សេចក្តីរាយការណ៍បានឲ្យដឹងថា ការផ្ទុះអាវុធនៅតំបន់ភ្នំទ្រព្យចម្ងាយប្រមាណ៣គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះវិហារ គឺកើតឡើងពីទាហានថៃដែលបង្ករឿងហេតុ។ សេចក្តីរាយការណ៍ដំបូងបានឲ្យដឹងថា មានទាហានខ្មែរម្នាក់បានរងរបួសក្នុងពេលប្រយុទ្ធ។
លោក សាវយុត ធ្វើសេចក្តីរាយការណ៍តាមរយៈការសាកសួររបស់លោក ម៉ាយ៉ារិទ្ធិ ៖
ម៉ាយ៉ារិទ្ធិ ៖ លោក សាវយុត តើស្ថានភាពប៉ះទង្គិចគ្នារវាងទាហានថៃនិងទាហានខ្មែរហ្នឹងមានលក្ខណៈយ៉ាងដូចម្ដេចទៅ?
សាវយុត ៖ សូមជម្រាបថា នៅថ្ងៃនេះកាលពីវេលាម៉ោងប្រមាណជា៣:៣៥នាទី ខ្ញុំបានទទួលដំណឹងថា មានការប៉ះប្រយុទ្ធគ្នារវាងកងកម្លាំងយោធាខ្មែរនិងទាហានឈុតខ្មៅថៃនៅឯតំបន់ជិតប្រាសាទព្រះវិហារ។
ម៉ាយ៉ារិទ្ធិ ៖ ការប៉ះទង្គិចហ្នឹងផ្ដើមមកពីអ្វីទៅលោក?
សាវយុត ៖ តាមកងទាហានខ្មែរនៅតំបន់ហ្នឹងបានឲ្យដឹងថា កាលពីវេលាម៉ោង៣:៣០នាទីហ្នឹងគឺមានកងទាហានឈុតខ្មៅប្រមាណជា១៤នាក់បានព្យាយាមចូលមកតំបន់មួយឈ្មោះ ព្រលានឥន្រ្ទី នៅតំបន់ភ្នំទ្រព្យដែលជាទឹកដីរបស់ខ្មែរ ហើយពេលនោះកងទាហានខ្មែរបានទៅរារាំងកងទាហានថៃទាំងនោះមិនឲ្យចូល។ បន្ទាប់មកកងទាហានថៃចំនួន១៤នាក់ហ្នឹងបានដកថយចេញទៅវិញចម្ងាយប្រមាណជា៣០ម៉ែត្រ ក៏មានការបាញ់កាំភ្លើងធុនសេវិនធីណាយ ហើយនិងកាំភ្លើងដៃជាច្រើនគ្រាប់រះមកលើកងទាហានខ្មែរ ហើយកងទាហានខ្មែរពេលនោះបានតបតវិញដោយប្រើអាវុធធុនបេ។ ហើយបន្ទាប់ពីមានការផ្ទុះអាវុធប្រហែលជា១០នាទីក្រោយមកគឺកងទាហានខ្មែរនៅកងពលលេខ៤៣ វរ៤៣១ នៅក្នុងកងកម្លាំងគគាំទ្រហ្នឹង ម្នាក់បានត្រូវរបួស ដែលជាយោធាខ្មែរឈ្មោះ ចិន ម៉េង អាយុ៣៤ឆ្នាំ រងរបួសដៃ។ ចំណែកឯកងទាហានថៃត្រូវបានគេរំពឹងថា ប្រហែលជាមានស្លាប់ហើយនិងរងរបួស ក៏ប៉ុន្តែទោះយ៉ាងណាគេមិនបានដឹងពីចំនួននោះពិតប្រាកដទេ។
ម៉ាយ៉ារិទ្ធិ ៖ ចុះស្ថានភាពនៅទីនោះមានការដោះស្រាយយ៉ាងម៉េចទៅហើយ?
សាវយុត ៖ តាមសេចក្ដីរាយការណ៍ពីកងទាហានខ្មែរដែលនៅជាប់ព្រំដែនខ្សែត្រៀមហ្នឹងបានប្រាប់ថា នៅពេលនេះកងទាហានខ្មែរនិងកងទាហានថៃហ្នឹងបានត្រៀមប្រយុទ្ធរៀងខ្លួននៅក្នុងលេណដ្ឋាន ហើយកងទាហានឈុតខ្មៅថៃជាច្រើនដែលធ្លាប់តែនៅខ្សែត្រៀមជួរមុខតទល់ជាមួយទាហានខ្មែរជាប់ប្រាសាទព្រះវិហារហ្នឹងបានចាកចេញពីតង់កៅស៊ូជំរំរបស់ខ្លួនរៀងៗខ្លួនសំដៅទៅរកកន្លែងដែលត្រៀមលក្ខណៈប្រយុទ្ធ ហើយស្ថានភាពនៅទីនោះកំពុងតែច្របូកច្របល់ដោយមិនមានការចេញចូលរហេតរហូតបានដូចពេលមុនទៀតទេ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយស្ថានការណ៍នៅទីនោះយើងមិនទាន់និយាយបានជាផ្លូវការ ដោយសារតែមេបញ្ជាការថ្នាក់ធំៗរបស់ទាហានខ្មែរជាច្រើនបានបិទទូរស័ព្ទមិនឲ្យទំនាក់ទំនងបាន។ ហើយខ្ញុំបានសាកសួរទៅឧត្ដមសេនីយ៍ ជា កែវ ប្រមាណជាជិតមួយម៉ោងមុននេះ គាត់ត្រឹមតែបានឆ្លើយតបថាគាត់មិនទាន់មានការពន្យល់បានទេពីព្រោះគាត់រវល់ខ្លាំង។
ប៉ុន្តែបើតាមការសាកសួរបានខ្លះពីក្រុមអ្នកកាសែតដែលបានទៅកាន់តំបន់នោះមុនពេលហ្នឹង លោក ជា កែវ បានឆ្លើយថាបញ្ហានេះគឺបង្កឡើងដោយកងទាហានថៃមុន ហើយទាហានខ្មែរមិនទទួលខុសត្រូវទេចំពោះព្រឹត្តិការណ៍វាយប្រហារដោយអាវុធនេះ ពីព្រោះទាហានថៃហាក់ដូចជាបានប៉ុនប៉ងវាយប្រហារមកលើខ្មែរជាមុន ហើយថាបើមានហេតុកើតឡើងផ្លូវច្បាប់គឺទាហានថៃជាអ្នកទទួលខុសត្រូវ។
ម៉ាយ៉ារិទ្ធិ ៖ ហើយមានប្រតិកម្មអ្វីពីស្ថានទូតថៃឬក៏ពីមន្ត្រីថៃដែរឬទេមកទល់ពេលនេះ?
សាវយុត ៖ រហូតមកដល់ពេលនេះយើងមិនទាន់មានឮប្រតិកម្មចេញពីស្ថានទូតឬក៏មន្ត្រីថៃនៅឡើយទេ។ យើងឮតែនៅកន្លែងសមរភូមិនោះ គឺមេបញ្ជាការទាហានថៃហ្នឹងបានស្នើសុំកុំឲ្យមានការប្រយុទ្ធគ្នាតទៅទៀត ពីព្រោះគេសុំចូលដើម្បីរកកម្លាំងគេដែលរងរបួសឬក៏អាចមានអ្នកស្លាប់ ប៉ុន្តែមិនមានស្អីកើតឡើងតទៅទៀតទេ គ្រាន់តែមានការប្រុងប្រយ័ត្នរៀងខ្លួនហើយមានការត្រៀមប្រយុទ្ធដ៏តានតឹង៕