ស្ថានភាព​យល់​ដឹង​ពី​ភាព​ជឿន​លឿន​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​កម្ពុជា

ការ​យល់​ដឹង​និង​ការ​ប្រើ​ប្រាស់​លើ​វិស័យ​ព័ត៌មាន​វិទ្យា និង Internet (អ៊ិនថឹណិត) របស់​សិស្ស​និស្សិត និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​មិន​ទាន់​បាន​ទូលំ​ទូលាយ​នៅ​ឡើយ​ទេ ទោះ​បី​ជា​មាន​ក្រុមហ៊ុន​បរទេស​មក​វិនិយោគ​ទុន​លើ​វិស័យ​ទាំង​នេះ​ហើយ​ក្តី។

0:00 / 0:00

និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ​រូប​ក្នុង​ទីក្រុង​ភ្នំពេញ ឈ្មោះ ហ្វា អ៊ីហ្សះ មាន​ប្រសាសន៍​ថា មិន​ថា​តែ​ប្រជាពលរដ្ឋ​ទូទៅ​ដែល​រស់​នៅ​តាម​តំបន់​ជនបទ​ទេ សូម្បី​តែ​និស្សិត​មួយ​ចំនួន​ក៏​មិន​ទាន់​បាន​ស្វែង​យល់​អំពី​ការ​ប្រើ​ប្រាស់ Internet បាន​ច្បាស់​លាស់​ផង​នោះ។ កញ្ញា​បាន​បញ្ជាក់​ថា វិស័យ Internet ជា​បណ្តាញ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ដឹង​អំពី​ព្រឹត្តិការណ៍​ដែល​កើត​មាន​លើ​សកល​លោក និង​ការ​ស្រាវ​ជា្រវ​មេ​រៀន​របស់​សិស្ស​និស្សិត​ទៅ​តាម​អ្វី​ដែល​គេ​ចង់​បាន។

កញ្ញា ហ្វា អ៊ីហ្សះ មាន​ប្រសាសន៍​ថា ៖ «អ៊ីចឹង​អ្នក​ខ្លះ​គេ​អត់​ទាន់​ស្គាល់​ថា អ្វី​ទៅ​ជា​អ៊ិនធឺណេត ឬ​ក៏​ការ​បើក​អ៊ិនថឹណិត អី​យ៉ាង​ម៉េចៗ ការ​(ស្រាវជ្រាវ)​មេរៀន អត្ថបទ​អី​ទាក់​ទង​នឹង​ការ​រៀន​របស់​ពួក​គេ អ៊ីចឹង​អ្នក​ខ្លះ​អត់​ទាន់​ស្គាល់ អត់​ទាន់​ចេះ​(ស្រាវជ្រាវ​រក)​ទេ»

និស្សិត​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​លើក​ឡើង​ថា វិស័យ​ព័ត៌មាន​វិទ្យា និង Internet ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​មនុស្ស​មាន​ការ​យល់​ដឹង​ច្រើន​អំពី​សង្គម និង​ហេតុការណ៍​ដែល​កើត​មាន​ឡើង​នៅ​ទូទាំង​សកល​លោក និង​ធ្វើ​ឲ្យ​សង្គម​ឈាន​ទៅ​រក​ភាព​រីក​ចម្រើន ដូច​បណ្តា​ប្រទេស​ដែល​កំពុង​ជឿន​លឿន​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។

កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ក្រុមហ៊ុនInternet ឈ្មោះ​ថា Angkorone.com ដែល​ជា​ក្រុមហ៊ុន​ថ្មី​មួយ មាន​ស្នាក់ការ​ធំ​នៅ​សហរដ្ឋ​អាមេរិក បាន​រៀបចំ​កម្មវិធី​សម្ពោធ​គេហទំព័រ​ក្រុមហ៊ុន Website Angkorone ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ឯ​សកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត ដែល​មាន​អ្នក​ចូល​រួម​ដូច​ជា និស្សិត សិល្បករ ម្ចាស់​ហាង​អ៊ិន​ថឹណិត វិនិយោគិន និង​អ្នក​សារ​ព័ត៌មាន​រាប់​រយ​នាក់។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Angkorone លោក ព្រាប កុល មាន​ប្រសាសន៍​ថា ការ​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង គឺ​ដើម្បី​ចង់​ឲ្យ​ខ្មែរ​នៅ​លើ​សកល​លោក​មាន​ការ​ទាក់​ទង​គ្នា និង​រួប​រួម​គ្នា​តែ​មួយ ពិសេស​គឺ​ចង់​ឲ្យ​សេវា Internet នៅ​ប្រទេស​កម្ពុជា មាន​ការ​កែ​ប្រែ ពីព្រោះ Internet អាច​ជួយ​អភិវឌ្ឍ​សង្គម​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​អប់រំ​ដល់​ពលរដ្ឋ​កម្ពុជា។

លោក ព្រាប កុល បាន​បញ្ជាក់​ប្រាប់​អំពី​ការ​ដាក់​ឈ្មោះ Website: Angkorone ដូច្នេះ​ថា ៖ «មូលហេតុ​សំខាន់ ដោយសារ​អង្គរ​គឺ​ជា​អ្វី​ដែល​ខ្មែរ​យើង​ទាំង​អស់​ស្គាល់ មិន​តែ​ខ្មែរ​ទេ គឺ​ពិភព​លោក​ស្គាល់ យើង​មាន​មោទនភាព ហើយ One មាន​ន័យ​ថា យើង​ចង់​ឲ្យ​ខ្មែរ​ទាំង​អស់​គ្រប់​មជ្ឈដ្ឋាន​ខ្មែរ​តែ​មួយ កុំ​ឲ្យ​មាន​ខ្មែរ​ច្រើន​ប្រភេទ យើង​ចង់​ឲ្យ​ទាំង់​អស់​គ្នា​រួប​រួម​ជា​ខ្មែរ​តែមួយ។ ទី​២ គឺ​យើង​ចង់​ធ្វើ​ឲ្យ​វ៉ឹបសៃថ៍​នេះ គឺ​ជា​វ៉ឹបសៃថ៍​លេខ​១ របស់​ខ្មែរ​នៅ​ទូទាំង​ពិភព​លោក»

លោក ព្រាប កុល បាន​បន្ត​ថា ទិស​ដៅ​មួយ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន គឺ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម ដោយ​មើល​ឃើញ​ថា​វិស័យ​ព័ត៌មាន​វិទ្យា និង​ការ​ប្រើ​ប្រាស់ Internet នៅ​មាន​កម្រិត​ទាប​នោះ គឺ​ក្រុមហ៊ុន​របស់​លោក​នឹង​ធ្វើ​ការ​បង្កើត​មធ្យោបាយ​ថ្មី​មួយ ដែល​តាម​រយៈ​នេះ ខ្មែរ​នៅ​ទូទាំង​ពិភព​លោក​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រទេស​មាន​ការ​រីក​ចម្រើន​និង​រឹង​មាំ​ជាង​មុន។

លោក ព្រាប កុល មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «ប្រជាពលរដ្ឋ​ខ្មែរ​យើង​ប្រើ​ប្រាស់​វ៉ឹបសៃថ៍​នេះ​ដោយ​ឥត​គិត​ថ្លៃ យើង​មាន​ការ charge ខ្លះៗ​ទៅ​លើ​ក្រុមហ៊ុន ឬ​ក៏​វិនិយោគ​ទុន​ដែល​គាត់​ត្រូវ​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​វ៉ឹបសៃថ៍​របស់​យើង។ ព័ត៌មាន​វិទ្យា​នៅ​ស្រុក​ខ្មែរ​យើង​នៅ​មាន​កម្រិត​ទាប ចង់​ឃើញ​មាតុភូមិ ប្រជាពលរដ្ឋ​យើង​រីក​ចម្រើន​លឿន យើង​មិន​អង្គុយ​រង់ចាំ​ដល់​វិស័យ​អ៊ិនធឺណេត​ហ្នឹង មាន​ការ​រីក​ចម្រើន​បាន​យើង​ធ្វើ​ទេ យើង​នាំ​គ្នា​ធ្វើ​ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​អ៊ិនធឺណេត បាន​ជឿន​លឿន​ទៅ​មុខ​ដែល​ខ្មែរ​យើង​អាច​ឈាន​យក​ប្រយោជន៍​ពី​អ៊ិនថឹណិត ដូច​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត»

និស្សិត​មួយ​រូប​ឈ្មោះ ជុំ សុគារ៉ា មាន​ប្រសាសន៍​ថា បញ្ហា​ចម្បង​របស់​សិស្ស​និសិ្សត​គឺ ពុំ​មាន​សមត្ថភាព និង​លទ្ឋភាព​ប្រើ​ប្រាស់ Internet ដែល​មក​ពី​វ័ស័យ​បច្ចេកវិទ្យា​នៅ​ស្រុក​ខ្មែរ​មិន​សូវ​រីក​ចម្រើន និង​តម្លៃ​នៃ​ការ​ប្រើ​ប្រាស់ Internet នៅ​ថ្លៃ​នៅ​ឡើយ ដែល​ជា​បញ្ហា​ធ្វើ​ឲ្យ​និស្សិត​កំពុង​ជួប​ប្រទះ។

និស្សិត ជុំ សុគារ៉ា មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្នុង​នាម​ខ្ញុំ​ជា​និស្សិត ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​បាន​ទទួល​ព័ត៌មាន ឬ​ក៏​ឱកាស​ធ្វើ​ការងារ​ណា​មួយ​ឲ្យ​សម​ស្រប​ចំពោះ​ខ្ញុំ ក្នុង​ការ​ទៅ​ទស្សនា​នូវ​វ៉ឹបសៃថ៍​របស់ angkorone.com»

តំណាង​យុវជន​ឈាន​មុខ ក៏​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​សម្ពោធ​នោះ​ដែរ​ថា យុវជន​ខ្មែរ​ជា​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ ដូច្នេះ​យុវជន​មាន​ការ​យល់​ដឹង​ផ្នែក​សង្គម​បាន​ច្រើន លុះត្រា​វិស័យ​បច្ចេក​វិទ្យា​ក្នុង​ប្រទេស​មាន​លក្ខណៈ​ទូលំ​ទូលាយ ដើម្បី​បង្ក​ការ​ងាយ​ស្រួល​ដល់​យុវជន ពិសេស​យុវជន​ក្រីក្រ ៖ «ម្យ៉ាង​វិញ​ទៀត​ដោយសារ​យើង​ជា​យុវជន​ខ្មែរ ភាគ​ច្រើន​យុវជន​ខ្មែរ​តែង​តែ​ចង់​បាន​ឱកាស ឧទាហរណ៍​ទៅ​រៀន​នៅ​ប្រទេស​ក្រៅ»

តារា​ភាពយន្ត​ខ្មែរ លោក ហម ឈូរ៉ា មាន​ប្រសាសន៍​ថា ក្រុមហ៊ុន Angkorone.com ជា​ក្រុមហ៊ុន Internet មួយ ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​និង​ប្រពៃណី​ខ្មែរ ដើម្បី​ឲ្យ​ពិភព​លោក​បាន​ដឹង​និង​បាន​ស្គាល់។

ម្ចាស់​ក្រុមហ៊ុន Angkorone ជា​ជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក គឺ​លោកSteven Path (ស្ទេវិន ផាត់) បាន​បើក​ក្រុមហ៊ុន​សេវា Internet ដំបូង​គេ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា គេហទំព័រ​នេះ លោក​មាន​គោល​បំណង​ឲ្យ​ក្លាយ​ជា​គេហទំព័រ​ខ្មែរ និង​ជា​គេហទំព័រ​ទេសចរណ៍​កម្ពុជា លេខ​១ របស់​ខ្មែរ​នៅ​ក្នុង​ពិភព​លោក។ លោក​ជា​សហគ្រិន​សង្គម​មួយ​រូប លោក​មាន​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​បរិច្ចាគ​ប្រាក់​ចំណេញ​មួយ​ផ្នែក​ធំ ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សង្គម និង​ជំរុញ​សហគមន៍​កម្ពុជា ឲ្យ​ចូល​រួម​ក្នុង​បុព្វហេតុ​នេះ។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Angkorone លោក ព្រាប កុល បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​នេះ​មាន​ទី​ស្នាក់ការ​ធំ​នៅ​រដ្ឋ​ម៉ានីសូតា សហរដ្ឋ​អាមេរិក និង​បាន​មក​បើក​សាខា​ចំនួន​ពីរ​កន្លែង​ទៀត​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០០៩ នេះ គឺ​រួម​មាន​ក្រុង​ភ្នំពេញ និង​ខែត្រ​សៀមរាប។ ហើយ​បុគ្គលិក​លើស​ពី ៩០% ក្នុង​ចំណោម​បុគ្គលិក ១៤​នាក់ មាន​ចំណែក​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​នេះ។

លោក​បន្ត​ទៀត​ថា ប្រាក់​ចំណេញ​មួយ​ផ្នែក​នឹង​បរិច្ចាគ​ជួយ​ដល់​សង្គម ដូច​ជា​ក្រុមហ៊ុន​គ្រោង​នឹង​ទិញ​មួក​សុវត្ថិភាព ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​លទ្ធភាព​ទិញ​មួក​សុវត្ថិភាព និង​គ្រោង​ប្រមូល​សៀវភៅ កុំព្យូទ័រ ពី​ប្រទេស​អាមេរិក, កាណាដា ប្រទេស​ផ្សេងៗ​ទៀត នឹង​យក​មក​បើក​ជា​បណ្ណាល័យ​សម្រាប់​ឲ្យ​សិស្ស​និស្សិត​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ហើយ​និង​ទិញ​ធុង​ចម្រោះ​ទឹក​ស្អាត​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​បញ្ជាក់​ថា កម្មវិធី​ទាំង​នេះ​ក្រុមហ៊ុន​កំពុង​កំណត់​គោល​ដៅ​ថា តើ​នឹង​ជួយ​នៅ​តំបន់​ណា​ខ្លះ? ហើយ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​អាច​ជួយ​ដល់​កម្មវិធី​ទាំង​បី​នេះ​បាន​តាម​រយៈ​ក្រុមហ៊ុន​របស់​លោក។

រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក សូ ឃុន មិន​បាន​បំភ្លឺ​ជុំវិញ​នឹង​សំណួរ​ដែល​ថា តើ​វិស័យ​ព័ត៌មាន និង Internet មាន​ការ​រីក​ចម្រើន​ដល់​កម្រិត​ណា​នៅ​កម្ពុជា? ហើយ​ក្រុមហ៊ុន Internet ទាំង​អស់​នៅ​កម្ពុជា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ?៕