មន្ត្រីជាន់ខ្ពស់គណបក្ស នរោត្តម រណឫទ្ធិ បានឲ្យដឹងពីព្រឹកថ្ងៃទី១៧ ខែឧសភានេះថា ការស្លាប់របស់សកម្មជនម្នាក់នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ គឺជាឃាតកម្មផ្នែកនយោបាយ ដោយសង្ស័យលើមន្ត្រីគណបក្សប្រជាជន ថាបានប្រព្រឹត្តលើរឿងនេះដោយសារតែធា្លប់បានគំរាមកាលពីមុនមក ប៉ុន្តែត្រូវមន្ត្រីប៉ូលិសស្រុកអះអាងថា ស្លាប់ដោយសារខ្យល់គរ ។
លោក មុត ចន្ថា អ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ បានមានប្រសាសន៍ថា លោក សុខ រុន អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ គឺជាសកម្មជនរបស់គណបក្ស ហើយមុនថ្ងៃកើតហេតុ ជនរងគ្រោះបានដើរកោះហៅសមាជិកបក្សដើម្បីជួបជុំគ្នា ។
លោក មុត ចន្ថា បានឲ្យដឹងថា ៖ «បានទទួលការគំរាមកំហែងពីសកម្មជនគណបក្សប្រជាជនកម្ពុជា ដែលបង្ខំឲ្យលោកលាឈប់ពីគណបក្ស នរោត្ដម រណឫទ្ធិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ។ គណបក្ស នរោត្ដម រណឫទ្ធិ ចាត់ទុកថា នេះជាឃាតកម្មនយោបាយហើយ ពីព្រោះថា ជនរងគ្រោះស្លាប់នៅពេលដែលគាត់ទៅបំពេញបេសកកម្ម ដោយគាត់ទៅប្រមូលសកម្មជនដើម្បីមកចូលរួមជួបប្រជុំព្រឹកមិញនេះ ។ យើងមានការសោកស្ដាយដែលកើតឡើងចំពោះសកម្មជនយើង» ។
ចំណែកឯអធិការប៉ូលិសស្រុកកៀនស្វាយ លោក ប៉ា សំអិត បានមានប្រសាសន៍ឲ្យដឹងថា តាមក្រុមជំនាញធ្វើកោសល្យវិច័យនោះការស្លាប់គឺដោយសារខ្យល់គរ ។
លោក ប៉ា សំអិត បានបញ្ជាក់ថា ៖ «ក្នុងខេត្តយើងនេះ ខ្ញុំបានទៅពិនិត្យដល់កន្លែងកើតហេតុ វាអត់មានឃើញអីជារបួសស្នាមទេ គ្រាន់តែឃើញស្នាមកោសខ្យល់ ហើយនៅត្រចៀកមានស្នាមដូចកាប់អី ។ តាមការធ្វើកោសលវិច្ច័យស៊ើបអង្កេតទៅហ្នឹង អាចវាយតម្លៃបានដោយមានពេទ្យអីមកចូលរួម គឺគាត់មានជំងឺខ្យល់គ ព្រោះវាអត់មានអីដើម្បីនឹងយើងដាក់បន្ទុកលើគាត់ ថាមានបងមានអីវ៉ៃទេ គឺគាត់ទៅនៅគៀន អត់មានប្រទូសប្រទើសមានភស្តុតាងអីនៅហ្នឹងទេ» ។
រីឯមន្រ្តីស៊ើបអង្កេតអង្គការលីកាដូ បានបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អំពើឃាតកម្មលើសកម្មជនគណបក្សនយោបាយមានការកើនឡើង ដូចជាឃាតកម្មលើសកម្មជនគណបក្ស សមរង្ស៊ី នៅខេត្តសៀមរាប ឃាតកម្មលើសកម្មជនគណបក្សសិទ្ធិមនុស្ស នៅខេត្តតាកែវ ឃាតកម្មលើសកម្មជនគណបក្ស នរោត្តម រណឫទ្ធិ នៅខេត្តស្វាយរៀង និងគណបក្ស នរោត្តម រណឫទ្ធិដដែល នៅស្រុកកៀនស្វាយនេះ ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ បានមានប្រសាសន៍ឲ្យដឹងថា ៖ «នៅលើសភាពសាកសពតាមយើងពិនិត្យឃើញ ដូចជាមានជាំនៅទ្រូង ហើយនៅខាងស្ដាំដូចជាស្នាមវ៉ៃ ហើយមានឈាមហូរតាមមាត់ និងតាមត្រចៀក ។ នៅជិតសាកសពឃើញមានការប្រទូសប្រតាយគ្នាប្រហែលជា ៤០ម៉ែត្រ ហើយស្នាមអូសយកទៅដាក់នៅក្បែររបងមួយ តាមមាត់ផ្លូវក្បែរផ្ទះគេ ។ ខាងអង្គការលីកាដូ ក៏ដូចជាអង្គការសង្គមស៊ីវិលនានា យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហិង្សាដែលកើតឡើងមុនពេលបោះឆ្នោតខាងមុខនេះ អ៊ីចឹងយើងក៏អាចថា វាអាចមានការប៉ះពាល់ទៅដល់ការឃោសនានៅពេលបោះឆ្នោតខាងមុខនេះ» ។
លោក អំ សំអាត បានឲ្យដឹងទៀតថា ក្រុមការងាររបស់លោកកំពុងបន្តធ្វើការស្រាវជ្រាវ និងប្រមូលភស្តុតាងនានា ក្នុងករណីឃាតកម្មនេះ ហើយលោកសំណូមពរឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីរកមុខឃាតករដៃដល់ ៕