នាយករដ្ឋមន្រ្តី​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​​ឲ្យ​មាន​ការ​ដោះ​លែង ដាំ សិទ្ធិ

បន្ទាប់ពី​មាន​ការទាមទារ​និង​ស្នើសុំ​យ៉ាង​សស្រាក់​សស្រាំ​ពី​ច្រើន​មជ្ឈដ្ឋាន​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ដោះលែង​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ​ជា​បណ្តោះ​អាសន្ន តែ​មិន​បាន​ជោគជ័យ​នោះ​មក កាលពី​ម្សិលមិញ​នេះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ចេញមុខ​ធ្វើ​អន្តរាគមន៍​សុំ​ទៅ​តុលាការ​ក្រុង​ឲ្យ​អនុញ្ញាត​ឲ្យ​លោក ដាំ សិទ្ធិ ឋិត​នៅ​ក្រៅ​ឃុំ ។

លោក សយ សុភាព អ្នកវិភាគ​នយោបាយ​របស់​ទូរទស្ស​ន៍ CTN បាន​ប្រាប់​ថា​នេះ​ជា​ដំណឹង​ថ្មី​ដែល​លោក​បាន​ចេញ​ផ្សាយ​កាលពី​យប់​មិញ ។

លោក សយ សុភាព បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ថ្ងៃ​១៤ ខែ​មិថុនា​ហ្នឹង សម្ដេច​លោក​សរសេរ​លិខិត​ជូន​ទៅ​លោក​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​ឋានៈ​លោក​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សុំ​ធានា​លោក ដាំ សិទ្ធិ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន»

សម រង្ស៊ី អបអរ​ចំពោះ​ការចេញមុខ​អន្តរាគមន៍​ពីសំណាក់​នាយក​រដ្ឋមន្ត្រី

ដំណឹង​ចុង​ក្រោយ​នេះ​ក៏​បាន​ទទួល​ការអបអរ​សាទរ​ពី​លោក​ប្រធាន​នៃ​គណបក្ស​សមរង្ស៊ី​ដែល​លោក​ដាំ សិទ្ធិ គឺ​ជា​បេក្ខជន​មួយ​រូប​សំខាន់​សម្រាប់​មណ្ឌល​ភ្នំពេញ​នោះ​ផងដែរ ។ លោក សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​មិញ​នេះ​ថា នេះ​ជា​ជោគជ័យ​របស់​អង្គការ​នានា ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «ជា​ព័ត៌មាន​ល្អ មាន​ន័យ​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​សិទ្ធិ​មនុស្ស ទាំង​នៅ​ប្រទេស​កម្ពុជា ទាំង​នៅ​ឯ​នាយសមុទ្រ គឺ​បាន​ធ្វើការ​ប្រកប​ដោយ​ជោគជ័យ ។ គេ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​ច្បាប់ គោរព​នីតិ​វិធី​តុលាការ​ខ្លួនឯង ហើយ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន កុំ​គំរាម​កំហែង​បេក្ខជន​មកពី​គណបក្ស​ប្រឆាំង​ដែល​កំពុងតែ​ត្រូវតែ​ឃោសនា​បោះឆ្នោត​បន្តិច​ទៀត​នេះ»

ថ្វីបើ​លោក​បាន​សម្តែង​ក្តីរីករាយ​ដែល​សមាជិក​បក្ស​និង​ជា​បេក្ខជន​សំខាន់​របស់​លោក​ អាច​នឹង​បាន​ធានា​ឲ្យ​ចេញ​ផុត​ពី​ការឃុំឃាំង លោក​ប្រធាន​គណបក្ស​ប្រឆាំង​ក៏​នៅតែ​បារម្ភ​ថា អាច​នឹង​មាន​ល្បិចកល​ផ្សេង​ទៀត​ប្រឆាំង​នឹង​បក្ស​លោក ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «តែ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ក្រែងលោ​ចប់​រឿង​មួយ​បង្កើត​រឿង​មួយ​ទៀត ក្នុង​ស្មារតី​រញ៉េរញ៉ៃ​អត់​គោរព​ច្បាប់ ផ្ដាច់ការ ប្រមូល​ផ្ដុំ​កម្លាំង ប្រមូល​ផ្ដុំ​អំណាច​ដាក់​នៅ​ក្នុង​តែ​កណ្ដាប់ដៃ​ខ្លួន​ហ្នឹង មិន​ល្អ​ទេ​ទម្លាប់​ហ្នឹង»

លោក សម រង្ស៊ី ក៏​ចង្អុល​ឲ្យ​ឃើញ​ថា បើសិន​ជា​លោក​ចាងហ្វាង​កាសែត ដាំ សិទ្ធិ អាច​បាន​ទទួល​សេរីភាព​នៅ​ក្រៅ​ឃុំ​នៅ​ប្រមាណ​ជា​ថ្ងៃ​អាទិត្យ​នេះ​មែន គឺ​វា​នឹង​ស​ឲ្យ​ឃើញ​ថា​កម្ពុជា​ឋិត​នៅ​ក្រោម​អំណាច​ផ្តាច់មុខ​របស់​បុរស​តែ​មួយ​រូប ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «មាន​ន័យ​ថា​ឥឡូវ​នេះ​អំណាច​នៅ​ប្រទេស​កម្ពុជា​យើង គឺ​ប្រមូល​ផ្ដុំ​នៅ​លើ​កណ្ដាប់ដៃ​តែ​មនុស្ស​ម្នាក់ គឺ​លោក ហ៊ុន សែន តែម្ដង ។ គាត់​ចង់​ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ គាត់​ចង់​រំលង​ស្ថាប័ន​ផ្សេងៗ ដូច​ជា​តុលាការ ដូចជា​រដ្ឋសភា គាត់​ចង់​រំលង គាត់​ចង់​សម្រេច​អី​ស្រេចតែ​ចិត្ត​គាត់»

សូម​រំឭក​ថា លោក ដាំ សិទ្ធិ ដែល​ជា​ចាងហ្វាង​និង​និពន្ធ​នាយក​របស់​កាសែត​មនសិការ​ខែ្មរ និង​ជា​បេក្ខជន​តំណាងរាស្រ្ត​លំដាប់​លេខ​៦​របស់​គណបក្ស​សមរង្ស៊ី សម្រាប់​មណ្ឌល​ភ្នំពេញ បាន​ត្រូវ​អាជ្ញាធរ​ប៉េអឹម​ចាប់ខ្លួន​និង​បញ្ជូន​ទៅ​គុក​ព្រៃស កាលពី​ថៃ្ង​អាទិត្យ ទី​៨ មិថុនា មក​ទល់​ថ្ងៃ​នេះ​ពេញ​មួយ​សប្តាហ៍​ហើយ ដោយ​លោក​ត្រូវ​លោក​ឧប​នាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ប្តឹង​ពីបទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​ការបោះពុម្ព​ផ្សាយ​ថា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក ៕