លោក នេត្រ ភក្រ្តា មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម បានឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ថា សាលាក្ដីបានទទួលដំណឹងពីការដាក់ពាក្យលាឈប់របស់មន្ត្រីអង្គការសហប្រជាជាតិទី៦ ចេញពីការិយាល័យស៊ើបអង្កេតសាលាក្ដីខ្មែរក្រហមរួចហើយ។ ប៉ុន្តែលោកថា ការលាឈប់ពីតួនាទីរបស់មន្ត្រីរូបនេះមិនបានប៉ះពាល់ដល់ការដំណើរការ ឬបេសកកម្មស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហមនោះទេ។
លោក នេត្រ ភក្រ្តា ឲ្យដឹងបន្ថែមដូច្នេះ ៖ «ការិយាល័យរដ្ឋបាលសាលាក្ដីខ្មែរក្រហម គឺបានធានា ក៏ដូចជារកមន្ត្រីដែលមានសមត្ថភាពដើម្បីបន្តការងារនៅក្នុងការងារស៊ើបអង្កេតរបស់ខ្លួននៅក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតបាទ!»។
មន្ត្រីព័ត៌មានសាលាក្ដីខ្មែរក្រហមមិនបានបង្ហាញឈ្មោះមន្ត្រីស៊ើបអង្កេតនៃការិយាល័យអង្គការសហប្រជាជាតិជាបុគ្គលទី៦ ដែលបានប្រកាសលាឈប់ពីការងារថា មានឈ្មោះអ្វី និងសញ្ជាតិអ្វីនោះទេ។
ទាក់ទងបញ្ហានេះ កញ្ញា សេង ធារី ប្រធានសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហមបានថ្លែងដោយបានចាត់ទុកការប្រកាសលាឈប់របស់មន្ត្រីផ្នែកច្បាប់អង្គការសហប្រជាជាតិ ១រូបទៀតចេញពីការិយាល័យស៊ើបអង្កេតសាលាក្ដីបង្ហាញឲ្យឃើញពីភាពមិនប្រក្រតី ឬការខ្វែងគំនិតគ្នារវាងចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ ជុំវិញការជំរុញឲ្យមានការបើកការស៊ើបអង្កេតលើករណី ០០៣ និង ០០៤ របស់មេដឹកនាំខ្មែរក្រហម។
កញ្ញា សេង ធារី ដែលជាប្រធានមជ្ឈមណ្ឌលអប់រំ ដើម្បីប្រជាពលរដ្ឋខ្មែរផងនោះបានបញ្ជាក់បន្ថែមដូច្នេះ ៖ «ខ្ញុំគិតថា មកពីគាត់អត់អាចទទួលបានអ្វីដែលទទួលបាន កំពុងកើតមានភាពមិនប្រក្រតី និងអយុត្តិធម៌ជំរុញឲ្យគាត់ចេញពីការិយាល័យកិច្ចការនេះ។ ខ្ញុំចង់និយាយពីករណី ០០៣ និង ០០៤ ដែលមានអសកម្មភាពនៅក្នុងរយៈពេល ២០ខែ ដែលចៅក្រមស៊ើបអង្កេតអត់បានធ្វើកិច្ចការលើករណីនេះ ហើយវាប៉ះពាល់ដល់យុត្តិធម៌ដល់ពួកយើងជាជនរងគ្រោះដែលកំពុងរង់ចាំការបំភ្លឺលើសម័យល្ងឹត សម័យខ្មែរក្រហម»។
យ៉ាងណាក៏ដោយ លោក ឡាស អូលសិន (LARS OLSEN) មន្ត្រីទទួលបន្ទុកផ្នែកទំនាក់ទំនងផ្លូវច្បាប់អង្គការសហប្រជាជាតិនៃសាលាក្ដីខ្មែរក្រហម មិនបានធ្វើអត្ថាធិប្បាយជុំវិញការលាឈប់របស់មន្ត្រីផ្នែកច្បាប់ចេញពីការិយាល័យស៊ើបអង្កេតអង្គការសហប្រជាជាតិនេះទេ។ ប៉ុន្តែកាលពីថ្ងៃទី២១ ខែមិថុនា លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការលាឈប់របស់មន្ត្រីស៊ើបអង្កេតអង្គការសហប្រជាជាតិថ្មីៗនេះ នឹងមិនប៉ះពាល់ដល់នីតិវិធី ក៏ដូចជាប៉ះពាល់ដល់គ្រប់ផ្នែកនៃសាលាក្ដីខ្មែរក្រហម រួមទាំងការិយាល័យសហចៅក្រមស៊ើបអង្កេតសាលាក្ដីនេះក៏ទេដែរ។ ពោលគឺស្ថាប័ននេះធានាថា នឹងមានបុគ្គលិកគ្រប់គ្រាន់សម្រាប់បំពេញភារកិច្ច ឬបេសកកម្មរបស់ខ្លួន។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា សាលាក្ដីនេះនឹងលើកយកសំណុំរឿង ០០២ ទៅបើកសវនាការបឋមនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ ដែលមានជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហមចំនួន ៤រូប គឺ នួន ជា អតីតប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី អៀង ធីរិទ្ធិ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងក្រុមនេះជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់អស់ជិត ២លាននាក់ក្នុងរបបខ្មែរក្រហមពេលដែលពួកគេកាន់អំណាចចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩៕