ទាហាន​ថៃ​បាញ់​ផ្លោង​ចូល​ទឹក​ដី​ខ្មែរ​ក្បែរ​ប្រាសាទ​តាក្របី

ពលរដ្ឋ​​រស់នៅ​តំបន់​ព្រំដែន​ក្នុង​ភូមិ​បុសធំ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា​កង​ទាហាន​ថៃ​ដែល​នៅ​លើ​ខ្នង​ភ្នំ​ថ្មរយ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ប្រាសាទ​តាក្របី​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ​ជា​ច្រើន​គ្រាប់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​នៃ​តំបន់​ជិត​ប្រាសាទ​តាក្របី​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​កុម្ភៈ។

0:00 / 0:00

ប្រជាពលរដ្ឋ​បាន​និយាយ​ថា គេ​បាន​ឮ​សូរ​សំឡេង​គ្រាប់​ផ្លោង​ជា​ច្រើន​គ្រាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក​ពី​លើ​ខ្នង​ភ្នំ​ថ្មរយ​ដែល​ជា​កន្លែង​ទាហាន​ថៃ​មួយ​ក្រុម​បាន​បោះ​ជំរំ​នៅ។

អ្នក​ភូមិ​បាន​និយាយ​ទៀត​ថា គ្រាប់​កាំភ្លើង​ធំ​មួយចំនួន​បាន​ធ្លាក់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ភូមិ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​រស់នៅ​ក្បែរៗ​នោះ​មាន​ការភិតភ័យ​នាំ​គ្នា​រត់​រក​កន្លែង​សុវត្ថិភាព ៖ «ពួក​ទាហាន​ថៃ​នៅ​ភ្នំ​ថ្មរយ​វា​បាញ់។ ប្រជាពលរដ្ឋ​នៅ​នេះ​ឮ​ទាំងអស់... កាំភ្លើង​ធំ... ធ្លាក់​លើ​ភ្នំ​ផង មក​ធ្លាក់​ឯ​ក្រោម​ភ្នំ​ប្រហែល​ជា​១០​គ្រាប់... ប្រជាពលរដ្ឋ​ដែល​នៅ​នេះ​ប្រមូល​កូន​ចៅ​មក​នៅ​ជុំ​គ្នា»

ទោះ​ជា​យ៉ាង​ណា​មិន​អាច​ទំនាក់​ទំនង​មន្ត្រី​យោធា​ថៃ​ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​នោះ​បាន​ទេ។

តាម​មន្ត្រី​យោធា​ព្រំដែន​ខ្មែរ​នៃ​កងពល​តូច​លេខ​៤២​ប្រចាំការ​នៅ​តំបន់​ប្រាសាទ​តាមាន់​និង​តាក្របី​បាន​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃ​អង្គារ​ថា គេ​បាន​ឮ​សំឡេង​កាំភ្លើង​ធំ​បាញ់​ជា​ច្រើន​គ្រាប់​មែន ក៏​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ហ៊ាន​អះអាង​ពី​មូលហេតុ​នៃ​ការបាញ់​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​កំពុង​តែ​បញ្ជូន​កម្លាំង​យោធា​មួយចំនួន​ចូល​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​សិន។

មន្ត្រី​យោធា​ដដែល​បាន​បញ្ជាក់​ថា ៖ «មានៗ កាំភ្លើង​ធំ កាំភ្លើង​ផ្លោង អត់​ទាន់​ច្បាស់​ខ្ញុំ​អត់​ទាន់​ជម្រាប​ជូន​បាន កម្លាំង​ខ្ញុំ​កំពុង​តែ​ចូល​ទៅ​ពិនិត្យ»

មេ​បញ្ជាការ​រង​ភូមិភាគ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ប្រចាំ​ទិស​ឧត្តរ លោក​ឧត្តមសេនីយ៍​ត្រី ​ពៅ ហេង គ្រាន់តែ​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា ពិត​ជា​មាន​សំឡេង​ផ្ទុះ​ក៏​ប៉ុន្តែ​រង់ចាំ​កម្លាំង​មួយ​ក្រុម​ដែល​បាន​បញ្ជូន​ទៅ​ពិនិត្យ​សិន​ទើប​ដឹង​ថា​យ៉ាង​ណា ៖ «ហ្នឹង​ហើយ​កំពុង​តែ​រវល់​ទៅ​ពិនិត្យ»

រហូត​មក​ដល់​ម៉ោង​ជាង​២​រសៀល​កង​ទាហាន​ខ្មែរ​នៅតែ​មិន​ទាន់​អាច​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​នៃ​ការបាញ់​នោះ​ទេ ក៏​ប៉ុន្តែ​កង​ទាហាន​បាន​អះអាង​ថា ពុំ​មាន​អ្នក​ណា​ម្នាក់​រង​គ្រោះថ្នាក់​និង​រង​របួស​ដោយសារ​គ្រាប់​ផ្លោង​នោះ​ឡើយ។

ចំណែក​នៅ​ឯ​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​ឯណោះ​វិញ​មាន​សេចក្តី​រាយការណ៍​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​ជាង​៣០​នាក់​បាន​ចូល​ទៅ​ក្នុង​ទី​វត្ត​ខ្មែរ​កែវសិក្ខាគិរីស្វៈរៈ​ជា​ច្រើន​ម៉ោង ហើយ​ហាម​ឃាត់​ព្រះ​សង្ឃ​មិន​ឲ្យ​សាងសង់​បន្ទប់​ទឹក​ថ្មី​និង​ពង្រីក​សាលា​ឆាន់​ទេ ហើយ​ចាប់​តាំង​ពី​ម៉ោង​ជាង​១​រសៀល​មេបញ្ជាការ​ទាហាន​ខ្មែរ​បាន​ចេញ​បញ្ជា​ឲ្យ​ពល​ទាហាន​ប្រុង​ប្រយ័ត្ន​និង​មិន​ឲ្យ​ចេញ​ដើរ​ចោល​ខ្សែ​ត្រៀម​ទេ​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​នៃ​ការបាញ់​ផ្លោង​នោះ៕