ប្រជាពលរដ្ឋអ្នកដឹងហេតុការណ៍ម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ពលរដ្ឋខ្មែរដែលត្រូវតម្រួតឡាវ បាញ់សម្លាប់ មានឈ្មោះ ចាន់ គឺជាប្រជាពលរដ្ឋចំណាកស្រុកពីខេត្តកំពង់ឆ្នាំង មកស្នាក់នៅឃុំព្រែកមាស ក្នុងស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីប្រកបមុខរបរចូលព្រៃកាប់ឈើប្រណិត។
ប្រជាពលរដ្ឋដដែលឲ្យដឹងថា ពួកគេមានគ្នា ១៦នាក់ ត្រូវតម្រួតឡាវ ស្ទាក់បាញ់នៅចំណុចណងហៀង ស្រុកមឿងខូង ជាប់នឹងតំបន់ត្រពាំងអន្សង ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៖ «បាញ់ស្លាប់ហើយឈ្មោះ ចាន់ៗ ណា! ដល់បាញ់ស្លាប់ហើយគាត់អត់ហ៊ាននិយាយ។ល្ងាចមិញឮថា យកឡានមកដឹកពួកគាត់។ ពួកគាត់ ១៥នាក់ ស្លាប់១ ហើយ បាញ់ម៉ោង ១២យប់។គាត់សម្ងាត់ ទាហានដូចគ្នា គាត់ខ្លាចថា គេហាមដល់លួចទៅអ៊ីចឹងណា! បើប្រាប់ទាហានខ្លាចគេបន្ទោសយើង នរណាឲ្យឯងទៅ។ ឥឡូវគេអត់ឲ្យទៅឯណា ទៅខ្លាចគេបន្ទោស។គាត់ទើបមកពីភូមិគាត់»។
វិទ្យុអាស៊ីសេរីនៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៣ មិនអាចទាក់ទងមេបញ្ជាការប៉ូលិសនៃវរការពារព្រំដែន ៧០១ នៃស្នងការដ្ឋានប៉ូលិសខេត្តស្ទឹងត្រែង លោក ស៊ុន បាន សុំបញ្ជាក់ពីករណីនេះបានទេ។
អធិការរងប៉ូលិសស្រុកសៀមប៉ាង លោក សុខ សារិន បានបដិសេធថា មិនមានសេចក្ដីរាយការណ៍ណាមួយមកអធិការដ្ឋានប៉ូលិសស្ដីពីករណីនេះទេ។ លោកបន្តថា នឹងស្រាវជ្រាវព័ត៌មាននេះ៖ «អត់ទាន់ដឹងផង ខ្ញុំហ្នឹងសួរទៅខាងពួកព្រំដែនអត់ទាន់មានជូនដំណឹងអ្វីទាំងអស់។ កាលមុនឮម្ដង ប៉ុន្តែអត់មានបញ្ហាអ្វីទេ ឡាវអត់បាញ់ទេឥឡូវហ្នឹង»។
យ៉ាងនេះក្តី មេបញ្ជាការយោធាខេត្តស្ទឹងត្រែង លោក ស្វាយ ញ៉ន បានបដិសេធថា សេចក្ដីរាយការណ៍នេះមិនពិត។ លោកបន្តថា ជនរងគ្រោះដែលស្លាប់មិនមែនដោយសារតម្រួតឡាវ បាញ់នោះទេ គឺជនរងគ្រោះស្លាប់ដោយសារជំងឺពោះវៀនដុះខ្នែង៖ «អាហ្នឹងមិនមែនឡាវ បាញ់ទេ ឡាវមិនដែលបាញ់ទេឆ្នាំហ្នឹង បាញ់ស្អី បាញ់ត្រូវកំភួនជើងម្នាក់ហ្នឹង»។
កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ មន្ត្រីយោធាការពារព្រំដែនឲ្យដឹងថា តម្រួតឡាវ បានចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់បានឆ្លងដែនខុសច្បាប់ចូលដីឡាវ ប៉ុន្តែបន្ទាប់មកបានដោះលែងវិញហើយ។
អភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សូផាត កន្លងទៅនេះបានទទួលស្គាល់ថា មិនមែនតែពលរដ្ឋខ្មែរទេដែលលួចឆ្លងដែនទៅប្រទេសឡាវ សូម្បីពលរដ្ឋឡាវ ក៏លួចចូលមកទឹកដីខ្មែរប្រកបរបរខុសច្បាប់ដូចគ្នា ក៏ប៉ុន្តែអាជ្ញាធរខេត្តទាំងពីរបានដោះស្រាយសុំយកពលរដ្ឋអ្នកប្រព្រឹត្តខុសច្បាប់នោះទៅអប់រំ ហើយអនុញ្ញាតឲ្យវិលទៅលំនៅឋានវិញ។
លោកបន្តថា ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ ជាតំបន់ព្រៃក្រាស់ អំណោយផលឲ្យប្រជាពលរដ្ឋទាំងពីរងាយស្រួលលួចឆ្លងដែនទៅវិញទៅមកមិនអាចទប់ស្កាត់បាន។
សេចក្ដីរាយការណ៍របស់សមត្ថកិច្ចប៉ូលិសស្រុកសៀមប៉ាង ឲ្យដឹងថា ក្នុងឆ្នាំ២០១២ នេះ មានប្រជាពលរដ្ឋឡាវ ឆ្លងដែនខុសច្បាប់ចូលមកដីខ្មែរ ហើយត្រូវបានចាប់ខ្លួនមានចំនួនសរុប ២២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។