អ្នករៀបចំវេទិកានេះពន្យល់ថា កម្មវិធីជួបជុំនឹងផ្តល់ឲ្យអ្នកបង្កើតប្លុកទាំងអស់នូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ដែលជាអត្ថប្រយោជន៍ក្នុងការចែកចាយព័ត៌មានដែលកើតឡើងនៅក្នុងសង្គមឲ្យគ្នាទៅវិញទៅមក។
អ្នករៀបចំកម្មវិធីប្លុកហ្វេស អាស៊ី ប្រចាំនៅកម្ពុជា អ្នកនាង កែវ គូនីឡា មានប្រសាសន៍ថា អ្នកសរសេរប្លុកនៅអាស៊ីបច្ចុប្បន្ន មានចំនួនកើនឡើងច្រើន ដូចនេះទើបអ្នកសរសេរប្លុកនៅកម្ពុជា ជាអ្នកធានាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីនេះ ដើម្បីបង្កើនការពិភាក្សា និងសិក្សាស្វែងយល់ថែមទៀតពីប្លុក។ អ្នកនាងបន្តថា មនុស្សនៅអាស៊ី រាប់លាននាក់ បានបង្កើតប្លុកផ្ទាល់ខ្លួន ដើម្បីចែកចាយព័ត៌មាន មានទាំងព័ត៌មានប្លែកៗ ព័ត៌មានម្ហូបអាហារ ដំណើរកម្សាន្ត តំបន់ទេសចរណ៍ និងជាពិសេស បញ្ហានយោបាយ។
អ្នកនាងបញ្ជាក់ថា ពលរដ្ឋដែលចូលចិត្តសរសេររឿងនយោបាយនៅអាស៊ី ភាគច្រើននៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៖ «យើងចង់សរសេរពីអីសរសេរពីហ្នឹងទៅ អ្នកសរសេរប្លុកគាត់ដឹងថាប្រទេសគាត់មានច្បាប់អី គាត់សរសេរអ្វីដែលចំណេញដល់គាត់។ នៅម៉ាឡេ និងឥណ្ឌូនេស៊ី មានអ្នកសរសេរប្លុកច្រើនជារឿងនយោបាយ ព្រោះប្រទេសទាំងនេះមានសេរីភាពជាងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់»។
អ្នកនាង កែវ គូនីឡា បន្តថា អ្នកសរសេរប្លុកចំណេញទាំងការចែកចាយព័ត៌មាន និងចំណេញទាំងការបង្កើនចំណេះដឹងផ្ទាល់ខ្លួន បើសិនណាពួកគេប្រើប្រាស់បានត្រឹមត្រូវ។
ប្លុកជះឥទ្ធិពលមិនធម្មតាឡើយទៅលើប្រទេសនៅក្នុងតំបន់អាស៊ី ជាពិសេសប្លុកនយោបាយ។ កាលពីខែកញ្ញា កន្លងទៅ ប្រទេសមហាមិត្តកម្ពុជា គឺវៀតណាម បានចាប់អ្នកសរសេរអត្ថបទតាមអ៊ីសឺរណិត (Bloggers) ប្រឆាំងបីនាក់ ដាក់ពន្ធនាគារពី ៤ទៅ ១២ឆ្នាំ ពីបទបានធ្វើការឃោសនាប្រឆាំងនឹងរដ្ឋវៀតណាម។ នៅកម្ពុជា កាលពីឆ្នាំ២០១០ បុគ្គលិកអង្គការស្បៀងអាហារពិភពលោកម្នាក់ឈ្មោះ សេង គុណកា ក៏ត្រូវបានអាជ្ញាធរប៉ូលិសចាប់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់រូបគាត់បានចែកចាយព័ត៌មានមួយ ដែលប៉ះពាល់ដល់អ្នកមានអំណាចក្នុងប្រទេស ហើយព័ត៌មានមួយនោះបានមកពីក្នុងប្លុកមួយឈ្មោះ ខេអាយមីឌែ (KI-Media)។ លោក សេង គុណកា ត្រូវតុលាការឃុំខ្លួនរយៈពេល ៦ខែពីបទញុះញង់ បង្កឲ្យមានបទឧក្រិដ្ឋទៀតផង។
ទោះយ៉ាងណាក៏ដោយ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ បង្ហាញគំនិតថា អ្នកនិយមបង្កើតគេហទំព័រផ្ទាល់ខ្លួន នៅកម្ពុជា មានមិនទាន់ច្រើននៅឡើយទេ។ ដូចនេះ ឥទ្ធិពលក៏មានទៅតាមនោះដែរ។ ប៉ុន្តែ បើសិនណាមានអ្នកសរសេរច្រើន នឹងអាចចែករំលែកព័ត៌មានបានច្រើនទៅតាមនោះដែរ។ លោកបញ្ជាក់ថា លោកគាំទ្រការជួបជុំគ្នារបស់អ្នកសរសេរគេហទំព័រផ្ទាល់ខ្លួននៅខេត្តសៀមរាប ព្រោះមានអត្ថប្រយោជន៍ច្រើនសម្រាប់ពួកគេ។
ទាក់ទិននឹងបញ្ហានេះ ប្រធានបច្ចេកទេសអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ការជួបជុំរបស់អ្នកនិយមបង្កើតគេហទំព័រផ្ទាល់ខ្លួនអាស៊ី នៅកម្ពុជា ជាការរួមចំណែកមួយក្នុងការជំរុញសេរីភាពបញ្ចេញមតិនៅកម្ពុជា។ លោកបន្តថា នៅប្រទេសដែលជឿនលឿនក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ អាជ្ញាធរបើកទូលាយឲ្យពលរដ្ឋបញ្ចេញមតិគ្រប់បែបយ៉ាង តាំងពីការសរសេរគេហទំព័រផ្ទាល់ខ្លួននេះជាដើម។
លោកបញ្ជាក់ថា អ្នកសរសេរប្លុកនៅកម្ពុជា បច្ចុប្បន្ន អាចនឹងមានបញ្ហា បើសិនណាគេព្យាយាមបើកកកាយនូវចំណុចអសកម្មណាមួយរបស់អ្នកមានអំណាច ឬអ្នកនយោបាយ៖ «ប្រទេសដែលមិនមានលទ្ធិប្រជាធិបតេយ្យវិញ អ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល នឹងអ្នកមានអំណាច តែងត្រូវបានចោទប្រកាន់ផ្សេងៗ។ នៅកម្ពុជា យើងក៏យើងបារម្ភដែរ ព្រោះសេរីភាពក្នុងការបញ្ចេញមតិនៅមានកម្រិតនៅឡើយ។ រាជរដ្ឋាភិបាល គួរបើកឲ្យទូលាយក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងសេរីភាពបញ្ចេញមតិ»។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញថា កម្ពុជា ជាប្រទេសមួយដែលពលរដ្ឋមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ប៉ុន្តែមិនទាន់កើតមានករណីអាជ្ញាធរ រដ្ឋាភិបាល ផ្ដន្ទាទោសអ្នកសរសេរគេហទំព័រផ្ទាល់ខ្លួន ដែលរិះគន់រដ្ឋាភិបាលនោះឡើយ ដោយសារតែពួកគេភាគច្រើនលាក់បាំងនូវអត្តសញ្ញាណ។ ប្រទេសនៅអាស៊ី ដែលសម្បូរអ្នកបង្កើតប្លុកនេះ ដើម្បីប្រឆាំងរដ្ឋាភិបាល មានចិន ភូមា និងវៀតណាម ជាដើម។
ទោះយ៉ាងណាក្តី អ្នកនាង កែវ គូនីឡា អះអាងថា ពិធីជួបជុំអ្នកសរសេរប្លុកនៅខេត្តសៀមរាប ក៏ទទួលបានការគាំទ្រពីមន្ត្រីរដ្ឋាភិបាលដែរ ដោយនៅថ្ងៃបញ្ចប់ការជួបជុំ នឹងមានវត្តមានរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ ចូលរួមទៀតផង។ អ្នកនាងបន្តថា តាមការគ្រោងទុក អ្នកសរសេរគេហទំព័រផ្ទាល់ខ្លួននៅខេត្តសៀមរាប នឹងត្រូវសរសេរអត្ថបទមួយទាក់ទងនឹងអង្គរវត្ត ដើម្បីប្រជែងគ្នាដណ្ដើមពានរង្វាន់ ហើយមកដល់ថ្ងៃទី២៨ តុលា មានអ្នកដាក់ពាក្យចូលរួមកម្មវិធីនេះពីប្រទេសនៅអាស៊ី និងកម្ពុជា មានចំនួនជិត ២០០នាក់។
តាមរយៈគេហទំព័រកម្មវិធីប្លុកហ្វេស បានឲ្យដឹងថា កម្មវិធីនេះដំណើរការដោយមានការជួយជ្រោមជ្រែងពីស្ថានទូតអាមេរិក មូលនិធិអាស៊ី និងបុគ្គលឯកជនមួយចំនួន។ ដែលលើកទី១ ធ្វើឡើងនៅហុងកុង ក្នុងឆ្នាំ២០០៩ លើកទី២ ធ្វើនៅម៉ាឡេស៊ី ក្នុងឆ្នាំ២០១០ និងលើកទី៣ ធ្វើឡើងនៅកម្ពុជា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។