ប្រធានគណៈកម្មការដោះស្រាយបញ្ហាព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ថា ឥឡូវនេះព័ត៌មានដែលផ្សាយចេញពីទីក្រុងបាងកក ប្រទេសថៃ ស្តីពីបញ្ហាព្រំដែនខ្មែរថៃ គឺមិនមានការជឿទុកចិត្តបានទេ។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ទៀតថា បញ្ហាឈានទៅរកការបោះបង្គោលតាមចំណុចអាទិភាពនៅតាមព្រំដែនខ្មែរថៃនោះ គឺកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ប៉ុន្តែឧបសគ្គមិនអាចដំណើរការទៅមុខបានទេ ដោយសាររង់ចាំភាគីថៃដែលត្រូវការអនុម័តពីសភាសិន។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា ៖ «ខ្ញុំអត់ទាន់មានបានបញ្ជាក់ជាផ្លូវការមកថា គេអនុម័តហើយឬនៅទេ ខ្ញុំអត់ឃើញទេ។ ឥឡូវហ្នឹងវាលែងទុកចិត្តហើយព័ត៌មានចេញពីបាងកកមក ដើរព័ត៌មានផ្ដេសផ្ដាសច្រើនប៉ុន្មានថ្ងៃហ្នឹង យើងដឹងស្រាប់ហើយ។ ថាពិនិត្យម្សិលមិញ ខ្ញុំមិនដឹងថាគេពិនិត្យឬមិនពិនិត្យទេ យើងអត់ដឹងច្បាស់ ថ្ងៃសុក្រគេពិនិត្យ ឬថ្ងៃច័ន្ទគេពិនិត្យ យើងអត់ដឹងទេ។ ដូច្នេះឲ្យទៅសួររឿងថាបោះបង្គោល បើសិនវាអត់អនុម័តទេ យើងគ្មានគម្រោងអីត្រូវបោះកើតទេតាមរដ្ឋធម្មនុញ្ញថៃ»។
ប្រតិកម្មរបស់មន្ត្រីព្រំដែនកម្ពុជាបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃបានផ្សព្វផ្សាយថា សភាថៃបានប្រជុំអនុម័តឲ្យរដ្ឋាភិបាលថៃចរចាបញ្ហាព្រំដែនជាមួយប្រទេសខ្មែរនិងប្រទេសជាប់ព្រំដែនថៃមួយចំនួនទៀត។
កាសែត The Nation ចេញផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា ថា សភាថៃបានជួបប្រជុំសម្រេចទៅលើការចរចារបស់គណៈកម្មការព្រំដែនកម្ពុជាថៃ ដើម្បីផ្តល់សន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន។ ការសម្រេចនេះគឺបន្ទាប់ពីសំណើមួយដែលដាក់ជូនដោយក្រសួងការពារជាតិថៃយោងតាមមាត្រា១៩០នៃរដ្ឋធម្មនុញ្ញរបស់ថៃ។
កងទាហានខ្មែរដែលកំពុងប្រឈមមុខដាក់គ្នានៅតំបន់ខ្នងភ្នំចាក់ច្រែង ជិតប្រាសាទព្រះវិហារ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ដែរថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងយោធានៃប្រទេសទាំងពីរក្នុងរយៈពេលជាង១០ថ្ងៃមកនេះបានធូរស្រាល ដោយអាចដើរល្បាតជាមួយគ្នានិងបាយរួមគ្នាបាន ក៏ប៉ុន្តែទោះយ៉ាងណាក៏គេនៅមានការព្រួយបារម្ភដោយសារបញ្ហាជម្លោះព្រំដែនមិនទាន់ដោះស្រាយបាននៅឡើយ។
ទាហានខ្មែរដដែលបានបញ្ជាក់ថា ៖ «ស្ថានការណ៍វាស្ងប់ស្ងាត់ជាងមុន គឺថាយើងយល់គ្នា ក៏ដូចជាមានកម្រិតកាន់តែដំណើរការល្អ។ កាលពីប៉ុន្មានថ្ងៃមុននេះគាត់ហូបបាយជុំគ្នា ប៉ុន្តែការបារម្ភយើងនៅតែបារម្ភអ៊ីចឹង ធម្មតាទេវាទំនាស់ប្រទេស»។
សូមបញ្ជាក់ថា ជម្លោះព្រំដែនខ្មែរថៃបានកើតមានជាចំហចាប់តាំងពីថៃបានបញ្ជូនកងទាហានឈុតខ្មៅរាប់រយនាក់ចូលមកលុកលុយទីវត្តខ្មែរកែវសិក្ខាគិរីស្វរៈ ជាប់ប្រាសាទព្រះវិហារនិងតំបន់មួយចំនួនទៀតកាលពីខែកក្កដា ឆ្នាំ២០០៨ ហើយមន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្លាប់បានជួបចរចាជាច្រើនលើកមកហើយ ប៉ុន្តែមិនបានទទួលលទ្ធផលប្រសើរទេ៕