កិច្ច​ព្យាយាម ថែរក្សា​ភាសា​ខ្មែរ នៅ​សុរិន្ទ

លោក ជ័យ មង្គល ជា​ខ្មែរ​សុរិន្ទ​មួយរូប ដែល​ប្តូរផ្តាច់​ក្នុង​សេចក្តី​ប្រាថ្នា ចង់​ស្តារ​វប្បធម៌​ខ្មែរ នៃ​តំបន់​ជាប់​ខ្នង​ភ្នំ​ដងរែក​ឡើងវិញ តាម​រយៈ​ការ​បើក​សាលា​បង្រៀន​ភាសា​ខ្មែរ ។

0:00 / 0:00

កាលពី​ចុងឆ្នាំ ២០០៧ ខ្ញុំបាទ​ធ្លាប់បាន​ណែនាំ​ឱ្យស្គាល់ ខ្មែរសុរិន្ទ​មួយរូប ដែលប្តូរផ្តាច់​ក្នុងសេចក្តីប្រាថ្នា ចង់ស្តារ​វប្បធម៌​ខ្មែរ នៃ​តំបន់​ជាប់​ខ្នងភ្នំ​ដងរែក​ឡើងវិញ ជាពិសេស លោក​បានបង្កើត​កម្មវិធី​បង្រៀន​ភាសា​ខ្មែរ ដើម្បី​ជួយ​ទាំង​កុមារ​ទាំង​មនុស្ស​ធំ នៅ​ខេត្ត​សុរិន្ទ​របស់​ថៃ ឱ្យចេះ​ឤន ​និង​ចេះ​សរសេរ​​​ ភាសាខ្មែរ ។

បុរស​មាឌធំ​កំសត់សក់ តែ​សំបូរ​ពុកមាត់ ពុកចង្ការ​ទុកវែង​ស្រមូម​ស្រមាម ឤយុ​ជាង​៤០​រូបនេះ គឺលោក ជ័យ មង្គល ខ្មែរសុរិន្ទ ពីស្រុក​គោកខណ្ឌ ។ ក្រៅពី​បង្រៀន​ភាសាខ្មែរ​ហើយ លោក ជ័យ មង្គល ក៏កំពុង​ខ្នះខ្នែង បង្កើត​សមាគម​ស្តារ​និង​អភិរក្ស​កេរមត៌ក​ខ្មែរ ថែមទៀតផង ។

ដូចដែល​ខ្ញុំ​ធ្លាប់​ជម្រាប​ហើយ ខ្មែរឧត្តរទិស​កាន់តែ​តិចទៅ​ៗ​ ដែល​នៅ​រក្សា​ភាសា​ដើម​របស់​ខ្លួន ​ព្រោះ​ក្មេង​ៗ​ជំនាន់​ក្រោយ គេ​និយម​និយាយតែ​ភាសា​ថៃ ដោយសារ​មាន​ច្បាប់​​បង្គាប់​ឱ្យ​ពលរដ្ឋ​ថៃ សិក្សា​យ៉ាងហោច​ណាស់ ក៏​ឱ្យ​ចប់​ថ្នាក់​បឋមភូមិ​ដែរ ។

លោក ជ័យ មង្គល ធ្លាប់បាន​ត្អូញត្អែរ​ថា លោក​នឿយហត់​ណាស់ ព្រោះ​ត្រូវ​បំបែក​ខ្លួន​បំបែកពេល រត់​ដូច​ត្រល់ ពី​សាលា​មួយ​ទៅ​សាលា​មួយ ៖ «​šខ្ញុំ​យល់សប្តិ​ឃើញ ខ្ញុំ​ហែល​ទឹក​ក្នុង​មហា​សមុទ្រ​ដ៏​ធំ ហែល​ទឹក​តែ​ម្នាក់ឯង មើល​មិនឃើញ​ត្រើយ​ឬ​ឆ្នេរ នៅ​ឯណា​ទេ​›»

ពី​ពេលនោះ​មកដល់​ពេលនេះ មិន​ប៉ុន្មាន​ខែ​សោះ លោក ជ័យ មង្គល បាន​ពង្រីក​គម្រោង​បង្រៀន​ភាសា​ដើម​របស់​លោក នៅ​ខេត្ត​សុរិន្ទ ដល់​ទៅ​៤​កម្មវិធី ។

ក្រៅពី​ភូមិ​ប៉ូន ​ក៏មាន​កម្មវិធី​បង្រៀន​ភាសាខ្មែរ នៅឯ​ភូមិ​ជ្រួយ នៅឯ​ស្រុក​ស័ង្គៈ និង​នៅ​ក្រុង​សុរិន្ទ ៖ «šកម្មវិធី​មួយ​ៗ​នៅ​ភូមិ​ប៉ូន នៅ​ស័ង្គៈ នៅ​ភូមិ​ជ្រួយ នៅទីនោះ ១០០% កូនសិស្ស​ជាក្មេង មាន​បឋម​សិក្សាដល់​មធ្យម ។ ភូមិ​ប៉ូន ចាប់ពី​ថ្ងៃទី ១៩ កុម្ភៈ​ទៅ សម្ពោធ​សាលា​ហ្នឹង នៅ​នោះ​បង្រៀន​ថ្នាក់​មូលដ្ឋាន​...›»

ជា​ជំហាន​ដំបូង​នេះ កម្មវិធី​បង្រៀន​ខ្មែរ ធ្វើ​បាន​តែ​មួយ​សប្តាហ៍​ម្តង តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ដំណើរ​ជឿនលឿន គួរឱ្យ​ចាប់ឤរម្មណ៍​ណាស់​ដែរ ដោយ​ក្មេង​ៗ​ចេះ​ឤន ចេះ​សរសេរ​បណ្តើរ​ៗ​ហើយ ។

ដោយសារ​ថា ខ្មែរ​សុរិន្ទ​មួយចំនួន ចាប់ផ្តើម​យល់​នូវ​តម្លៃ នៃ​ការចេះ​ភាសា​ដើម​របស់​ខ្លួន ទើប​ចាប់ផ្តើម​មាន​មនុស្ស​ធំ មក​សុំ​រៀន​កាន់តែ​ច្រើន ព្រោះ​បើ​ចេះ​ខ្មែរ​ជ្រៅជ្រះ គេ​ឤច​មក​រក​ទទួលទាន នៅ​កម្ពុជា ធ្វើ​ការងារ​តំណាង​ឱ្យ​ក្រុមហ៊ុន​ថៃ បាន​យ៉ាង​ងាយ​ស្រួល ។

ម៉្យាងទៀត​លោក មង្គល មាន​វិធី​អន្ទង​ចិត្ត​ឱ្យ​ក្មេង​ខ្មែរ​សុរិន្ទ មក​រៀន​ជាមួយ​លោក ដោយ​ការពន្យល់​អធិប្បាយ​ជា​ភាសា​អង់គ្លេស​បន្ថែម ។

លោក ជ័យ មង្គល មាន​ប្រសាសន៍ ដូច្នេះ​ថា ៖ š«​មុនដំបូង ឱ្យ​រៀន​ចេះ​ភាសា​ខ្មែរ​សិន ព្រោះ​អី ភាសា​ថៃ យើង​ចេះ​ច្រើន​ហើយ ហើយ​យើង​ក៏​រៀន​មួយ​ថ្ងៃ ៦​ម៉ោងក្នុង​សាលា សុំ​តែ​យើង មួយ​ឤទិត្យ ៣​ម៉ោង មក​អង្គុយ​រៀន​ខ្មែរ​ខ្លះ រួច​ហើយ ចេះ​ហើយ ខ្ញុំ​បាន​បង្រៀន​អង់គ្លេស អង់គ្លេស​-​ខ្មែរ ដែល​ខ្ញុំ​សរសេរ​អង់គ្លេស ដាក់​ជា​ខ្មែរ›»

ថ្វីបើ​កាលពី​អតីតកាល ឤជ្ញាធរ​ថៃ​បាន​ហាម​មិន​ឱ្យ​មាន​ការផ្សព្វផ្សាយ ភាសា​ខ្មែរ ភាសា​លាវ របស់​ជនជាតិ​ដើម ក៏​ពិតមែន តែ​តាំង​ពី​បាន​ចុះ​ហត្ថលេខា ទទួល​ស្គាល់​សិទ្ធិ​រៀនសូត្រ ​ភាសា​ដើម​មក ថៃ​ក៏​បាន​បណ្តោយ​ឱ្យ សាលារៀន​នីមួយ​ៗ រៀបចំ​កម្មវិធី បង្រៀន​ភាសា​ដើម ដោយ​ខ្លួនឯង ។

លោក ជ័យ មង្គល ប្រាប់​ដូច្នេះ ៖ š«​ឆ្នាំ​មុន​ហ្នឹង ថៃ​ចុះហត្ថលេខា ជាមួយ អង្គការ​សហប្រជាជាតិ ពី​សិទ្ធិ​រៀនសូត្រ​ភាសាដើម ក្រសួង​អប់រំ​ ក៏​បាន​ប្រកាស​លុបចោល​បំរាម​ហ្នឹង ឱ្យ​សាលារៀន គិតគូរ​ដោយ​ខ្លួនឯង​ទៅ›​»

ក្រៅពីនេះ​ខាង​សាលា​ខេត្ត​សុរិន្ទ ដែល​បាន​ចង​សម្ព័ន្ធ​មេត្រី ជាមួយ​ខេត្ត​ឧត្តរមានជ័យ​របស់​កម្ពុជា ក៏​បាន​សុំ​ឱ្យ​លោក ជ័យ មង្គល ជួយ​បង្រៀនមន្ត្រី​ខេត្ត រួមទាំង​លោក​អភិបាល​ខេត្ត​ផង ដើម្បី​ឱ្យ​ងាយស្រួល ក្នុង​ការ​ធ្វើ​ទំនាក់ទំនង ជាមួយ​នឹង​ខ្មែរ ។

គោលបំណង​សំខាន់​របស់លោក ជ័យ មង្គល គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ភាសា​ខ្មែរ ដក់​ជាប់​ក្នុង​ចិត្ត ក្នុង​គំនិត​ខ្មែរ​សុរិន្ទ​គ្រប់​រូប ព្រោះ​នេះ​ជា​កេរមត៌ក ពី​ដូនតា​របស់​គេ​ទាំងឡាយ ។ លោក​នឹង​ព្យាយាម ជំរុញ​ឱ្យ​គេ បញ្ចូល​ភាសា​ខ្មែរ ទៅ​ក្នុង​កម្មវិធី​សិក្សា តាម​សាលា​រៀន​នានា ក្នុង​មូលដ្ឋាន ។

ខាង​កម្ពុជា​វិញ​ក៏​មាន​សប្បុរស​ជន ស្ទុះស្ទារ​ជួយ​ឧបត្ថម្ភ​គាំទ្រ​បូជនីយកិច្ច របស់​លោក ជ័យ មង្គល យ៉ាង​កក់ក្តៅ​ណាស់​​ដែរ ក្នុង​នោះ​មាន​រួមទាំង​សម្តេច​ព្រះរាម​ទៀត​ផង ដែល​តាម​ការ​អះឤង របស់​លោក ជ័យ មង្គល ព្រះអង្គ​ទ្រង់​គាំទ្រ ការ​ស្តារ​សិល្បៈ​​វប្បធម៌​ខ្មែរ នៅ​សុរិន្ទ ។

ពេល​លោក​អញ្ជើញ​មកកាន់​ទីក្រុង​ភ្នំពេញ កាលពី​ខែ​កុម្ភៈ​មុននេះ លោក មង្គល បាន​ទទួល​អំណោយ ពីមិត្តភក្តិ​ជា​ច្រើន​នាក់ ជា​ប្រាក់​ផង និង​ជា​សម្ភារៈ​សិក្សា​ផង ដែល​លោក​បាន​នាំ​យកទៅ​ចែក​ឱ្យ កូន​សិស្ស​នៅ​ឯ​ខេត្ត​សុរិន្ទ ៖ «​šខ្ញុំ​ទៅ​ប្រគល់​ឱ្យ​សៀវភៅ​អី លុយ​ទិញ​សៀវភៅ បាន​សមាគម​វិស្វករ​ខ្មែរ​ជួយ បាន​ម្ចាស់​ហាង​សៀវភៅ នៅ​មុខ​ពុទ្ធសាសន​បណ្ឌិត​ជួយ›​»

ក្រៅពី​នេះ​ខាង​សាកល​វិទ្យាល័យ ន័រតុន ក្រុង​ភ្នំពេញ ក៏​បាន​សន្យា​ផ្តល់​ឤហារូបករណ៍ ដល់​សិស្ស​ខ្មែរ​សុរិន្ទ របស់​លោក ជ័យ មង្គល សម្រាប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ទៀត​ផង ហើយ​ក៏​មាន​ជន​រួមជាតិ​ខ្មែរ នៅ​ប្រទេស​នានា ជួយ​ជា​បច្ច័យ ផងដែរ ។

លោក ជ័យ មង្គល មាន​ប្រសាសន៍​ដូច្នេះ ៖ «š​លុយ​ឧបត្ថម្ភ គឺ​​អ៊ំ អ៊ុំ សារាវុឌ្ឍ នៅ​ស្រុក​បារាំង អ៊ំ ណាវ រិទ្ធិ ហើយអ៊ំ ណុប ចន្ទតារា ។ ផ្ញើ​លុយ​ផ្ញើ​កាក់​មក ។ លោកអ៊ំ សារាវុឌ្ឍ ផ្ញើ​មក ២០០​យូរ៉ូ ណាវ រិទ្ធិ ១០០​យូរ៉ូ លោក​អ៊ំ ណុប ចន្ទតារា គាត់​ផ្ញើមក​លើក​ទី​១ ១០០​ដុល្លារ ខ្ញុំ​យក​ទៅ​ធ្វើ​សាលា នៅ​ភូមិ​ប៉ូន សល់​ពី​ភូមិប៉ូន...›​»

គម្រោង​ស្តារ​សម្បត្តិ​សិល្បៈ​វប្បធម៌ និង​ភាសាខ្មែរ របស់​លោក ជ័យ មង្គល នៅ​មាន​ច្រើន​ទៀត ដូច​ជា ការ​ជប់​ជីវិត​ឡើង​វិញ នូវ​របាំ​បូរាណ ភ្លេង​តន្ត្រី​ខ្មែរ ជាដើម ។

លោក ជ័យ មង្គល ប្រាប់​ថា សមាគម​ស្តារ​សិល្បៈ​វប្បធម៌ ជនជាតិ​ដើម បាន​សម្រេច​ជោគជ័យ ពាក់កណ្តាល​ហើយ កំពុង​តែ​រង់ចាំ​ហត្ថលេខា របស់​លោក​អភិបាល ខេត្ត​សុរិន្ទ មួយ​ទៀត​ប៉ុណ្ណោះ ។

សេចក្តី​ព្យាយាម​រក្សា និង​ផ្សព្វផ្សាយ​ភាព​ជា​ខ្មែរ​ទាំងនេះ របស់​លោក នឹង​បាន​សម្រេច​ផល​ឬ​ទេ​នោះ មួយ​ភាគ​ធំ ផ្អែក​ទៅ​លើ​ការ​គាំទ្រ និង​ការ​លើកទឹកចិត្ត ពី​ជន​រួម​ជាតិ​ខ្មែរ​ទាំងឡាយ ផងដែរ ៕