ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​ទទួល​លិខិត​អនាមិក​ព្រមាន

លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា បាន​ទទួល​លិខិត​អនាមិក​មួយ​ចោទ​ថា លោក​បាន​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​មាន​លោក កឹម សុខា ជាប្រធាន និង​បាន​ព្រមាន​ថា​ការចូលរួម​របស់​លោក ជា មុន្នី ជាមួយ​លោក រ៉ុង ឈុន ធ្វើ​បាតុកម្ម​ប្រឆាំង​កងទ័ព​ថៃ​ឈ្លានពាន​ប្រទេស​កម្ពុជា​ជា​ការមិន​ត្រឹមត្រូវ ។

លិខិត​អនាមិក​ដែល​បាន​ផ្ញើ​ទៅ​ឲ្យ​លោក ជា មុន្នី តាមរយៈ​អ៊ីម៉ែល​កាលពី​ថ្ងៃ​ទី​១៨ សីហា មាន​ខ្លឹមសារ​គំរាម​ផង​និង​សម្តែង​ការអាណិត​ផង​ថា នៅ​ក្នុង​ពេល​ដែល​មាន​គណបក្ស​នយោបាយ​ធំៗដូច​ជា​គណបក្ស​សមរង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​មាន​សកម្មភាព​ក្នុង​សង្គម​នោះ លោក ជា មុន្នី មិន​បាន​ចូលរួម​បក្ស​ទាំង​នោះ ហើយ​បែរជា​ចូល​ជាមួយ​បក្ស​សិទ្ធិ​មនុស្ស​ដែល​លិខិត​នោះ​បាន​ចោទ​ថា មាន​ទំនាក់​ទំនង​ជាមួយ​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​ទៅ​វិញ ។

លិខិត​អនាមិក​នោះ​បាន​ព្រមាន​ផងដែរ​ថា រាល់​លិខិត​ស្នាម​ទាំងអស់​សុទ្ធតែ​មាន​ការតាមដាន​ពិនិត្យ​ទាំងអស់ ហើយ​សកម្មភាព​របស់​លោក ជា មុន្នី សុទ្ធតែ​មាន​ការតាមដាន​ប្រមាញ់​ដោយ​នគរបាល​ទាំងអស់ ។

លោក ជា មុន្នី បាន​បដិសេធ​ថា​រូប​លោក​មិន​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ហើយ​លោក​ក៏​មិន​បាន​ប្តឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចំពោះ​ខ្លឹមសារ​ប្រមាថ​និង​គំរាម​ពី​ម្ចាស់​លិខិត​នោះ​ដែរ ។

លោក ជា មុន្នី បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​គណបក្ស កឹម សុខា ទេ អា​នេះ​គឺ​នៅ​ក្នុង​លិខិត​ហ្នឹង​គាត់​លាប​ពណ៌​ខ្ញុំ​រហូត ។ អត់​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​លោក កឹម សុខា ទេ ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​ទេ ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ទេ ។ ហេតុ​ដូច្នេះ​ខ្ញុំ​អត់​រវល់​នឹង​គណបក្ស​នយោបាយ​ណា​ទាំងអស់ ប៉ុន្តែ​នេះ​គឺ​ជា​នយោបាយ​ផ្សេង​ទៀត​របស់​ម្នាក់​មួយ​ចង់​ធ្វើ​ឃាត​ខ្ញុំ គាត់​តែងតែ​ប្រាប់​ខ្ញុំ​ថា បក្ស​នេះ បក្ស​នោះ ដើម្បី​ធ្វើ​ឃាត​ខ្ញុំ​ទៅ ឆ្លើយ​ថា បក្ស​នេះ​សម្លាប់​បក្ស​នោះ​សម្លាប់»

លោក រ៉ុង ឈុន ដែល​ជា​មិត្តភក្ដិ​ជិតដិត​និង​រួម​ការងារ​របស់​លោក ជា មុន្នី បាន​មាន​ប្រសាសន៍​ថា​លិខិត​នោះ មាន​ន័យ​គំរាម​ចំពោះ​សន្តិសុខ​និង​សុវត្ថិភាព​ក្នុង​ការធ្វើ​ដំណើរ​និង​បំពេញ​ការងារ​របស់​លោក ជា មុន្នី ជា​ចំហ​តែម្តង ។

លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ឃើញ​ថា​នៅ​ចំណុច​ចុង​ក្រោយ​ហ្នឹង​មាន​ការគំរាម​កំហែង​ទៅ​ដល់​សុវត្ថិភាព​សន្តិសុខ​ទៅ​ដល់​រូប​រាង​កាយ​របស់​គាត់ ។ ចំណុច​ទាំងអស់​នេះ​ដែល​យើង​មាន​ការព្រួយ​បារម្ភ​ទាក់ទិន​ទៅ​នឹង​បញ្ហា​លិខិត​អនាមិក​ដែល​បង្ហោះ​នៅ​លើ​វ៉ឹបសាយថ៍​របស់​សហជីព​សេរី​កម្មករ​ហ្នឹង»

លោក ចាន់ សាវ៉េត មន្ត្រី​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ឈ្មោះ អាដហុក បាន​ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​មិន​បាន​ទទួល​ពាក្យបណ្ដឹង​ពី​លោក ជា មុន្នី ទាក់ទង​ជាមួយ​នឹង​លិខិត​អនាមិក​គំរាម​នោះ​ទេ ។

សូម​ជម្រាប​ថា ការគំរាម​តាម​លិខិត​អនាមិក​ចំពោះ​អ្នក​ដឹកនាំ​សហជីព​ដែល​មាន​និន្នាការ​រិះគន់​រដ្ឋាភិបាល​នេះ បាន​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ថែម​ទៀត​ក្នុង​ចំណោម​អ្នក​ដឹកនាំ​សង្គម​ស៊ីវិល​និង​អ្នក​សារព័ត៌មាន ព្រោះ​មក​ទល់​ពេល​នេះ​អាជ្ញាធរ​រួម​ជាមួយ FBI មិន​ទាន់​បាន​រក​ឃើញ​អ្នក​បាញ់​សម្លាប់​លោក ឃឹម សម្បូរណ៍ អ្នក​កាសែត​មនសិការ​ខ្មែរ​នៅ​ឡើយ​ទេ ។

លោក ដាំ សិទិ្ធ ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​មាន​ការព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​លោក​ជា​ខ្លាំង ៕