អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បដិសេធរ​បាយការណ៍​HRW

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ប្រតិកម្ម​ចំពោះ​របាយការណ៍​របស់​អង្គការ Human Rights Watch ដោយ​បាន​បន្ទោស​ថា​ជា​ការ​បំភ្លៃ​ការ​ពិត។

0:00 / 0:00

មន្រ្តី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ ដោយ​បាន​បន្ទោស​ថា វា​ជា​ការ​បំភ្លៃ​ការ​ពិត​និង​ចេតនា​អាក្រក់​ចំពោះ​របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​បាន​ចោទ​ប្រកាន់​ថា មាន​ការ​ធ្វើ​ទារុណកម្ម​ឆក់​ខ្សែ​ភ្លើង វាយ​នឹង​ខ្សែ​តី និង​មាន​ស្បែក​ជាប់​នឹង​ខ្សែ​តី​នោះ។

មន្រ្តី​ជាន់​ខ្ពស់​ចំនួន ៥​នាក់​នៃ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​បើក​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ឯ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់ Human Rights Watch នោះ។

មន្រ្តី​ចំនួន ៥​នាក់​នោះ​មាន​ឧត្តមសេនីយ៍​ទោ នាក់ យុទ្ធា ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ ស្តារ​នីតិ​សម្បទា, លោក មាស វីរិទ្ធ អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន, លោក ឆាយ វណ្ណ មក​ពី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា, លោក ប្រាក់ សិទ្ធិ មក​ពី​កង​រាជ​អាវុធ​ហត្ថ និង​លោក អ៊ាន សុឃឹម ប្រធាន​មណ្ឌល​ឱកាស​ខ្ញុំ។

លោក មាស វីរិទ្ធ ជា​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ជា​ប្រធាន​មន្ទីរ​ពិសោធន៍ បាន​មាន​ប្រសាសន៍​ជាមួយ​នឹង​សម្ដី​ធ្ងន់ៗ​ថា សន្និសីទ​កាសែត​នេះ​គឺ​ជា​ការ​រំឭក​ឲ្យ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ឲ្យ​ចេះ​ស្វែងរក​ការ​ពិត និង​កុំ​ឲ្យ​មើលងាយ​សមត្ថកិច្ច​កម្ពុជា និង​ចេតនា​អាក្រក់​ក្នុង​ការ​បំបែក​ទំនាក់​ទំនង​រវាង​អាជ្ញាធរ​កម្ពុជា ជាមួយ​នឹង​អង្គការ​សហ​ប្រជាជាតិ​គ្រប់គ្រង​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។

លោក​បាន​បន្ត​ថា ៖ «ផ្ទុយ​ទៅ​វិញ​គឺ​បន្ទុច​បង្អាក់​ដំណើរការ​នីតិ​រដ្ឋ​នៅ​កម្ពុជា។ រាជ​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ»

លោក​ឧត្តមសេនីយ៍​ទោ នាក់ យុទ្ធា ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារ​នីតិ​សម្បទា នៃ​អគ្គលេខាធិការដ្ឋាន​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា គ្មាន​ការ​ធ្វើ​ទារុណកម្ម​នោះ​ទេ។

ជាមួយ​គ្នា​នេះ លោក អ៊ាន សុឃឹម ប្រធាន​មណ្ឌល ឱកាស​ខ្ញុំ នៅ​ជាយ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា ៖ «មជ្ឈមណ្ឌល​ខ្ញុំ​បាន​យក​ចិត្ត​ទុក​ដាក់​អប់រំ ព្យាបាល​ស្ដារ​នីតិ​សម្បទា​របស់​គេ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​របស់​គេ ដើម្បី​ឲ្យ​ពួក​គេ​មាន​ជំនាញ​មួយ​ច្បាស់លាស់»

សន្និសីទ​កាសែត​រួម​គ្នា​នេះ​គឺ​ក្រោយ​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch កាល​ពី​ថៃ្ង​ទី​៣១ ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ជា​ប្រញាប់ ដោយ​បាន​ចោទ​ប្រកាន់​ធ្ងន់​ថា មាន​ការ​ធ្វើ​ទារុណកម្ម​ដោយ​ឆក់​ខ្សែ​ភ្លើង វាយ​នឹង​ខ្សែ​តី មាន​ស្បែក​ជាប់​នឹង​ខ្សែ​តី លើ​កុមារ​និង​មនុស្ស​មួយចំនួន​ទៀត នៅ​ក្នុង​មណ្ឌល​ស្តារ​នីតិ​សម្បទា និង​បន្សាប​គ្រឿង​ញៀន។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​ទទូច​សុំ​ឲ្យ​អង្គការ UNICEF និង​ការិយាល័យ​របស់​អង្គការ​សហ​ប្រជាជាតិ​គ្រប់គ្រង​គ្រឿង​ញៀន និង​បទ​ឧក្រិដ្ឋកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ការ​បញ្ជាក់​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ថា មណ្ឌល​ទាំង​នោះ​គប្បី​ត្រូវ​បាន​បិទ។

ការ​បំភ្លឺ​នានា​របស់​មន្រ្តី​ជាន់​ខ្ពស់​ប្រឆាំង​គ្រឿង​ញៀន​ខាង​លើ​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា អាជ្ញាធរ​គ្មាន​ផែនការ​បិទ​មណ្ឌល​ទាំង​នោះ​ទេ ប៉ុន្តែ​មាន​គោលដៅ​សម្រាប់​ឆ្នាំ​២០១៥ គឺ​រដ្ឋាភិបាល​កម្ពុជា​និង​កាត់​បន្ថយ​ចំនួន​មណ្ឌល​នោះ​មក​ចំនួន​តិច​បំផុត​ដើម្បី​ក្លាយ​ជា​មណ្ឌល​ថ្នាក់​ជាតិ ដែល​មាន​ការ​គ្រប់គ្រ​ងល្អ​ប្រសើរ ខ្នាត​អន្តរជាតិ​ក្នុង​កិច្ច​សហការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​គ្រប់គ្រង​គ្រឿង​ញៀន និង​អង្គការ UNAID។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​មណ្ឌល​ស្តារ​នីតិ​សម្បទា​និង​បន្សាប​គ្រឿង​ញៀន​សរុប​ចំនួន ១១​កន្លែង គ្រប់គ្រង​ដោយ​រដ្ឋ ដែល​មាន​យុវជន​ចំនួន​រវាង ១.២០០​នាក់​ទៅ ១.៥០០​នាក់ ។ ចំពោះ​អ្នក​ញៀន​គ្រឿង​ញៀន​នៅ​ក្រៅ​មណ្ឌល គេ​ប៉ាន់ស្មាន​ថា មាន​ចំនួន​រវាង​ពី ៦.៥០០​នាក់​ទៅ ៧.០០០​នាក់ ឬ​គុណ​នឹង ៣ ឬ ៤​ដង​ឯ​ណោះ។

អាជ្ញាធរ​កំពុង​តែ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ​កែប្រែ​ពី​ច្បាប់​ចាស់​ដើម្បី​គ្រប់គ្រង​មណ្ឌល​នានា និង​ការ​ផ្តល់​សេវា​ល្អ​ប្រសើរ​ចំពោះ​អ្នក​ញៀន​គ្រឿង​ញៀន​ក្នុង​ប្រទេស​កម្ពុជា៕