កឹម សុខា គ្រោង​ជួប​ចរចា​ជាមួយ សម រង្ស៊ី ស្ដីពី​ការចង​សម្ព័ន្ធភាព

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា គ្រោង​ជួប​ចរចា​ជាមួយ​នឹង​ប្រធាន​គណបក្ស​សមរង្ស៊ី​ឆាប់ៗ​នា​ខែ​មករា​នេះ​ជុំវិញ​គោលការណ៍​រៀបចំ​សម្ព័ន្ធភាព​នៃ​ពីរ​គណបក្ស​នោះ​សម្រាប់​ជួយ​ការពារ​សំឡេង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​និង​ក្រៅ​ប្រទេស​ដើម្បី​ប្រកួត​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា។

0:00 / 0:00

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ចំ​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​២០០៩ ៖ «ដោយសារ​ពិសោធន៍​ពី​អតីតកាល​មក​ថា បើ​យើង​អត់​រួម អត់​ឈ្នះ​គណបក្ស​ប្រជាជន​ទេ។ ទី​២ បើ​គាត់​យល់ស្រប​បើ​យើង​អត់​រួម​អត់​ឈ្នះ​គណបក្ស​ប្រជាជន​ដូច​គ្នា តើ​នៅ​សល់​ហេតុផល​អី​ទៀត? កុំ​ឲ្យ​មាន​ការសង្ស័យ​គ្នា សំខាន់​ការទុក​ចិត្ត​គ្នា។ យើង​នឹង​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ហេតុផល ហើយ​ពេល​ហ្នឹង​គឺ​យើង​អាច​លើកឡើង​អំពី​ប្រព័ន្ធ​នៅ​ក្នុង​ការដឹកនាំ​របស់​គណបក្ស ដោយ​ខ្ញុំ​នឹង​គាំទ្រ​ឯកឧត្ដម សម រង្ស៊ី ធ្វើ​ប្រធាន គឺ​ខ្ញុំ​សុខចិត្ត​ឲ្យ​គាត់​ធ្វើ​ប្រធាន​សម្ព័ន្ធ ហើយ​បើ​ថា​គាត់​ចង់​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​សម្ព័ន្ធ​ហ្នឹង ខ្ញុំ​គាំទ្រ​ឲ្យ​គាត់​ធ្វើ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ទៀត»

គម្រោង​ជួប​ចរចា​បង្កើត​សម្ពន្ធ័ភាព​នេះ ប្រធាន​គណបក្ស​សមរង្ស៊ី​មិន​អាច​ទាក់ទង​បាន​ដោយ​លោក​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​អគ្គលេខាធិការ​គណបក្ស​សមរង្ស៊ី លោកស្រី កែ សុវណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ៖ «យើង​មិន​ចង់​បាន​សម្ព័ន្ធភាព​មួយ​គ្រាន់តែ​បង្កើត​ឡើង​មក​មាន​ជា​រូបរាង ហើយ​វា​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ​ទេ។ សម្ព័ន្ធភាព​ទៅ​ថ្ងៃ​មុខ​គឺ​ជា​សម្ព័ន្ធភាព​រឹង​មាំ សម្ព័ន្ធភាព​ដែល​មាន​គោលជំហរ ដែល​មាន​គោលដៅ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់»

ជុំវិញ​គម្រោង​បង្កើត​សម្ព័ន្ធភាព​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​នេះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រ្វែល​មាន​ប្រសាសន៍​ថា ការចង​សម្ព័ន្ធភាព​នៃ​គណបក្ស​នោះ​ជា​ឧត្តមគតិ​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​ចំណេញ​ផល​ប្រយោជន៍​គណបក្ស ប៉ុន្តែ​សម្ព័ន្ធភាព​នោះ​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​ទើប​អាច​សម្រេច​បាន​ជោគជ័យ។

លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា ៖ «ការចង​គ្នា​វា​ដូច​កាំបិត​មុខ​ពីរ​ដែរ បើ​ចង​គ្នា​វា​ជាប់​វា​ល្អ បើ​ចង​គ្នា​មិន​ជាប់ វា​អាច​ធ្វើ​ឲ្យ​មាន​អ្នក​គាំទ្រ​ហ្នឹង​គេ​មិន​ទុក​ចិត្ត​អី​អ៊ីចឹង​ទៅ»

តំណាង​គណបក្ស​សមរង្ស៊ី ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​នាយក​អង្គការ​ខុមហ្រ្វែល សុទ្ធតែ​និយាយ​ថា​បទពិសោធន៍​នៃ​ការចង​សម្ព័ន្ធភាព​ដែល​បង្កើត​ភ្លាមៗ​មិន​រៀបចំ​ចងក្រង​ឲ្យ​មាន​គោលការណ៍​ច្បាស់លាស់​និង​មិន​ប្រុងប្រយ័ត្ន​ទៅ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សម្ពន្ធ័ភាព​បាន​ធ្លាក់​ចុះ​ជំនឿ​ទុក​ចិត្ត​ពី​អ្នក​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ ប្រសិន​បើ​មេ​គណបក្ស​ទន់​ជ្រាយ​ជំហរ​របស់​ខ្លួន ងាក​រេ​ម្តង​ទៅ​នេះ​ម្តង​ទៅ​នោះ​នាំ​ឲ្យ​បាត់​សំឡេង​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ។

សូម​ជម្រាប​ថា អាសនៈ​សភា​លើក​ទី​៤ ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៩០​អាសនៈ គណបក្ស​សមរង្ស៊ី​ទទួល​បាន​២៦​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​២​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន​៣​អាសនៈ និង​គណបក្ស នរោត្តម រណឫទ្ធិ ទទួល​បាន​២​អាសនៈ៕