កម្មករ​ជិត​៣០០​នាក់​ត្រូវ​ព្យួរ​និង​បញ្ឈប់​ពី​ការងារ​ក្រោយ​កូដកម្ម

មេដឹកនាំ​សហជីព​កម្មករ​បាន​ឲ្យ​បាន​ដឹង​ថា មាន​តំណាង​សហជីព និង​សកម្មជន​កម្មករ​ជិត ៣០០​នាក់ នៅ​តាម​បណ្ដា​រោង​ចក្រ​នានា ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ព្យួរ និង​បញ្ឈប់​ពី​ការងារ បន្ទាប់​ពី​ធ្វើ​កូដ​កម្ម កាល​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១០។

0:00 / 0:00

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម របស់​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ី​អិន​ស៊ី (CNC) និង​សហ​ភាព​ការ​ងារ​កម្ពុជា (CLC) ដឹក​នាំ​ដោយ អ្នក​ស្រី ម៉ម ញឹម និង​លោក អាត់ ធន់ បាន​បង្ហាញ​ថា ក្រោយ​ពី​បាន​បញ្ចប់​ធ្វើ​កូដកម្ម ៤​ថ្ងៃ ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១០ កន្លង​មក​នេះ មាន​តំណាង​សហជីព និង​សកម្មជន​កម្មករ​ចំនួន ១៤៥​នាក់ មក​ពី ១៦​រោង​ចក្រ ត្រូវ​ថៅកែ​រោង​ចក្រ​បណ្ដេញ​មិន​ឲ្យ​ចូល​ធ្វើការ។ ក្រៅ​ពី​នេះ ក៏​មាន​ក្រុម​កម្មករ​ចំនួន ១៤៥​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ព្យួរ និង​បញ្ឈប់​ពី​ការងារ ទៅ​តាម​បញ្ជា​និយោជក ជា​ថៅកែ​រោង​ចក្រ​កាត់​ដេរ​ទាំង​នោះ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ដោយ​លោក​ចាត់​ទុក​ការ​ប្ដឹង ឬ​ព្យួរ​ការ​ងារ​តំណាង​សហជីព និង​កម្មករ​មិន​ឲ្យ​ចូល​ធ្វើ​ការ របស់​ថៅកែ​រោង​ចក្រ​ថា ជា​ការ​រំលោភ​ច្បាប់។

លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការ​ងារ​កម្ពុជា មាន​ប្រសាសន៍ ៖ «ថ្មីៗនេះ គឺ​មាន​រោង​ចក្រ​៣ គឺ​មាន​រោង​ចក្រ​អ៊ី​ហ្កា​មិន រោង​ចក្រ​រិវវើរិច និង​រោង​ចក្រ​វីននើរ បាន​បន្ត​ព្យួរ​ប៉ុន្មាន​នាក់​ទៀត»

ការ​ព្យួរ និង​បញ្ឈប់​ការ​ងារ​សហ​ជីព​ជា​តំណាង​កម្មករ​ដូច្នេះ ត្រូវ​បាន​មេ​ដឹក​នាំ​សហ​ជីព​កម្មករ លោក អាត់ ធន់ និង​លោក​ស្រី ម៉ម ញឹម ចាត់​ទុក​ថា ជា​ទង្វើ​រំលោភ​លើ​មាត្រា​៣៣៣ នៃ​ច្បាប់​ស្ដីពី​ការងារ​កម្ពុជា ដែល​បាន​ចែង​ថា ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​និយោជក​ដាក់​ទណ្ឌកម្ម​អ្វី​មួយ ទៅ​លើ​និយោជិក ដោយ​យក​លេស​នៃ​ការ​ចូល​រួម​ធ្វើ​កូដកម្ម​របស់​សាមីជន។

ឆ្លើយ​តប​មេ​ដឹក​នាំ​សហ​ជីព​ខាង​លើ លោក ជាតិ ខេមរា មន្ត្រី​ជាន់​ខ្ពស់​សមាគម​កាត់​ដេរ​កម្ពុជា មាន​ប្រសាសន៍​ថា ថៅកែ​រោង​ចក្រ​មិន​បាន​បណ្ដេញ​តំណាង ឬ​សកម្មជន​កម្មករ​ចេញ​ពី​រោង​ចក្រ​មិន​ឲ្យ​ធ្វើ​ការ​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​វិធាន​ការណ៍​ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​កូដកម្ម​អនាធិបតេយ្យ របស់​តំណាង​សហ​ជីព និង​សកម្ម​ជន​កម្មករ ដើម្បី​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ​តែ​ប៉ុណ្ណោះ។

លោក ជាតិ ខេមរា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ពី​វិធាន​ការណ៍​តាម​ផ្លូវ​ច្បាប់​របស់​ថៅកែ​រោងចក្រ ចំពោះ​តំណាង​សហ​ជីព និង​សកម្ម​ជន​កម្មករ​ដឹក​នាំ​ធ្វើ​កូដកម្ម​ដូច្នេះ ៖ «ដោះ​ស្រាយ​តាម​នីតិ​វិធី​ច្បាប់។ ទី​១ គឺ​កុំ​ឲ្យ​កូដកម្ម​បន្ត​ទៀត​រំខាន​គេ។ ហើយ​ទី​២ ទុក​ច្រក​ឲ្យ​កម្មករ ដែល​គេ​ចង់​ធ្វើ​ការ គេ​ចេញ​ចូល​ធ្វើ​ការ​តាម​ធម្មតា។ ទី​៣ ផ្អាក​សកម្ម​ភាព​ការ​ជេរ តិះ​ដៀល​និយោជក។ អា​ហ្នឹង​ហើយ​ដែល​គេ​សុំ​ច្បាប់​រក្សា​ការ​ពារ»

អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ខ្លី​ថា ការ​បង្កើត​សហជីព​ដើម្បី​ការ​ពារ​សិទ្ធិ​កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ការ​រើស​អើង​ពី​ថៅកែ​ក្រុមហ៊ុន និង​រដ្ឋាភិបាល។ ការ​រើសអើង​នេះ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល ក៏​ដូច​ជា​ថៅកែ​រោងចក្រ ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​ការ​ងារ​មាន​ការ​រីក​ចំរើន​ទាំង​អស់​គ្នា។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «កម្មករ​គាត់​ចង់​ចូល​ជា​មួយ​សហជីព​សុទ្ធ​តែ​ទទួល​ការ​បង្ខិត​បង្ខំ​មិន​ឲ្យ​ចូល ឬ​ក៏​ចូល​សហ​ជីព​ណា​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល។ នេះ​ជា​ការ​បំបិទ​សិទ្ធិ​ខុស​ច្បាប់​ការ​ងារ​ទាំង​ស្រុង»

មេ​ដឹក​នាំ​សហជីព​ការ​ពារ​សិទ្ធិ​កម្មករ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ និយោជក និង​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា ឬ​ហៅ​ជា​ភាសា​អង់​គ្លេស GMAC នៅ​បន្ត​គំរាម​កំហែង​ដល់​ថ្នាក់​ដឹក​នាំ និង​សកម្មជន​សហ​ជីព តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ការ​បំបិទ​មាត់។

លោក អាត់ ធន់ បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​នេះ ដែល​ជា​ថ្ងៃ​ជួប​ប្រជុំ​ចរចា​ពី​ប្រាក់​ខែ​កម្មករ មាន​ការ​ចូល​រួម​ពី​លោក​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច និង​ភាគី​ថៅកែ​រោង​ចក្រ​កាត់​ដេរ ក៏​នឹង​ស្នើ​ឲ្យ​មន្ត្រី​នៃ​សមាគម​ថៅកែ​រោង​ចក្រ​កាត់​ដេរ ពន្យល់​ឲ្យ​ច្បាស់​ពី​ការ​ព្យួរ​ការ​ងារ​តំណាង​សហ​ជីព និង​ក្រុម​កម្មករ​ឲ្យបាន​ច្បាស់​ផង​ដែរ។

របាយ​ការណ៍​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​បង្ហាញ​ថា សព្វ​ថ្ងៃ ប្រទេស​កម្ពុជា​មាន​រោង​ចក្រ​កាត់​ដេរ​ដែល​បាន​ចុះ​បញ្ជី​ផ្លូវ​ការ ជិត​៣០០​រោង​ចក្រ មាន​កម្មករ​ធ្វើ​ការ​សរុប​ជាង ៣​សែន​នាក់៕