លោក សុក សំអឿន មេធាវី ការពារក្ដីលោក ម៉ម សូណង់ដូ ឲ្យដឹងថា ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ គឺអ្នកស្រី សែម ស័ក្ដិកូឡា នេះ ធ្វើឡើងដោយយោងតាមដីកាចោទប្រកាន់របស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះ ដែលចោទប្រកាន់ពីបទល្មើសចំនួន ៤ គឺផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ និងញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។
ទាក់ទងនឹងការសម្រេចឃុំខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនេះ អ្នកគាំទ្រសមាគមអ្នកប្រជាធិបតេយ្យ និងអង្គការសង្គមស៊ីវិលប្រមាណ ១០០នាក់ ចូលរួមតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ សុំឲ្យដោះលែងប្រធានសមាគមអ្នកប្រជាធិបតេយ្យ។ ពួកគេស្រែកអះអាងថា លោក ម៉ម សូណង់ដូ គ្មានទោសពៃរ៍ទេ អ្វីដែលគាត់ធ្វើគឺដើម្បីការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងជួយដោះស្រាយទុក្ខកង្វល់របស់អ្នកក្រីក្រ ហេតុនេះការសម្រេចឃុំខ្លួននេះមិនត្រឹមត្រូវនោះទេ។
ដូចគ្នានេះដែរ ភរិយាលោក ម៉ម សូណង់ដូ អ្នកស្រី ឌិន ផាណារ៉ា មានប្រសាសន៍ថា ស្វាមីរបស់អ្នកស្រីមិនបានប្រព្រឹត្តនូវទោសកំហុសអ្វីនោះទេ ដូច្នេះការសម្រេចឃុំខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លើស្វាមីអ្នកស្រី មិនយុត្តិធម៌នោះទេ។
អ្នកស្រីបន្តថា បើស្វាមីអ្នកស្រីប្រព្រឹត្តខុសពិតប្រាកដមែន គាត់មិនមែនត្រឡប់ពីសហរដ្ឋអាមេរិកមកចូលស្រុកវិញឲ្យអាជ្ញាធរចាប់ខ្លួននោះទេ ព្រោះគាត់អាចគេចខ្លួននៅឯក្រៅប្រទេសបាន តែដោយសារគាត់ជាមនុស្សស្អាតស្អំ ហេតុនេះគាត់មិនខ្លាចនឹងតទល់ចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលមកលើរូបគាត់ឡើយ។
ឆ្លើយតបនឹងការសម្រេចឃុំខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនេះដែរ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈ សំដែងការងឿងឆ្ងល់ថា ហេតុអ្វីបានជាចៅក្រមស៊ើបសួរមិនអនុញ្ញាតឲ្យមេធាវីធានាខ្លួនលោក ម៉ម សូណង់ដូ ឲ្យនៅក្រៅឃុំ?
លោកថ្លែងបន្តថា ការឃុំខ្លួនគេធ្វើឡើងដើម្បីការពារជនសង្ស័យគេចខ្លួន ប៉ុន្តែករណីលោក ម៉ម សូណង់ដូ ចៅក្រមមិនគួរសង្ស័យខ្លាចកើតមានការគេចខ្លួននោះទេ។ លោកថា បើសិនជាលោក ម៉ម សូណង់ដូ មានបំណងគេចខ្លួន លោកមិនមែនចូលស្រុកឲ្យអាជ្ញាធរចាប់ខ្លួនឡើយ ព្រោះលោកបានដឹងហើយថា រាជរដ្ឋាភិបាលបានប្រកាសចាប់ខ្លួនលោកតាំងពីលោកមិនទាន់ចូលស្រុកម្ល៉េះ។
កាលពីថ្ងៃទី២៦ មិថុនា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា អាជ្ញាធរត្រូវតែចាប់ខ្លួនប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលជាមេខ្លោងក្នុងសកម្មភាពបង្កើតចលនាចាប់ដីដោយខុសច្បាប់នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ លោក ហ៊ុន សែន បាននិយាយថា ប្រធានសមាគមនោះ ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់កុមារីមួយរូបក្នុងពេលកងកំលាំងប្រដាប់អាវុធរដ្ឋាភិបាល ទៅបង្ក្រាបសកម្មភាពចាប់ដីខុសច្បាប់នៅខេត្តក្រចេះនោះ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ៖ «កុំលេងដូចពួកអាសមាគមអ្នកប្រជាធិបតេយ្យ "ចូលសមាគមអញចាំអញរកដីឲ្យអ្ហែង បង់លុយប៉ុណ្ណេះ ប៉ុណ្ណោះ"។ បើមិនវ៉ៃខ្នោះឯងទេ គឺថា ប៉ុន្តែវានៅខាងក្រៅប្រទេស ប៉ុន្តែយើងធ្វើបត្យាប័នរហូតកាត់ទោសអ្ហែង គឺថា ករណីស្លាប់ក្មេងខ្ញុំបានសំដែងការសោកស្ដាយនេះជាឧបទ្ទវហេតុ មិនមែនជាការបាញ់សម្លាប់ទេ ហើយអ្នកណាអ្នកបង្ក គឺពួកអាសមាគមអ្នកប្រជាធិបតេយ្យហ្នឹងឯងជាអ្នកបង្ក ទើបមានករណីហ្នឹងកើតឡើង។ អ៊ីចឹងត្រូវកាត់ទោសអានោះ អាអ្នកមេនោះ និយាយគ្នាឲ្យច្បាស់ម្ដង»។
ឆ្លើយតបនឹងការប្រកាសចាប់ខ្លួនប្រមុខរដ្ឋាភិបាលនេះ លោក ម៉ម សូណង់ដូ បានឲ្យដឹងនៅថ្ងៃទី១៤ កក្កដា ខណៈលោកបានចូលរួមខួបលើកទី២ នៃការបង្កើតសមាគមអ្នកប្រជាធិបតេយ្យ ដោយលោកបានថ្លែងថា លោកមិនខ្លាចការចង់ចាប់ខ្លួនលោកពីសំណាក់អាជ្ញាធរឡើយ។
លោក ម៉ម សូណង់ដូ៖ «អ្នកឯងមានអំណាច អ្នកឯងឈ្លើយ អ្នកឯងធ្វើបាបជាតិ អ្នកឯងបំផ្លាញជាតិ អ្នកបង្កាច់គេ អ្នកឯងចង់ចាប់គេដាក់គុក អ្នកឯងចង់បាញ់គេចោល អ្នកឯងធ្វើម៉ាសេរី ម៉ម សូណង់ដូ អត់ព្រឺរោមជើងទេ។ លោកធំមិនមែនធុនរត់ចោលកូនចៅទេ សុខចិត្តស្លាប់ដើម្បីការពារកូនចៅ ជាតិខ្មែរ សាសន៍ខ្មែរ ខ្ញុំនិយាយហើយនិយាយទៀត ខ្ញុំសុខចិត្តងាប់ ដើម្បីដូរយកសេរីភាព»។
ដូចគ្នានេះដែរ នៅថ្ងៃទី១២ កក្កដា នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ម៉ម សូណង់ដូ ថ្លែងថា លោកមិនខ្លាចនឹងការចាប់ខ្លួនរបស់អាជ្ញាធរឡើយ ដោយលោកអះអាងថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។