តំណាងអ្នកភូមិមានប្រសាសន៍ឲ្យដឹងថា ការឃាត់ខ្លួននិងរកឃើញសកម្មភាពលួចកាប់ឈើនេះកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍ ទី៧ ឧសភា ឆ្នាំ២០០៩ នៅចំណុចក្នុងព្រៃសហគមន៍អភិរក្សចម្ងាយ៣គីឡូម៉ែត្រពីព្រំដែនក្នុងភូមិដរតូចអូរតាងខណៈពេលដែលអ្នកភូមិធ្វើចម្ការក្នុងព្រៃប្រទះឃើញ ហើយផ្តល់ដំណឹងមកប្រជាសហគមន៍និងប៉ូលិសប៉ុស្តិ៍នាំគ្នាប្រមាណ២០នាក់ទៅស្ទាក់ឃាត់ជនជាតិវៀតណាមនិងរថយន្តល្មើសនោះ។
តំណាងអ្នកភូមិដដែលបានឲ្យដឹងថា ៖ «ចូលដីយើង គេកាប់ច្រើនហើយ មិនដឹងប៉ុន្មានលើកប៉ុន្មានសាហើយ។ ចាប់ម្ដងហើយនៅកន្លែងហ្នឹង ប៉ុន្តែគេនៅមកធ្វើទៀត។ ខាងវៀតណាមខាងប៉ុស្តិ៍ព្រំដែនហ្នឹងគេមកដែរ ហើយខាងប៉ូលិសអូរយ៉ាដាវគេមកដែរ គេថាចង់ឲ្យសម្រុះសម្រួល»។
ប្រភពអ្នកភូមិឲ្យដឹងថា ជនជាតិវៀតណាមទាំង៤នាក់មានឈ្មោះ តាក់ ហាយ, ថាវ និងម្នាក់ទៀតមិនស្គាល់។ អ្នកទាំង៤ខ្លះជាពលរដ្ឋខ្លះជាសមត្ថកិច្ចនៅច្រកព្រំដែនវៀតណាម ហើយក្រោយការចាប់ខ្លួនពួកគេអ្នកភូមិរងការគំរាមកំហែងពីមន្រ្តីប៉ូលិសស្រុកអូរយ៉ាដាវឲ្យធ្វើការសម្របសម្រួលដោះលែងជនជាតិវៀតណាមនោះទៅវិញតែអ្នកភូមិមិនយល់ព្រម។
អធិការប៉ូលិសស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ បដិសេធមិនធ្វើអត្ថាធិប្បាយរឿងនេះទេ។
យ៉ាងនេះក្តីស្នងការរងប៉ូលិសខេត្តរតនគិរីទទួលបន្ទុកការងារព្រំដែន លោក ស៊ូវ៉ាន់ ខាំវ៉ាន់ ទទួលស្គាល់ថាពិតជាមានការចាប់ឃាត់ជនជាតិវៀតណាមនោះមែន ក៏ប៉ុន្តែលោកថា បញ្ហានេះជាភារកិច្ចរបស់ប៉ូលិសស្រុកអូរយ៉ាដាវ ៖ «អាហ្នឹងស្រុក ស្រុកអ្នកចាប់»។
សកម្មជនសិទ្ធិមនុស្សសមាគម អាដហុក ស្រុកអូរយ៉ាដាវ លោក ឆាយ ធី មានប្រសាសន៍ថា លោកកំពុងឃ្លាំមើលបញ្ហានេះ។ លោកថាប្រសិនមានការដោះលែងមែននោះគឺជាការឃុបឃិតបំពានច្បាប់។
លោក ឆាយ ធី បានបញ្ជាក់ថា ៖ «យើងកំពុងធ្វើការស៊ើបអង្កេតលើករណីសហគមន៍ចាប់បានឡានឈើហ្នឹង ហើយប្រសិនបើមានការដោះលែងវាជាការខុសច្បាប់ហើយ»។
រហូតមកទល់នឹងពេលនេះប្រភពពីអ្នកភូមិឲ្យដឹងថា សហគមន៍កំពុងព្យាយាមនាំយករថយន្តនិងវត្ថុតាងពីព្រៃមកកាន់ភូមិ។ ចំណែកជនជាតិវៀតណាមទាំងបួនរូបគេមិនទាន់ដឹងជោគវាសនាយ៉ាងណាទេ។
គួរបញ្ជាក់ដែរថា កាលពីខែកក្កដា ឆ្នាំ២០០៨ សហគមន៍ភូមិឡំបានចាប់ឃាត់រថយន្តជនជាតិវៀតណាមចូលមកកាប់ឈើក្នុងទឹកដីកម្ពុជានៅតំបន់ខាងលើមួយគ្រឿងជាមួយនឹងម៉ាស៊ីនកាត់ឈើ៥គ្រឿង រួមទាំងម៉ូតូ៣គ្រឿងដោយម្ចាស់ឡានបានរត់ចោលខណៈពេលសហគមន៍ល្បាតឃើញ ក៏ប៉ុន្តែក្រោយការចាប់ឃាត់នោះមន្ត្រីអាជ្ញាធរនៅតំបន់នោះបានសម្រួលដោះលែងទៅវិញជាថ្នូរនឹងការផាកពិន័យជាប្រាក់បន្តិចបន្តួច។
ប្រភពអ្នកភូមិឲ្យដឹងថា ឈើរាប់រយដើមនៅតំបន់នោះត្រូវបានជនជាតិវៀតណាមលួចចូលកាប់ជាច្រើនខែមកហើយ៕