ស្ត្រី​ខ្មែរ​មួយ​រូប​ត្រូវ​បាន​ទូរទស្សន៍ CNN ជ្រើសរើស​ជា​មនុស្ស​ឆ្នើម

ប្រធាន​អង្គការ​អភិវឌ្ឍន៍​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ទូរទស្សន៍​ស៊ីអិនអិន (CNN) អាមេរិក បាន​ជ្រើស​ក្នុង​ចំណោម​មនុស្ស​១០​នាក់​ចុង​ក្រោយ​ជា​ក្រុម​វរជន​ដែល​មាន​ស្នាដៃ​ឆ្នើម​សម្រាប់​ឆ្នាំ​២០០៨។

លោកស្រី នួន ភិមាន កើត​ឆ្នាំ​១៩៧១ ជា​អ្នក​ស្រុក​ដែល​មាន​ដើមកំណើត​នៅ​ក្នុង​ទីរួមខេត្ត​កំពង់ចាម ត្រូវ​ទូរទស្សន៍​ពិភពលោក​នេះ​បាន​ជ្រើស​ក្នុង​ចំណោម​បេក្ខជន​ជាង​៣៧០០​នាក់​ពី​ក្រុម​អ្នក​ពិនិត្យ​សម្រិត​សម្រាំង​៧៥​ប្រទេស។

លោកស្រី នួន ភិមាន ដែល​បច្ចុប្បន្ន​ជា​នាយិកា​នៃ​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ (People's Improvement Organization) បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កាណាដា​ដោយ​ក្តីរំភើប ៖ «ខ្ញុំ​ពី​ដំបូង​ដូច​ថា ដែល​យើង​បាន​ជាប់ Nominate មិន​ទាន់​បាន​ជាប់​ក្នុង​ជម្រើស​ទាំង​១០​ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​មែនទែន ហើយ​មិន​នឹក​ស្មាន​សោះ​ថា យើង​នេះ​ជា​អង្គការ Local នៅ​ស្រុក​ខ្មែរ ហើយ​ក៏​មិន​មាន Fund ធំដុំ​ដូច​អង្គការ​មួយចំនួន​ផ្សេង​ទៀត ហើយ​ខ្ញុំ​មិន​នឹក​ស្មាន​ដល់​សោះ ហើយ​ពេល​ដែល​បាន​ជាប់ Nominate រហូត​មក​ដល់... កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ខាង CNN ប្រកាស​ថា​ខ្ញុំ​ជាប់​ក្នុង Top 10 គឺ​ថា​មិន​គួរ​ឲ្យ​ជឿ។ គេ​ប្រាប់​មុន​ពីរ​បី​ថ្ងៃ​គេ​ប្រកាស ក៏ប៉ុន្តែ​ខ្ញុំ​មិន​អាច​ប្រាប់​ផ្សព្វផ្សាយ​បាន​ទេ ព្រោះ​គេ​ឲ្យ​ការណ៍​ជា​សម្ងាត់​ដើម្បី​ឲ្យ​យើង​ដឹង ហើយ​ដូច​ថា​មាន​អារម្មណ៍​ថា​គេង​ក៏​មិន​លក់...។ នេះ​ជា​ឱកាស​មួយ​នឹង​បាន​ជួយ​ក្មេង​ច្រើន​ត​ទៅ​ទៀត ព្រោះ​ក្ដី​សង្ឃឹម​របស់​ខ្ញុំ​ចង់​ពង្រីក ឆ្នាំ​ក្រោយ​នេះ​គម្រោង​របស់​ខ្ញុំ​គ្រោង​រួច​ហើយ តាំង​ពី​មុន CNN Nominateម៉្លេះ គឺ​ខ្ញុំ​គ្រោង​សង់​មណ្ឌល​ក្មេង​កំព្រា​តែម្ដង»

សូម​ជម្រាប​ថា អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ខែ​មេសា ឆ្នាំ​២០០២ ក្នុង​បំណង​ជួយ​កុមារ​និង​ស្ត្រី​ដែល​ក្រីក្រ​លំបាក​គ្មាន​ពំនឹង។ បច្ចុប្បន្ន​អង្គការ​នេះ​មាន​មជ្ឈមណ្ឌល​បី​កន្លែង​នៅ​ភ្នំពេញ​ដែល​ជា​កន្លែង​ស្នាក់នៅ​និង​ដុសខាត់​មុខជំនាញ​ដល់​កុមារៗ​និង​ស្ត្រី​ទុរគត។

ទូរទស្សន៍​ស៊ីអិនអិន​បាន​ផ្សាយ​ថា វីរជន​ទាំង​១០​ដែល​បាន​សម្រាំង​មក​ទាំង​នេះ​នឹង​ត្រូវ​បាន​ទទួល​រង្វាន់​ម្នាក់ៗ​ចំនួន​២៥០០០​ដុល្លារ​អាមេរិក និង​ត្រូវ​បាន​គេ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​មួយ​នៃ​កម្មវិធី​វីរជន​ស៊ីអិនអិន ហើយ​កម្មវិធី​នោះ​នឹង​ត្រូវ​គេ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ពី​សាល​មហោស្រព Kodak នៅ​ហូលីវូត៕