ពលករទាំងនេះត្រូវបានជួយសង្គ្រោះដោយសកម្មជនការពារសិទ្ធិមនុស្ស ស្ថានទូតកម្ពុជា នៅប្រទេសឥណ្ឌូនេស៊ី និងអង្គការទេសន្តប្រវេសន៍អន្តរជាតិ ( IOM )។
ក្រុមនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំខ្លួនពលករខ្មែរចំណាកស្រុកចំនួន ៧នាក់នោះ ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ដើម្បីសាកសួរចំលើយពិស្ដារ ដើម្បីឈានទៅរកការកំណត់មុខសញ្ញាជនសង្ស័យជាមេខ្យល់ជួញដូរមនុស្ស។
ពលករចំណាកស្រុកទាំង ៧នាក់នោះ មានឈ្មោះដូចតទៅ ទី១ ម៉ន ច័ន្ទបុរី ទី២ អេង រ៉ុន ទី៣ តុប គ្រាម ទី៤ ឈុត ឌឿម ទី៥ អ៊ុន ភ័ក្ត្រ ទី៦ ចាន់ សីហា និងទី៧ ដែន រ៉េត។ អ្នកទាំងនេះ រស់នៅខេត្តកំពត ខេត្តសៀមរាប និងខេត្តមួយចំនួនទៀត។
ប្រធានកម្មវិធីរបស់អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី លោក មុំ សុខចារ បានមានប្រសាសន៍ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថា លោកបានទទួលការហៅតាមទូរស័ព្ទពីពលករទាំងនេះពីប្រទេសឥណ្ឌូណេស៊ី (Indonesia) ឲ្យជួយសង្គ្រោះកន្លងមក។
លោកសុំឲ្យសមត្ថកិច្ចនគរបាលស្វែងរកចាប់ខ្លួនមេខ្យល់ដើម្បីផ្ដន្ទាទោស៖ «នៅស្រុកយើង ប្រជាពលរដ្ឋមិនមានមុខរបរប្រកបគ្រប់គ្រាន់ អ៊ីចឹងហើយបានជាគាត់ធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេស»។
ពលករឈ្មោះ អេង រ៉ុន នៅខេត្តកំពត អាយុ ២៣ឆ្នាំ បាននិយាយប្រាប់អ្នកកាសែតថា លោកបានចូលទៅរកការងារនៅប្រទេសថៃ កាលពី៦ ខែមុន ប៉ុន្តែរងការចាញ់បោក៖ «មិនបានវ៉ៃដំយើងទេ ប៉ុន្តែការងារគ្មានពេលសម្រាក ទាំងយប់ទាំងថ្ងៃ»។
ពលករម្នាក់ទៀតឈ្មោះ ឈុត ឌឿម អាយុ ៣៣ឆ្នាំ នៅខេត្តសៀមរាប បាននិយាយថា លោកបានចូលទៅរកការងារនៅប្រទេសថៃ កាលពីជាង ២ឆ្នាំមុន។ លោកមិនបានទទួលប្រាក់កម្រៃអ្វីទាំងអស់នៅពេលនេះ៖ «រត់ចេញពីទូក គេតាមរក... គេចាប់ ឃើញគេចាប់យកទៅវិញ។ ធ្វើត្រីទាំងយប់ទាំងថ្ងៃ ថ្ងៃណាក៏ថ្ងៃត្រី អួនរហែកៗ»។
ទាក់ទងនឹងសំណុំរឿងនេះ មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក វរសេនីយ៍ទោ ប៉ែន ចាន់ណា បានមានប្រសាសន៍ថា នគរបាលបើកការស៊ើបអង្កេតដើម្បីស្វែងរកចាប់ខ្លួនមេខ្យល់នៅពេលខាងមុខនេះ។
ពលករចំណាកស្រុកទាំង ៧នាក់នេះ បានចូលទៅរកការងារនៅប្រទេសថៃ កន្លងមក ហើយត្រូវបានមេខ្យល់លក់កំលាំងពលកម្មបន្តធ្វើជាកម្មករនេសាទនៅលើទូកនេសាទថៃ នៅដែនសមុទ្រប្រទេសឥណ្ឌូនេស៊ី។ ពលករទាំងនេះ បានរត់ចេញពីទូកនេសាទនោះ ដើម្បីស្វែងរកការជួយសង្រ្គោះនៅប្រទេសឥណ្ឌូនេស៊ី។
ក្រុមពលករចំនួន ៧នាក់ទៀត ជាក្រុមទី២ នឹងត្រូវបានគេដឹកតាមយន្តហោះពីប្រទេសឥណ្ឌូនេស៊ី នៅសប្ដាហ៍ក្រោយ។ ពលករទាំងនោះរងគ្រោះដោយសារការជួញដូរមនុស្ស និងកំលាំងពលកម្មដូចៗគ្នា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។