ហេតុការណ៍នោះកើតឡើងបន្ទាប់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំព្រះកាយព្រះសង្ឃពីរព្រះអង្គទៅសាកសួរ ដោយសារព្រះតេជព្រះគុណទាំងពីរអង្គនោះសូត្រធម៌ស្រោចទឹករំដោះគ្រោះឲ្យកម្មកររោងចក្រ យ៉ាក់ជីង (Yak Jing) ដែលធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ផ្សេងៗអស់រយៈពេល ៣ថ្ងៃ មកហើយនោះ។
ក្រុមកម្មកររោងចក្រ យ៉ាក់ជីន ស្ថិតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្អាកការធ្វើកូដកម្មនៅមុខរោងចក្រ ដោយងាកទៅតវ៉ានៅមុខសាលាសង្កាត់ និងបន្តដំណើរថ្មើរជើងលើកបដាស្រែកទាមទារតាមបណ្ដោយផ្លូវជាតិលេខ៤ វិញ។ ការធ្វើបែបនេះ មកពីនគរបាលខណ្ឌពោធិ៍សែនជ័យ នាំព្រះកាយព្រះតេជព្រះគុណពីរព្រះអង្គដែលមកសូត្រធម៌លើករាសីឲ្យកម្មករទៅសួរនាំនៅសាលាខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDO) លោក ប៊ុត ប៊ុនឈាន ឲ្យដឹងថា តំណាងសហជីព និងកម្មករ បានធ្វើកូដកម្មអស់រយៈពេលជាង ៣ថ្ងៃមកហើយ ដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗ ដូចជាដំឡើងប្រាក់ជីវភាព និងប្រាក់បំណាច់ឆ្នាំជាដើម។
លោកបន្តថា ការធ្វើកូដកម្មមិនទាន់សម្រេចបានជាផ្លែផ្កា កម្មករក៏បាននិមន្តព្រះតេជព្រះគុណមកសូត្រធម៌ ស្វាធ្យាយជយន្ដោលើករាសីរំដោះគ្រោះឲ្យកម្មករ គ្រាន់តែសូតមន្តលើករាសីចប់ សមត្ថកិច្ចនគរបាលក៏នាំព្រះកាយព្រះសង្ឃទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យ តែម្តង៖ «បន្ទាប់ពីយើងនិមន្តព្រះសង្ឃមកសូត្រមន្តចប់ហើយ ប៉ូលិសគេបាននាំព្រះសង្ឃទៅតែម្ដង គឺចូលសាលាសង្កាត់ ហើយយើងសួរគាត់ គាត់ប្រាប់ថា ធ្វើតាមបញ្ជាមេ បើព្រះសង្ឃសូត្រធម៌ឲ្យកម្មករហើយ ត្រូវបានគេហៅទៅសួរនាំ សុំដាក់ចម្ងល់ឲ្យសាធារណៈដឹងថា មូលហេតុអី?»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីបំភ្លឺពីការនាំព្រះកាយព្រះសង្ឃទៅសាកសួរបានទេ នៅថ្ងៃទី២១ មករា ឆ្នាំ២០១៣។
ទោះយ៉ាងណាក្តី មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលកំបូលដែលមិនប្រាប់ឈ្មោះបញ្ជាក់ថា ការនាំព្រះកាយព្រះសង្ឃពីរព្រះអង្គទៅខណ្ឌ គឺធ្វើឡើងតាមបញ្ជាអភិបាលខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែគ្រាន់តែនិមន្តក្នុងន័យល្អប៉ុណ្ណោះ៖ «និមន្តមកសូត្រមន្តហ្នឹង បាតុកម្មខ្លាចមានបញ្ហាចេះចុះអីហ្នឹង លោកអភិបាលហ្នឹងចង់សួរលោកនិមន្តមកពីណាអីណា ឲ្យនិមន្តមកវិញហើយតើ! ខាងខណ្ឌគេអ្នកនិមន្ត មិនមែនប៉ុស្តិ៍ទេ»។
ព្រះតេជព្រះគុណពីរព្រះអង្គនោះ គង់នៅវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានព្រះនាម មិន សេង មានតួនាទីជាអធិបតីសង្ឃដែលមានព្រះជន្ម ៧៨វស្សា និងសាមណេរព្រះនាម អៀត ទរ។
ព្រះតេជព្រះគុណ មិន សេង មានថេរដីកាថា ទង្វើរបស់អាជ្ញាធរមិនត្រឹមត្រូវ និងសក្ដិសមជាពុទ្ធសាសនិកជននោះទេ ព្រោះព្រះសង្ឃគ្រាន់តែសូត្រធម៌រំដោះគ្រោះឲ្យកម្មករប៉ុណ្ណោះ ហេតុអ្វីហៅទៅសួរនាំ?
ព្រះអង្គបន្តថា ប៉ូលិសហៅសួរថា សូត្រធម៌ហ្នឹងមានឆាយា ឬអត់? សូត្រមន្តអ្វី? ហើយសូត្រហ្នឹងមានអាចារ្យ ឬអត់? ប៉ុន្តែតាមទម្លាប់ ព្រះសង្ឃដែលសូត្រធម៌នៅជិតៗវត្ត មិនដែលដាក់ឆាយាទៅជាមួយឡើយ បើសិនជាឆ្លងខេត្ត ឬប្រទេសទើបចាំបាច់ដាក់របស់ទាំងនេះតាម៖ «អាត្មាគួរឲ្យឆ្ងល់ដែរ គ្រាន់តែនិមន្តប៉ុណ្ណឹងហៅមកសួរដែរ អាត្មាគ្រាន់តែជម្រាបថា វាមិនសមទេ ជួយពិចារណាមើលទៅ»។
បន្ទាប់ពីសួរនាំអស់ជាង ១ម៉ោងរួចមក ព្រះសង្ឃទាំងពីរអង្គក៏ត្រូវអនុញ្ញាតឲ្យនិមន្តទៅកាន់ទីវត្តអារាមវិញនៅវេលាម៉ោង ១០ព្រឹក។
ក្រុមកម្មករទាំងនោះនៅតែបន្តការតវ៉ាទាមទារឲ្យមានដំណោះស្រាយដដែល ដោយកម្មករដើរថ្មើរជើងសំដៅកាន់រដ្ឋសភា ពេលនោះក្រុមនគរបាលបង្ក្រាបរាប់សិបនាក់ ចុះរារាំងកម្មករត្រង់ចំណុចសាលាសង្កាត់ចោមចៅ ដោយស្នើតំណាងកម្មករចូលដោះស្រាយក្នុងសង្កាត់ចោមចៅ។ ក្នុងនោះមានវត្តមានមន្ត្រីក្រសួងការងារ សាលាខណ្ឌពោធិ៍សែនជ័យ ចៅសង្កាត់ តំណាងក្រុមហ៊ុន យ៉ាក់ជីន ចូលរួមដោះស្រាយ។
កម្មករស្នើឲ្យថៅកែផ្ដល់អត្ថប្រយោជន៍ជូនពួកគេ មានដូចជា ដំឡើងប្រាក់ខែគោល ផ្ដល់ប្រាក់បំណាច់ប្រចាំឆ្នាំ ប្រាក់ជីវភាព ព្រមទាំងលក្ខខណ្ឌការងារមួយចំនួនទៀត។ ភាគីរោងចក្របានសម្រេចព្រមព្រៀងលើចំណុចមួយចំនួន ហើយចំណុចខ្លះទៀត នឹងត្រូវបញ្ជូនចូលក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
ក្នុងថ្ងៃជាមួយគ្នានេះដែរ មានកម្មករជិត ១ពាន់នាក់នៅរោងចក្រមួយផ្សេងទៀត ឈ្មោះ International Fashion Royal នៅសួនឧសាហកម្មកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក៏ផ្ទុះការតវ៉ាដែរ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន ប៉ុន្តែមិនមានដំណោះស្រាយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។