អាជ្ញាធរនគរបាលក្រុងភ្នំពេញកំពុងតែបន្តការស៊ើបអង្កេតនៅឡើយ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលបានបាចខិត្តប័ណ្ណចំនួនជាង ១០សន្លឹក អំពាវនាវឲ្យមានការងើបបះបោរប្រឆាំងរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុមនគរបាលបានកំណត់មុខសញ្ញាថា ក្រុមជនសង្ស័យនោះ គឺជាក្រុមតែមួយ ឈ្មោះ ខ្មែរអ្នកជាតិនិយម ដែលបានបាចខិត្តប័ណ្ណបែបនេះចំនួន ៣លើករួចមកហើយ តាំងពីឆ្នាំ២០០៧ មក។
ស្នងការនគរបាលក្រុងភ្នំពេញ លោក ទូច ណារ៉ុថ មានប្រសាសន៍នៅថ្ងៃទី២៣ ខែឧសភាថា ក្រុមនេះមិនមានសមត្ថភាពណាមួយផ្ដួលរំលំរដ្ឋាភិបាលបានទេ ប៉ុន្តែវាជាសំឡេងប្រឆាំង ៖ "គ្រាន់តែបំផុសបំផុលបង្កចលាចល។ ដូច្នេះយើងឃើញថា ប្រទេសជាតិអភិវឌ្ឍប៉ុណ្ណឹង ប្រជាជនមិនល្ងង់ខ្លៅជឿតាមពួកហ្នឹង ដែលនិយាយដដែល"។
កាលសប្ដាហ៍កន្លងទៅនេះ អាជ្ញាធរនគរបាលក្រុងភ្នំពេញប្រមូលបានខិត្តប័ណ្ណចំនួនជាង ១០សន្លឹក នៅមុខសភាជាតិកម្ពុជា ដែលខិត្តប័ណ្ណនោះ បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាក្រោកឡើង ដើម្បីធ្វើការបះបោរប្រឆាំងរដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាប្រេងសាំង និងម្ហូបអាហារឡើងថ្លៃ។
អ្នកនាំពាក្យគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិបញ្ចេញមតិ ប៉ុន្តែគណបក្សសមរង្ស៊ីមិនមានការពាក់ព័ន្ធនឹងខិត្តប័ណ្ណនោះទេ ៖ "គណបក្សប្រឆាំងអត់ចាំបាច់ទៅបាចខិត្តប័ណ្ណអ៊ីចឹងទេ ពីព្រោះយើងអាចនិយាយនៅក្នុងរដ្ឋសភា ប្រព័ន្ធផ្សព្វផ្សាយពន្លឺភ្លើងទៀន តាមវិទ្យុ វីអូអេ និងវិទ្យុអាស៊ីសេរី គឺយើងនិយាយនូវការបញ្ចេញមតិរបស់យើង។ យើងអត់ចាំបាច់បាចខិត្តប័ណ្ណទេ"។
កាលពីខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាប្រកាសថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យចំនួន ៧នាក់ ក្រោមបទចោទថា បានបាចខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាលកម្ពុជា និងជេរប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជនសង្ស័យចំនួន ៤នាក់ ត្រូវបានអាជ្ញាធរនគរបាលបញ្ជូនទៅតុលាការក្រុងភ្នំពេញ ដើម្បីចោទប្រកាន់ជាផ្លូវការ និងជនសង្ស័យ ៣នាក់ទៀត ត្រូវបានអាជ្ញាធរនគរបាលបានបញ្ជូនទៅតុលាការខេត្តតាកែវ ចោទប្រកាន់ជាផ្លូវការ តាមមាត្រាទី៤៩៤ និងមាត្រាទី៤៩៥ នៃក្រមព្រហ្មទណ្ឌថ្មី ក្រោមបទចោទថា បានញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ។
កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មានខ្មែរ ឬហៅកាត់ថា អាកាប៉េ (AKP) បានចេញផ្សាយថា ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យនៅក្រុងឡងប៊ិច (Long Beach) សហរដ្ឋអាមេរិក ដឹកនាំដោយលោក មាជ សុវណ្ណារ៉ា បានអំពាវនាវតាមរយៈសារព័ត៌មានខ្មែរប៉ុស្តិ៍ (Khmer Post) ឲ្យប្រជាពលរដ្ឋកម្ពុជា ងើបបះបោរប្រឆាំងរដ្ឋាភិបាលកម្ពុជា ដូចនៅប្រទេសអេហ្សីប (Egypt)៕