សេង ធារី រិះគន់​ថា មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម

នាយិកា​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម កញ្ញា សេង ធារី បាន​ចាត់​ទុក​សេចក្តី​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី កាល​ពី​ពេល​ថ្មីៗ​នេះ ទាក់ទង​នឹង​ចំនួន​ជន​ជាប់​សង្ស័យ​ដែល​នឹង​ត្រូវ​ចោទ​ប្រកាន់​ដោយ​សាលាក្តី​ខ្មែរ​ក្រហម​នោះ​ថា​ជា​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។

កញ្ញា សេង ធារី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ឥឡូវ​យើង​ឃើញ​ហើយ​ថា តុលាការ​ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់​តែ ៥​នាក់​ទេ ហើយ​នាយក​រដ្ឋមន្រ្តី ខ្ញុំ​គិត​ថា​ខុស​ច្បាប់ ព្រោះ​គាត់​អត់​អាច​ជ្រៀត​ជ្រែក​ចូល​នីតិ​វិធី​តុលាការ​ដែល​ត្រូវការ​មាន​ឯករាជ​ភាព​ទេ។ គាត់​បាន​លើក​ឡើង​ថា អត់​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លើស​ពី ៥​នាក់​ហ្នឹង​ទៀត​ទេ បើ​អ៊ីចឹង​នេះ​ជា​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ហើយ តុលាការ​ត្រូវការ​មាន​ឯករាជ​ភាព»

បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ស្តីពី​អំពើ​ពុក​រលួយ​ដែល​កើត​មាន​ដោយសារ​តែ​អ្នក​ធ្វើការ​ខ្មែរ​នៃ​សាលាក្តី​នេះ ត្រូវ​គេ​រាយការណ៍​ថា ត្រូវ​កាត់​បា្រក់​ខែ​បង់​ដល់​មេ​ធំ​របស់​ខ្លួន​ដើម្បី​រក្សា​ការងារ​នៅ​ទី​នោះ​និង​ស្តីពី​ការ​អះអាង​ថា មេដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ជ្រៀតជ្រែក​លូក​លាន់​ផ្ទៃ​ក្នុង​តុលាការ​នោះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ថ្លែង​ទាំង​កំហឹង​ម្តង​ហើយ​ចំពោះ​អង្គការ​សហ​ប្រជាជាតិ​និង​ប្រទេស​ដទៃ​ទៀត ដែល​តាម​ប្រសាសន៍​របស់​លោក​ថា គប្បី​ត្រូវ​យក​មក​កាត់​ទោស​មុន​គេ ព្រោះ​បាន​គាំទ្រ​ខ្មែរ​ក្រហម​រហូត​មក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​គ្មាន ៧​មករា ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ វា​គ្មាន​ពួក​សិទ្ធិ​មនុស្ស​អី​មក​ស្រែក​ក្អេង​ក្អាង​អី​ហ្នឹង​ទេ។ មេ​ក្រុម​សិទ្ធិ​មនុស្ស អា​ចោរ​លួច​អង្ករ អា​យ៉ង​គោ​១០០​អី​ហ្នឹង អាហ្នឹង​ពេល​ហ្នឹង​វា​នៅ​ឱន​ក្បាល​ដាក់​អា​ពត​រែក​ដី​នៅ​ស្រុក​ហ្នឹង​ដែរ វា​ដែល​និយាយ​ពី​សិទ្ធិ​មនុស្ស​អី​កាល​ជំនាន់​នោះ ព្រោះ​អី​ក្រុម​មួយ​ចំនួន​ដឹង​ថា​ប៉ុល​ពត សម្លាប់​មនុស្ស​ឆ្នាំ​៧៥ ដល់ ៧៩ ហើយ ម៉េច​ក៏​នៅ​គាំទ្រ​ប៉ុល​ពត​រហូត​ដល់​ឆ្នាំ​៩៣? បើ​មិន​ដឹង គឺ​គ្មាន​កំហុស​ទេ តែ​ដឹង​ហើយ​ឃុប​ឃិត អាហ្នឹង​គួរ​ជាប់​ទោស​ធ្ងន់​ជាង​អា​ពត​ទៀត។ អង្គការ​សហប្រជាជាតិ បើ​កាត់ ត្រូវ​កាត់​មុន​គេ កាត់​សហប្រជាជាតិ​តែ​ម្ដង កាត់​ប្រទេស​ទាំង​ឡាយ​ដែល​គាំទ្រ​ប៉ុល​ពត នៅ​អង្គការ​សហប្រជាជាតិ ពី​ឆ្នាំ ៧៩ ដល់ ៩១។ ទើប​មក​ឯង​សឿង​កាត់​ទោស​អ៊ីចេះ កាត់​ទោស​អ៊ីចុះ ហើយ​អត់​ចប់​ទេ។ ទើប​ឃើញ​សេចក្ដី​ប្រកាស ខ្ញុំ​ទទួល​របាយការណ៍​ថា បញ្ចប់​ហើយ​រឿង។ ទើប​បញ្ចប់!។ អា​នេះ​អ៊ីចេះ អា​នោះ​អ៊ីចុះ រឿង​អី​ក៏​ច្រើន​ម្ល៉េះ? គេ​កាត់​ទោស​ពី ៧៩ មិន​ទទួល​ស្គាល់​ទេ នៅ​បន្ត។ ឥឡូវ​កាត់​ឡើង​វិញ​ទៅ ស្មុគស្មាញ​លុយ​រាប់រយ​លាន»

សេចក្តី​ថ្លែង​ខាង​លើ​នេះ បាន​ត្រូវ​គេ​ធ្វើ​អត្ថាធិប្បាយ​ថា រឹត​តែ​បង្ហាញ​អំពី​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​មក​លើ​ភាព​ជា​អព្យាក្រឹត​នៃ​តុលាការ​កាន់​តែ​ច្បាស់​ថែម​ទៀត៕