ខ្មែរ​ក្រោម​ម្នាក់​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​បំផ្លើស​ការ​ពិត

តុលាការ​វៀតណាម​ក្នុង​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​១៩ មីនា​នេះ បាន​កាត់​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ លោក ហ្វិន បា ឲ្យ​ជាប់​គុក ២​ឆ្នាំ ក្រោម​បទ​ចោទ​ថា បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​បំផ្លើស​ពី​ការ​ពិត ប៉ះ​ពាល់​កិត្តិយស​កម្មាភិបាល​វៀតណាម ក្នុង​រឿង​តវ៉ា​ទាមទារ​ដីធ្លី​និង​បាន​ដឹកនាំ​ការ​តវ៉ា​ដីធ្លី​កន្លង​មក។

0:00 / 0:00

ប្រភព​បាន​ឲ្យ​ដឹង​ថា លោក ហ្វិន បា កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក នៅ​ខេត្ត​ឃ្លាំង ដោយ​គេ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​ចូល​សួរ​សុខ​ទុក្ខ​ទេ។

ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ស្រុក​បឹងសន្សា ខេត្ត​ឃ្លាំង ប្រទេស​វៀតណាម ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម ដែល​ធ្លាប់​បាន​ចូល​រួម​តវ៉ា​ទាមទារ​ដីធ្លី​កន្លង​មក​ជាមួយ​លោក ហ្វិន បា បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «ហ្វិន បា គេ​កាត់​ទោស​ពី​ម្សិល​មិញ (១៩ មីនា) ​រួច​ហើយ។ ខ្ញុំ​ធ្លាប់​ដើរ​ទៅ​ប្ដឹង​រឿង​ទឹក​ដី​ជាមួយ ហ្វិន បា ជា​មិត្ត​ភក្ដិ​ស្គាល់​គ្នា ទៅ​ជួប»

ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​នៅ​ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បាន​ថែ្លង​ថា ៖ «សោក​ស្ដាយ​ដែរ ព្រោះ​ថា យើង​ខំ​ធ្វើ​អស់​ដើម​អស់​ចុង​មួយ​គំនរ ហើយ​គេ​យក​អស់​អ៊ីចឹង​ធ្វើ​ម៉េច​ទៅ? ទាមទារ​ឲ្យ​ដោះ​លែង​វិញ បើ​គេ​មិន​ឲ្យ​ជួប​សោះ​អ៊ីចឹង បើ​សិន​ជា​គេ​ធ្វើ​បាប​ក៏​គ្មាន​នរណា​ដឹង​ដែរ»

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​សៅរ៍​នេះ លោក ហ្វិន បា បាន​រង​ការ​ចាប់​ខ្លូន​ដោយ​នគរបាល​វៀតណាម កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៩ កន្លង​ទៅ ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត​ឃ្លាំង ដោយ​បាន​បង្អត់​អាហារ កាត់​សក់ បង្អាប់​កិត្តិយស រហូត​ដល់​តុលាការ​បើក​ការ​កាត់​ទោស កាល​ពី​ថៃ្ង​ទី​១៩ ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ ក្រោម​មាត្រា​ទី​១០៤ និង​មាត្រា​ទី​២៥០ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស​វៀតណាម ដោយសារ​តែ​លោក​បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី បំផ្លើស​ការ​ពិត ប៉ះពាល់​ដល់​កិត្តិយស​កម្មាភិបាល​វៀតណាម។

ព្រះ​ភិក្ខុ​សង្ឃ​ព្រះ​នាម ថាច់ សុវណ្ណារ៉ា ជា​អ្នក​នាំ​ពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ព្រះ​ថេរដីកា​ថា ៖ «អយុត្តិធម៌​បំផុត​ចំពោះ​លោក ហ្វិន បា ហ្នឹង​ឯង។ រដ្ឋាភិបាល​យួន​បាន​គំរាម​កំហែង រំលោភ​សិទ្ធិ​សេរីភាព​របស់​លោក ហ្វិន បា ព្រោះ​លោក ហ្វិន បា មិន​ធ្វើ​អី​ខុស​ទេ គ្រាន់​តែ​ទាមទារ​ដី​ធ្លី​របស់​លោក​ប៉ុណ្ណោះ​ដែល​រដ្ឋាភិបាល​យួន​អូស​យក ដល់​ពេល​លោក​ធ្វើ​ទៅ​បាន​ចេញ​ដីកា​មក​ចាប់​លោក​យក​ទៅ​ដាក់​ពន្ធនាគារ កាត់​ទោស​លោក​ថា លោក​ធ្វើ​បះបោរ​អំពី​នយោបាយ»

ជាមួយ​គ្នា​នេះ​ព្រះ​សង្ឃ យឿង ស៊ិន ជា​ប្រធាន​សហគមន៍​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ព្រះ​ថេរដីកា​ជាមួយ​ពាក្យ​ធ្ងន់ៗ​ថា ៖ «និយាយ​ពី​វៀតណាម វា​អត់​ត្រូវ​ទេ និយាយ​យួន។ អា​យួន​គំនិត​វា​តែ​ប៉ុណ្ណឹង ចរិត​យួន។ យើង​ថា វៀតណាម​វា​មិន​នេះ​ទេ បើ​ថា​រឿង​យួន ចារិត​វា​តែ​ប៉ុណ្ណឹង»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​មន្ត្រី​នៃ​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ជា​ថ្ងៃ​ឈប់​សម្រាក។

លោក ហ្វិន បា ធ្លាប់​បាន​ដឹក​នាំ​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​នាក់​កាល​ពី​ឆ្នាំ​២០០១ រហូត​ដល់​ឆ្នាំ​២០០៩ កន្លង​ទៅ ដើម្បី​ទាមទារ​ដីធ្លី​កសិកម្ម​របស់​ប្រជាជន​ខ្មែរ​ក្រោម​ដែល​ជា​កេរ​ពី​ដូន​តា ហើយ​ដែល​រង​ការ​រឹប​អូស​យក​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ចាប់​តាំង​ពី​ឆ្នាំ​១៩៧៨ ដើម្បី​បែក​ចែក​ជា​សមូហភាព៕