប្រភព​ពី​កញ្ញា បុប្ផា ឌុច បាន​ឲ្យ​ដឹង​ថា មាន​ស្រ្តី​២​នាក់​ទៀត​បាន​រត់​ម៉ូតូ​កង់​៣​នេះ​ដែរ និង​មាន​ស្រ្តី​ម្នាក់​ទៀត​បាន​រត់​ម៉ូតូ​ឌុប​ក្នុង​ទីក្រុង​ភ្នំពេញ៕