លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២៦ ខែសីហា ថា កម្មករប្រហែល ២០នាក់ជាងបានដួលសន្លប់នៅម៉ោងប្រហែល ៨កន្លះព្រឹកថ្ងៃទី២៦ ខែសីហា ហើយត្រូវបានថៅកែរោងចក្របញ្ជូននៅគ្លីនិកមួយនៅឃុំកន្ទោក ក្បែរនោះ។
គេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ តែក្រុមកម្មករមានជំនឿថា ខ្មោចចូល តែលោកសង្ស័យថា កម្មករអាចឆក់ខ្សែភ្លើង ឬក៏បាក់កម្លាំងដោយសារថៅកែបង្ខំឲ្យធ្វើការលើសម៉ោង។
រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានកម្មករជាច្រើនរយនាក់បានដួលសន្លប់ពេលកំពុងបំពេញការងារ ដូចជានៅរោងចក្រខេត្តកំពង់ឆ្នាំង កំពង់ចាម កំពង់ស្ពឺ និងខេតកណ្ដាល ជាដើម ដែលមិនបានបញ្ជាក់ពីមូលហេតុនៃការដួលសន្លប់នោះច្បាស់លាស់ ស្របពេលដែលកម្មករខ្មែរ រួមទាំងប្រជាជនខ្មែរភាគច្រើន មានជំនឿថា បណ្ដាលមកខ្មោចបិសាច ឬអ្នកតាកាច់។
ក៏ប៉ុន្តែលោក ជា មុនី បានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការ រក្សាអនាម័យតាមវិទ្យាសាស្ត្រនៅតាមរោងចក្រឲ្យបានច្បាស់លាស់ ជាជាងបណ្ដែតបណ្តោយឲ្យកម្មករដួលសន្លប់ ឬឈឺស្លាប់បន្តទៅទៀត។ លោកថា រោងចក្រស៊ិងលីនេះ មានកម្មករសរុបចំនួន ៣.០០០នាក់៕