ក្រុមនេះបានសម្ដែងការព្រួយបារម្ភថា ភាពអួអាប់ក្នុងសង្គមខ្មែរបច្ចុប្បន្នដែលកើតចេញពីបញ្ហាអត់ការងារធ្វើ បញ្ហាប្រាក់ខែគ្រូបង្រៀន និងមន្ត្រីរាជការ មានកម្រិតទាបមិនអាចរស់បាន ការបំផ្លាញធនធានធម្មជាតិ អំពើពុករលួយក្នុងជួររដ្ឋាភិបាល និងវប្បធម៌គ្មានទោសពៃរ៍ជាដើមនោះ អាចជាលទ្ធភាពមួយនាំទៅរកការបះបោរក្នុងប្រទេស។
"ទីណាមានការគាបសង្កត់ ឬអំពើអយុត្តិធម៌ ទីនោះនឹងមានការរើបម្រះ"៖ នេះជាពាក្យស្លោកមួយដែលមានលក្ខណៈសកល។
អ្នកវិភាគនយោបាយនៅកម្ពុជា លើកឡើងថា ការបណ្ដែតបណ្ដោយទុកអោយបញ្ហាសង្គមបន្តកើតមានយ៉ាងរ៉ាំរ៉ៃ ដោយមិនបានយកចិត្តទុកដាក់ដោះស្រាយអោយបានត្រឹមត្រូវនោះ អាចបង្កអោយមានផលវិបាកធ្ងន់ធ្ងរនៅក្នុងសង្គម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកឃ្លាំមើលដំណើរការយុត្តិធម៌នៅក្នុងសង្គមកម្ពុជា បានព្រមានថា កម្ពុជាមិនត្រូវធ្វេសប្រហែសក្នុងការដោះស្រាយភាពអយុត្តិធម៌ក្នុងសង្គមនោះឡើយ បើមិនដូច្នោះទេ នោះប្រទេសនេះនឹងអាចធ្លាក់ទៅក្នុងភ្លើងសង្គ្រាមរវាងខ្មែរម្ដងទៀតជាមិនខាន។
ការព្រមានរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ នៅបន្ទាប់ពីក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់ល្បីៗនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ចំនួន ៨ ក្រុមហ៊ុន និងសមាគមសំលៀកបំពាក់ចំនួន ៣ផ្សេងទៀត របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែមីនា បានសម្ដែងក្ដីបារម្ភចំពោះអំពើហិង្សាក្នុងសង្គមខ្មែរ ដែលមានការកើនឡើងឥតឈប់ឈរទៅលើពលរដ្ឋក្រីក្រស្លូតត្រង់។
ក្រោយពីអាជ្ញាធរក្រុងភ្នំពេញ ប្រើប្រាស់អំពើហិង្សាបណ្ដេញឲ្យពលរដ្ឋតំបន់បឹងកក់ និងតំបន់បុរីកីឡា ចេញពីលំនៅឋានដោយបង្ខំនៅដើមខែមករា ដែលក្រុមអ្នកវិភាគមើលឃើញថា ជាអំពើរំលោភច្បាប់កម្ពុជាខ្លួនឯងនោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសំដែងក្តីបារម្ភថា ស្ថានភាពកម្ពុជា អាចមានភាពផុយស្រួយទៅរកអស្ថិរភាពធ្ងន់ធ្ងរក្នុងប្រទេស។
អគ្គលេខាធិការនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវ៉េ (Norway) លោក អៀ ចាន់ណា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា គួរយកចិត្តទុកដាក់ពិនិត្យមើលការប្រើពាក្យធំៗ ដែលបង្កប់ទៅដោយការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ ដូចជា អស្ថិរភាពសង្គម និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ភាពវឹកវរ ឬចលាចលក្នុងសង្គមជាដើម។
លោកបន្តថា ការលើកឡើងអំពីសក្ដានុពលនៃវិបត្តិទាំងនេះ មិនចំណេញសំរាប់នយោបាយការបរទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបាក់មុខមាត់កម្ពុជា ក្នុងឆាកអន្តរជាតិ និងអាចនាំឲ្យប៉ះទង្គិចដល់សេដ្ឋកិច្ចកម្ពុជា ទៅវិញទេ។
លោក អៀ ចាន់ណា បញ្ជាក់ថា ប្រសិនបើការរំលោភសិទ្ធិមនុស្ស និងភាពអយុត្តិធម៌នៅកម្ពុជា នៅតែបន្តកើនឡើង នោះកម្ពុជាមិនត្រឹមតែគ្មានឱកាសចូលជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិប៉ុណ្ណោះទេ តែថែមទាំងមានឈ្មោះក្នុងលំដាប់ថ្នាក់នៃប្រទេសអន់ថយទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ពីខាងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានប្រតិកម្មថា ពាក្យថាអស្ថិរភាពសង្គមសម្រាប់បរិបទកម្ពុជា គឺមិនអាចកើតឡើងទៅរួចទេ ពីព្រោះរដ្ឋាភិបាលមានបទពិសោធន៍ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម។
តំណាងរាស្ត្រចាស់វស្សាពីខាងគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ក្រោយពីសង្គ្រាមក្នុងប្រទេសបានរលត់ទៅ កម្ពុជាខិតខំយ៉ាងស្វិតស្វាញដើម្បីស្វែងរកសុខសន្តិភាពជូនដល់ពលរដ្ឋខ្មែរគ្រប់រូប។ ដូច្នេះកម្ពុជាគ្មានថ្ងៃអាចបណ្ដោយខ្លួនឲ្យធ្លាក់ទៅជារដ្ឋដែលមានចលាចលឡើងវិញជាដាច់ខាត។
កាលពីដើមឆ្នាំ២០១១ កន្លងទៅ អង្គការឃ្លាំមើលសេរីភាពក្នុងពិភពលោក ដែលមានឈ្មោះថា Freedom House មានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) បានវាយតំលៃដល់កម្ពុជាថា ជាប្រទេសដែលគ្មានសេរីភាព ខណៈប្រព័ន្ធតុលាការ និងប្រព័ន្ធផ្សព្វផ្សាយជាង ៩០ភាគរយ គ្រប់គ្រងដោយគណបក្សកាន់អំណាច។
ក្រុមអ្នករិះគន់ខ្លះនិយាយថា ប្រសិនបើពលរដ្ឋខ្មែរនៅតែជួបភាពទាល់ច្រកខាងជីវភាព អំពើអយុត្តិធម៌ ការរឹតត្បិតសិទ្ធិសេរីភាពដ៏រ៉ាំរ៉ៃទៅមុខទៀត ពេលនោះមនុស្សនឹងអាចនាំគ្នាក្រោកឈរបះបោរតទល់ជាមួយមេដឹកនាំ។
សាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានទទួលស្គាល់ថា កម្ពុជាកំពុងប្រឈមទៅនឹងបញ្ហាដែលគ្មានដំណោះស្រាយ គឺគ្មានដំណោះស្រាយទាំងផ្លូវច្បាប់ និងគ្មានដំណោះស្រាយទាំងផ្លូវនយោបាយ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី លោកថា កម្ពុជានឹងមិនអាចមានចលាចលភាពបះបោរកើតឡើងបាននោះឡើយ ដោយសារមនុស្សភាគច្រើនបាក់ស្បាតដោយអំពើហិង្សា និងទស្សនៈនៃមនោគមន៍វិជ្ជា។
ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមកនេះ ភាពវឹកវរ ចលាចល និងអស្ថិរភាពក្នុងសង្គមខ្មែរ បានកើតឡើងជាច្រើនដងមកហើយ ដែលពលរដ្ឋភាគច្រើននៅមិនទាន់ភ្លេច។ នៅអំឡុងទសវត្សឆ្នាំ១៩៦០ ពលរដ្ឋស្រុកសំឡូត ខេត្តបាត់ដំបង ជាច្រើនបាននាំគ្នាងើបតវ៉ាបះបោរជាទ្រង់ទ្រាយធំប្រឆាំងជាមួយរាជការរបស់សម្ដេចព្រះបាទ នរោត្តម សីហនុ ក្នុងបញ្ហាដីធ្លី។
នៅដើមខែមីនា ឆ្នាំ១៩៧០ ពលរដ្ឋខេត្តស្វាយរៀង បាននាំគ្នាប្រឆាំងតទល់បណ្ដេញកងទ័ពវៀតណាម ខាងជើង និងកងទ័ពយៀកកុង ដែលឈរជើងក្នុងទឹកដីខ្មែរ។
ព្រឹត្តិការណ៍បះបោរនោះបានបន្តរហូតដល់បាននាំឲ្យមានរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
នៅអំឡុងឆ្នាំ១៩៧០ ក្រុមអ្នកគាំទ្រសមេ្តចព្រះសីហនុ បានបះបោរប្រឆាំងនឹងការដឹកនាំរបស់លោក លន់ នល់ វិញ តាមរយៈការរត់ចូលព្រៃតស៊ូបង្កើតជាចលនាតស៊ូខ្មែរក្រហម វាយបកបានជ័យជំនះលើរបបរបស់លោក លន់ នល់ ក្នុងខែមេសា ឆ្នាំ១៩៧៥។ របបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បណ្តាលពលរដ្ឋខ្មែរជិតពីរលាននាក់ស្លាប់។
ក្រុមអ្នកឃ្លាំមើលនិយាយថា មនុស្សជាអ្នកភ្លេចប្រវត្តិសាស្ត្រ ប៉ុន្តែប្រវត្តិសាស្ត្រមិនដែលភ្លេចមនុស្សម្ដងនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០០៦ ធ្លាប់បានព្រមានថា បដិវត្តន៍នៅកម្ពុជា អាចកើតមានឡើងវិញដោយសារបញ្ហាដីធ្លី ហើយលោកធ្លាប់បានជំរុញឲ្យការដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពជូនដល់ពលរដ្ឋ។ ប៉ុន្តែរហូតមកដល់ពេលនេះ វិបត្តិដីធ្លីដែលជាជម្លោះរវាងប្រជាជន និងក្រុមហ៊ុនដែលមានអ្នកមានអំណាចគាំទ្រនៅពីក្រោយខ្នងនោះ បានរីករាលដាលយ៉ាងខ្លាំងពីទីជនបទមកដល់កណ្ដាលរាជធានីដ៏គួរអោយព្រួយបារម្ភ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។