កម្ពុជា​៖ ​ថៃ​កំពុង​ដណ្ដើម​កាន់កាប់​ប្រាសាទ​តា​មាន់

ប្រទេស​​កម្ពុជា និង​ថៃ​​កំពុង​ចោទ​ដាក់​គ្នា​ទៅ​មក​អំពី​ការ​ផ្ដើម​ប្រយុទ្ធ​គ្នា ចូល​ដល់​​ថ្ងៃ​ទី​បី​នៅ​តំបន់​ប្រាសាទ​តា​មាន់​ខេត្ត​ឧត្តរ​មាន​ជ័យ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា កងទ័ព​ថៃ​បាញ់​ជញ្ជ្រំ​កាំភ្លើង​ធំ និង​ការ​វាយ​សម្រុក​ដោយ​កម្លាំង​ទ័ព​ថ្មើរ​ជើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ២៤ មេសា គឺ​ដើម្បី​កាន់កាប់​ប្រាសាទ​តា​មាន់។ រហូត​មក​ដល់​នេះ កងទ័ព​កម្ពុជា​កំពុង​ប្រយុទ្ធ​ការពារ​ទី​នោះ។
នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វ៉េតចាជីវ៉ាក់ (Abhisit Vejjajiva) ថ្លែង​ថា ថៃ​គ្មាន​នយោបាយ​រក​រឿង​ប្រទេស​ជិត​ខាង​ទេ ហើយ​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ដោយ​ភាគី​កម្ពុជា ហើយ​កងទ័ព​ថៃ​ចាំបាច់​ត្រូវ​តបត​វិញ​ដើម្បី​ការពារ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។
លោក​បញ្ជាក់​ថា

«យើង​តម្រង់​ដាក់​តែ​គោលដៅ​យោធា​ប៉ុណ្ណោះ»។

សេចក្ដី​ប្រកាស​ព័ត៌មាន​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា សរសេរ​ថា ថៃ​បាញ់​ផ្លោង​អាវុធ​ធុន​ធ្ងន់​រាប់​រយ​គ្រាប់​ចូល​តំបន់​គោកមន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មានជ័យ ដែល​ជា​តំបន់​ពលរដ្ឋ​ស៊ីវិល​កំពុង​រស់​នៅ។

សម្លេង​គ្រាប់​ផ្លោង​ជា​ច្រើន​គ្រាប់ បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ២៤ ខែ​មេសា​នេះ នៅ​តំបន់​ប្រាសាទ​តា​មាន់ និង​តា​ក្របី ដែល​ជា​ចំណុច​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ រយៈ​ពេល​ពីរ​ថ្ងៃ​ កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​បាន​រាយការណ៍​មក​ថា ស្នូរ​គ្រាប់​កាំភ្លើង​បាន​ផ្ទុះ​ឡើង​នៅ​ម៉ោង ៩ និង ៤០ នាទី បន្ត​រហូត​មក​ដល់​ល្ងាច​​ម៉ោង ៤ រសៀល​​មាន​ចំនួន​ជាង ៣០០ គ្រាប់។ ការ​បាញ់​ផ្លោង​នៅ​តែ​​មាន​បន្ត​រហូត​មក​ដល់​ម៉ោង ៥ ល្ងាច​នេះ។

ប្រភព​ព័ត៌មាន​ពី​ទី​បញ្ជា ការ​ទិស​ឧត្តរ​មានជ័យ​បាន​ឱ្យ​ដឹង​ថា កងទ័ព​ថៃ​នៅ​ច្រក​ប្រាសាទ​តា​មាន់​ចំនួន ១១ នាក់​របួស និង ៥ នាក់​ស្លាប់។ ក្នុង​នោះ​មាន​​​ម្នាក់​ ​ជា​​ប្រធាន​​ទំនាក់​ទំនង​​ច្រក​​នៅ​ប្រាសាទ​តា​មាន់។ នៅ​ខាង​​កម្ពុជា ​មាន​របាយការណ៍​​ថា​មាន​របួស​ចំនួន​ពីរ​នាក់។ ក៏​ប៉ុន្តែ មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ឯករាជ្យ​ណា​មួយ​បញ្ជាក់​អំពី​ការ​ខូច​ខាត​ពី​ការ​ប្រយុទ្ធ​គ្នា​នេះ​​នៅ​ឡើយ​ទេ៕