អ្នកភូមិតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ប្រមាណជាង ៥០នាក់ បាននាំគ្នាធ្វើពិធីសែនព្រេនបន់ស្រន់ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា នៅចំណុចដីទំនាស់ សុំឲ្យវត្ថុស័ក្ដិសិទ្ធិជួយពួកគាត់ បន្ទាប់ពីបណ្ដឹងរបស់ពួកគាត់ដែលប្ដឹងក្រុមហ៊ុន ស៊ូកាគូ ដាក់ជូនទៅអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍កន្លងមកនោះ ពុំមានដំណោះស្រាយ។
អ្នកស្រី ហង្ស សេង ជាអ្នកភូមិបឹងកក់ម្នាក់ ក្នុងចំណោមអ្នកភូមិដទៃទៀតដែលបានចូលរួមក្នុងពិធីបន់ស្រន់នោះ បានមានប្រសាសន៍យ៉ាងដូច្នេះ ៖ «បឹងកក់ខ្ញុំហ្នឹង... គេបូមទឹកពន្លិចតែម្ដង! ឲ្យប្រជាជនចេញតែម្ដងណា៎! ហើយបងឯងគិតមើលទៅសាលាក្រុងក៏គេអត់ដោះស្រាយ ហើយទៅកន្លែងណាក៏អត់ដោះស្រាយ ម៉េចដោះបើគេអ្នកគូរប្លង់ គេអ្នកលក់ហើយ!»។
អ្នកភូមិបានឲ្យដឹងទៀតថា ក្រុមហ៊ុនបានបូមខ្សាច់លុបបឹងកក់ ដែលជាហេតុនាំឲ្យលិចលង់លំនៅរបស់ពួកគាត់ ក្នុងរយៈពេលមួយសប្ដាហ៍នេះ ធ្វើឲ្យពួកគាត់ពិបាករស់នៅក្នុងផ្ទះ និងទឹកលិចតាមដងផ្លូវពិបាកធ្វើដំណើរ ក៏ប៉ុន្តែមន្ត្រីអាជ្ញាធរមូលដ្ឋាន និងសាលារាជធានីភ្នំពេញ មិនបានអើពើជួយដោះស្រាយឡើយ៕