អតីត​អ្នក​រួច​ជីវិត​ពី​គុក​ទួលស្លែង​ម្នាក់​ឆ្លើយ​បំភ្លឺ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម

«អ្នក​ទោស​និង​អ្នក​យាម​ហ្នឹង វា​ដូច​មិន​មែន​មនុស្ស​និង​មនុស្ស វា​ដូច​ជា​សត្វ។ សត្វ​ចិញ្ចឹម​ក៏​គេ​ឲ្យ​បាយ​ហូប​ដែរ នេះ​ដូច​ជា​មិន​មែន​សត្វ​ទេ ដូច​ជា​ស្អី គេ​ធ្វើ​បាប​ហួស​ហេតុ​ពេក»។ នេះ​គឺ​ជា​សំឡេង​របស់​លោក វ៉ាន់ ណាត។

0:00 / 0:00

លោក​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​ពី​គុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម​ចំនួន​ជាង ១០​នាក់​ដែល​បាន​ចូល​ផ្ដល់​សក្ខីកម្ម​ជា​លើក​ដំបូង​ក្នុង​អង្គ​សវនាការ​របស់​តុលាការ​ខ្មែរ​ក្រហម។

លោក វ៉ាន់ ណាត ដែល​បាន​រួច​ជីវិត​ពី​គុក​ទួលស្លែង​ដោយសារ​តែ​គាត់​ចេះ​គូរ​រូប​នោះ បាន​រៀបរាប់​ប្រាប់​អង្គ​សវនាការ​អំពី​ហេតុការណ៍​ដែល​គាត់​បាន​ជួប​ប្រទះ តាំង​ពី​ពេល​ត្រូវ​បាន​គេ​ចាប់ខ្លួន​រហូត​ដល់​ពេល​ដែល​គេ​បញ្ជូន​រូប​គាត់​ដល់​ក្រុង​ភ្នំពេញ តាម​រយៈ​ការ​សាកសួរ​របស់​ប្រធាន​ចៅក្រម​អង្គ​ជំនុំ​ជម្រះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម គឺ​លោក និល ណុន ក្នុង​សវនាការ​លើ​ករណី​របស់​អតីត​ប្រធាន​មន្ទីរ​ស-​២១ ឬ​គុក​ទួលស្លែង កាំង ហ្កេក​អ៊ាវ ហៅ ឌុច នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មិថុនា។

លោក វ៉ាន់ ណាត បាន​ឲ្យ​ដឹង​ថា រូប​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក្នុង​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩៧៧ ខណៈ​ដែល​គាត់​កំពុង​តែ​ប្រមូល​ផល​ស្រូវ​នៅ​ឯ​ការដ្ឋាន ហើយ​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ក្នុង​វត្ត​កណ្ដាល ដែល​លោក​មិន​ដឹង​ថា​រូប​លោក​បាន​ប្រព្រឹត្ត​នូវ​ទោស​កំហុស​អ្វី​សោះ ដោយ​ពេល​នោះ​កង​កម្លាំង​ឆ្នាំ​គុក​ខ្មែរ​ក្រហម​ចោទ​សួរ​ថា​តើ​លោក​បាន​ដឹកនាំ​ការ​ប្រជុំ​ប៉ុន្មាន​ដង ហើយ​ប្រជុំ​ជាមួយ​អ្នកណា​ខ្លះ។

លោក វ៉ាន់ ណាត ថ្លែង​ដូច្នេះ​ថា ៖ «គេ​ថា​ឥឡូវ​កុំ​ឲ្យ​ឈឺ​ខ្លួន​ទាន់ រក​នឹក​ទៅ អង្គការ​មិន​មែន​ភ្លើ​ចាប់​មនុស្ស​អត់​មាន​កំហុស​មក​ទេ ឥឡូវ​មិត្ត​ឯង​រក​នឹក​ទៅ»

លោក វ៉ាន់ ណាត បាន​បន្ថែម​ថា នៅ​ក្នុង​គុក​វត្ត​កណ្ដាល ដោយ​គាត់​គ្មាន​ចម្លើយ​សារភាព​ដល់​ក្រុម​ឆ្មាំ​គុក រូប​គាត់​បាន​រង​នូវ​ទារុណកម្ម​យ៉ាង​ដំណំ ៖ «គេ​យក​ខ្សែ​ភ្លើង​មក​ដល់ គេ​ភ្ជាប់​ចរន្ត​ទៅ ភ្ជាប់ចរន្ត​ហ្នឹង​ខ្ញុំ​លែង​ដឹង​អី​បាត់​ហើយ ប្រកាច់​មិន​ដឹង​ប៉ុន្មាន​ដង​ទេ គ្រាន់​តែ​ភ្ញាក់​ដឹង​ខ្លួន​ឡើង ខ្ញុំ​ដេក​នៅ​លើ​ការ៉ូ​ហ្នឹង គេ​ជះ​ទឹក​លើ​ក្បាល ហើយ​គេ​សួរ​ទៀត»

លោក វ៉ាន់ ណាត បាន​រៀបរាប់​បន្ត​ថា រូប​គាត់​ត្រូវ​បាន​គេ​បញ្ជូន​ពី​គុក​វត្ត​កណ្ដាល​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៨ ទៅ​កាន់​មន្ទីរ​ស-​២១ ឬ​គុក​ទួលស្លែង​ក្នុង​ក្រុង​ភ្នំពេញ។

លោក វ៉ាន់ ណាត ក៏​បាន​បាន​បន្ត​ឲ្យ​ដឹង​ផង​ដែរ​នូវ​ព្រឹត្តិការណ៍​ដែល​លោក​បាន​ជួប​ប្រទះ​នៅ​ក្នុង​គុក​ទួលស្លែង ដោយ​លោក​បាន​ថ្លែង​ថា​ជីវិត​របស់​អ្នក​ទោស​ក៏​ដូច​ជា​រូប​លោក​នៅ​ទី​នោះ​អន់​ជាង​សត្វ​ទៅ​ទៀត ៖ «កុំ​តែ​មាន​សត្វ​អី​មក​រោម​ភ្លើង​ធ្លាក់​ចូល​មួយ​អត់​បាន​ទេ ធ្លាក់​ចូល​នៅ​ក្បែរ​ខ្លួន ដាក់​ក្នុង​មាត់​ផ្លុប ទំពារ​លេប ហើយ​បើ​សិន​តែ​ឆ្មាំ​គុក​ឃើញ ចូល​មក​គេ​សួរ​អ្ហែង​ស៊ី​អី? ខ្ញុំ​ខ្ទប់​មាត់​ថា អត់​ទេ​បងៗ តែ​អត់​ខ្ជាក់​ចេញ​មក​វិញ​វា​វ៉ៃ​ហើយ ដោះ​ស្បែក​ជើង​វ៉ៃ​ហើយ វ៉ៃ​ទាល់​តែ​ខ្ជាក់​ចេញ​កណ្ដូប ចេញ​ចង្រិត​មក​វិញ»

ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​ជា​លើក​ដំបូង សាក្សី​រូប​នេះ​បាន​បន្ថែម​ឲ្យ​ដឹង​ថា រូប​គាត់​ត្រូវ​បាន​សាកសួរ​អំពី​ប្រវត្តិ​នៃ​អាជីព​របស់​គាត់​ជា​ជាង​គំនូរ​ ដោយ​មេ​គុក​ទួលស្លែង​ គឺ​ ឌុច ដែល​កាលណោះ​ រូប​គាត់​ផ្ទាល់​មិន​ដឹង​ថា​ ឌុច ជា​អ្នកណា ហើយ​មាន​តួ​នាទី​ជា​អ្វី​ទេ​ ដោយ​គ្រាន់​តែ​ឮ​គេ​ហៅ​ ឌុច ថា​ «បង​ខាង​កើត​ៗ» ប៉ុណ្ណោះ។

ក្រោយ​មក លោក វ៉ាន់ ណាត ត្រូវ​បាន​គេ​ឲ្យ​គូរ​រូប​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​រូប​របស់​ ប៉ុល ពត តែ​ម្ដង ដែល​លោក​សន្មត​ថា ការ​គូរ​រូប​នោះ​ហើយ​ដែល​បាន​សង្គ្រោះ​ជីវិត​របស់​លោក៕