ប្រធានក្រុមបេសកកម្មសង្កេតការណ៍បោះឆ្នោតរបស់សហគមន៍អឺរ៉ុប និងជាសមាជិកសភាអឺរ៉ុប លោក Martin Callanan ដែលទើបនឹងមកដល់កម្ពុជា ហើយបានជួបជាមួយនឹងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងកិច្ចការបរទេស កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ បានអះអាងថា លោក ហោ ណាំហុង បានយល់ព្រមផ្អាកចំពោះរឿងនេះ ។
លោក Martin Callanan បានមានប្រសាសន៍ថា ៖ "ខ្ញុំបានជួបជាមួយនឹងលោក ហោ ណាំហុង ហើយខ្ញុំបានលើកអំពីចំណាប់អារម្មណ៍របស់ខ្ញុំជុំវិញការដកអភ័យឯកសិទ្ធិនេះ ហើយលោក ហោ ណាំហុង ក៏បានផ្ដល់ទំនុកចិត្តឲ្យខ្ញុំទុកចិត្តបានថា លោក សម រង្ស៊ី នឹងមិនត្រូវបានដកអភ័យឯកសិទ្ធិនៅមុនយុទ្ធនាការនៃការបោះឆ្នោតនេះទេ" ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃដដែលនេះ ស្តីអំពីការងាររបស់សហគមន៍អឺរ៉ុបក្នុងការសង្កេតការណ៍បោះឆ្នោត អាណត្តិទី៤នៅកម្ពុជា លោក Martin បានផ្ញើសារដល់អ្នកនយោបាយខ្មែរទាំងអស់ ឲ្យរៀនទម្លាប់ចំពោះការរិះគន់យ៉ាងដូច្នេះថា ៖ "ក្នុងនាមយើងខ្ញុំដែលជាអ្នកនយោបាយដែរ យើងត្រូវតែប្រឈមមុខចំពោះព័ត៌មានផ្សេងៗ ដែលមកប៉ះនឹងយើង ទោះបីជាព័ត៌មាននោះពិតឬមិនពិតក៏ដោយ ។ គឺយើងត្រូវរៀនទម្លាប់រស់នៅជាមួយនឹងព័ត៌មានមិនពិតទាំងនោះ ពីព្រោះថាយើងជាអ្នកនយោបាយ" ។
មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញកាលពីពេលថ្មីៗនេះស្នើសុំដកអភ័យឯកសិទ្ធិជាបន្ទាន់ ដើម្បីចាត់ការបណ្តឹងព្រហ្មទណ្ឌមួយនៅក្នុងការបរិហារកេរិ៍្ត លោក ហោ ណាំហុង ថាជាមេគុកបឹងត្របែកកាលពីសម័យខ្មែរក្រហម ។
ការសើ្នបែបនេះបាននាំឲ្យមានការព្រួយបារម្ភអំពីការចាប់ខ្លួន លោក សម រង្ស៊ី ដែលសហគមន៍អឺរ៉ុបគិតថា នឹងប៉ះពាល់យ៉ាងធ្ងន់ទៅដល់ដំណើរការបោះឆ្នោត ។ សហគមន៍អឺរ៉ុបឲ្យដឹងទៀតថា គេនឹងបញ្ជូនអ្នកសង្កេតការណ៍ចំនួន១៣០នាក់ មកពីប្រទេសអឺរ៉ុបចំនួន២២ ដែលក្នុងនោះមានសមាជិកសភាអឺរ៉ុបផងដែរ នឹងមកដល់កម្ពុជានៅថ្ងៃបន្តបន្ទាប់ខាងមុខនេះ ។
ក្រុមអ្នកសង្កេតការណ៍សហគមន៍អឺរ៉ុបទាំងនោះនឹងធ្វើការងារជាមួយគណបក្សនយោបាយទាំងអស់ចាប់តាំងពីពេលនេះ ដើម្បីជំរុញឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីនិងមានលក្ខណៈអន្តរជាតិ ៕