កាសែត​ខ្មែរ​ម្ចាស់​ស្រុក​បោះពុម្ព​ផ្សាយ​ឡើង​វិញ

កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ជា​ភាសា​ខ្មែរ ដែល​បាន​ផ្អាក​ការ​ចេញ​ផ្សាយ​កន្លង​មក ឥឡូវ​នេះ​បាន​ប្រកាស​ថា និង​ចាប់​ផ្ដើម​ចេញ​ផ្សាយ​វិញ​ហើយ ដោយ​បាន​បញ្ជាក់​ពី​ជំហរ​ឯករាជ្យ។

កាសែត​ខ្មែរ​ម្ចាស់​ស្រុក
កាសែត​ខ្មែរ​ម្ចាស់​ស្រុក (RFA/Sok Serey)

0:00 / 0:00

កាសែត​ខ្មែរ​ម្ចាស់​ស្រុក ដែល​បាន​ផ្អាក​ការ​ចេញ​ផ្សាយ​រយៈ​ពេល​ជាង ៩​ខែ កន្លង​មក ដោយសារ​ក្ស័យ​ធុន​នោះ បាន​ចេញ​ផ្សាយ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១១ ចំនួន ១៥០០​ច្បាប់ ចំណាយ​ថវិកា​អស់​ជាង​ចំនួន ១០០​ដុល្លារ​អាមេរិក។

ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​លោក ហង្ស ចក្រា មាន​ប្រសាសន៍​បញ្ជាក់​ថា​កាសែត​នេះ បាន​ផ្អាក​ការ​ចេញ​ផ្សាយ​នៅ​ខែ​មិថុនា ឆ្នាំ​២០១០ រហូត​ដល់​ខែ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១១។ កាសែត​នេះ មាន​ចំនួន ៤​ទំព័រ រូប​ភាព​ស​ខ្មៅ ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ ដោយ​ផ្ដោត​លើ​បញ្ហា​នយោបាយ បញ្ហា​សង្គម និង​ការ​អប់រំ និង​មាន​និន្នាការ​រិះគន់​រដ្ឋាភិបាល​ដើម្បី​ស្ថាបនា ប៉ុន្តែ​លោក​បញ្ជាក់​ថា មិន​មែន​ជា​កាសែត​របស់​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី​ទេ។

ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក លោក ហង្ស ចក្រា អាយុ​៥៧​ឆ្នាំ ដែល​កាសែត​របស់​លោក​បាន​បង្កើត​នៅ​ឆ្នាំ​២០០៧ កន្លង​មក បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ថា​កាសែត​របស់​លោក មាន​ជំហរ​ឯករាជ្យ ហើយ​ការ​ចេញ​ផ្សាយ​នេះ គឺ​ចេញ​ថវិកា​ផ្ទាល់​ខ្លួន ៖ "គេ​តែង​តែ​និយាយ​ថា កាសែត​របស់​ខ្ញុំ​នេះ​មាន​និន្នាការ​គាំទ្រ​គណ​បក្ស​ប្រឆាំង។ ប៉ុន្តែ​ជា​គោល​ការណ៍​របស់​ខ្ញុំ កាសែត​របស់​ខ្ញុំ គឺ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ដដែល។ ប្រកាន់​ជំហរ​ឯករាជ្យ មិន​លំអៀង​ទៅ​រក​បក្ស​នយោបាយ​ណា​មួយ​ទេ"

ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក ណុប វី បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ការ​រិះគន់​របស់​កាសែត​នេះ គឺ​ជា​ការ​កែ​លម្អ​សង្គម ៖ "ចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​អនុវត្ត​ការ​ងារ​ខ្លះ​របស់​មន្ត្រី​រដ្ឋាភិបាល មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង។ មួយ​ចំណុច​ទៀត យើង​ឃើញ​ថា ការ​ចេញ​ផ្សាយ​ឡើង​វិញ​នេះ គឺ​ជា​ការ​រួម​ចំណែក​មួយ​នៅ​ក្នុង​ការ​លើក​ស្ទួយ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សម្រាប់​ប្រទេស​កម្ពុជា​យើង​ដែរ"

លោក ហង្ស ចក្រា ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០ ០៩ កន្លង​ទៅ ឲ្យ​ជាប់​គុក ១២​ខែ និង​ផាក​ពិន័យ​ចំនួន ៩​លាន​រៀល ស្មើ​និង ២២៥០​ដុល្លារ​អាមេរិក ក្រោម​បទ​ចោទ​ថា លោក​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារ​កេរ្តិ៍ ដោយ​សារ​តែ​លោក​បាន​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន ចោទ​ប្រកាន់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ និង​បក្ស​ពួក​និយម។

ប៉ុន្តែ​ក្រោយ​មក លោក ហង្ស ចក្រា ត្រូវ​បាន​ព្រះ​មហា​ក្សត្រ ព្រះ​បរម​នាថ នរោត្តម សីហមុនី បាន​ប្រទាន​ការ​លើក​លែង​ទោស ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១០ តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ពី​លោក​បាន​ជាប់​ពន្ធនាគារ​ចំនួន​ជាង ៧​ខែ ស្មើ​២​ភាគ​៣ នៃ​ទោស​សរុប ១២​ខែ។

គេ​បាន​កត់​សំគាល់​ឃើញ​ថា តាំង​ពី​ឆ្នាំ​២០០៨ មក មាន​អ្នក​កាសែត​ជា​ច្រើន​បាន​រង​ការ​ប្ដឹង​ក្រោម​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត នៅ​ក្នុង​នោះ មាន​ដូច​ជា​ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ អ្នក​យក​ព័ត៌មាន​ឌឺ​ខែម​ប៊ូឌែ​ដេលី (The Cambodia Daily) និង​លោក រស់ សុឃិត ជា​ដើម៕