សមត្ថកិច្ច​មិន​ឲ្យ​សង្គម​ស៊ីវិល​ពិនិត្យ​បង្គោល​ព្រំដែន​លេខ ២៧០ នៅ​តាកែវ

សមត្ថកិច្ច​ខេត្ត​តាកែវ បាន​រារាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​ព្រំដែន​កម្ពុជា មិន​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​លេខ​២៧០ នៅ​ឃុំ​ជ័យជោគ ស្រុក​បុរី​ជលសារ ខេត្ត​តាកែវ​ឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា​នេះ​។

0:00 / 0:00

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ថា ដំណើរ​ចុះ​ទៅ​ពិនិត្យ​របស់​គណៈប្រតិភូ​ព្រំដែន​កម្ពុជា ទៅ​ពិនិត្យ​មើល​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀត​ណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យ​ជោគ ស្រុក​បុរី​ជលសារ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​តាកែវ​ហាម​ឃាត់​។

លោក រ៉ុង ឈុន បាន​ថ្កោល​ទោស​ចំពោះ​ការ​រារាំង​របស់​សមត្ថកិច្ច និង​មន្ត្រី​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​លេខ​២៧០ ថា គួរ​ឲ្យ​សង្ស័យ ទំនង​ជា​ការ​បោះ​បង្គោល​ព្រំដែន​នេះ អាច​ធ្វើ​ឲ្យ​បាត់​បង់​បូរណភាព​ទឹក​ដី ឬ​បាត់​បង់​ដី​ស្រែ ដូច​ពលរដ្ឋ​អះ​អាង​ពិត​ប្រាកដ​មែន។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ដូច្នេះ ៖ «ការណ៍​ដែល​រារាំង​បែប​ហ្នឹង វា​មាន​មន្ទិល​សង្ស័យ ហើយ​ប្រាកដ​ជា​ការ​បោះ​បង្គោល​ហ្នឹង​ខុស​ប្រក្រតី​ហើយ។ ស្រប​ទៅ​តាម​ការ​អះអាង​របស់​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ​មែន​ហើយ។ អ៊ីចឹង​ចង់​ឲ្យ​គណៈកម្មការ​ព្រំដែន​កម្ពុជា ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ពិចារណា​ឡើង​វិញ រាល់​ការ​បោះ​បង្គោល​រវាង​កម្ពុជា វៀតណាម ជៀស​វាង​កុំ​ឲ្យ​ភាគី​កម្ពុជា​យើង​ខាត​បង់ បាត់​បង់​ទឹក​ដី ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន​នេះ»

ពលរដ្ឋ​រស់​នៅ​ខេត្ត​តាកែវ មិន​បញ្ចេញ​ឈ្មោះ បាន​ឃើញ​សកម្មភាព​សមត្ថកិច្ច​ឃាត់​ប្រតិភូ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​នគរបាល និង​ទាហាន​រាប់​សិប​នាក់ បាន​ដាក់​ពង្រាយ​ស្ទើរ​គ្រប់​ច្រក​ចេញ​ចូល​ទៅ​ព្រំដែន​លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ។

ពលរដ្ឋ​ឲ្យ​ដឹង​ថា ប្រតិភូ​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា បាន​ព្យាយាម​ធ្វើ​ដំណើរ​តាម​ទូក ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា វៀត​ណាម ត្រង់​ចំណុច​តម្រុយ​បង្គោល​ព្រំដែន​លេខ​២៧០ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់។

ពលរដ្ឋ​មាន​ប្រសាសន៍​ដូច្នេះ ៖ «ទាហាន​គេ​មក​ច្រើន ដល់​ហើយ​កម្លាំង​បង មក​ពី​លើ​បួន ប្រាំ​នាក់ ត្រូវ​គេ​ឃាត់​នៅ​កន្លែង​ចុះ​ទូក»

លោក រ៉ុង ឈុន បាន​ដក​ស្រង់​សម្ដី​សមត្ថកិច្ច​ខេត្ត​តាកែវ ឲ្យ​ដឹង​ថា ការ​ឃាត់​របស់​សមត្ថកិច្ច មិន​ឲ្យ​ប្រតិភូ​ឃ្លាំ​មើល​ព្រំដែន ធ្វើ​ដំណើរ​ទៅ​បង្គោល​ព្រំដែន​លេខ​២៧០​នោះ គឺ​ពួក​គេ​ធ្វើ​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​ពី​មេ​ដឹក​នាំ​ថ្នាក់​លើ​បញ្ជា​មក​។

លោក ស៊ឹន សុធានី ប្រធាន​ក្រុម​ខណ្ឌ​សីមា​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា ទី​៤ ធ្លាប់​មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀត​ណាម លេខ​២៧០ ស្ថិត​នៅ​ភូមិ​អញ្ចាញ ស្រុក​បុរី​ជលសារ គឺ​មិន​អនុញ្ញាត​ពលរដ្ឋ​ណា​ម្នាក់ ចុះ​ទៅ​ពិនិត្យ​មើល​ការ​បោះ​បង្គោល​ព្រំដែន​នេះ​ឡើយ ព្រោះ​ខ្លាច​នាំ​ឲ្យ​រំខាន​ដល់​ក្រុម​ជំនាញ​ការ​ងារ​បោះ​បង្គោល​ព្រំដែន រវាង​កម្ពុជា និង​វៀត​ណាម។

នេះ​ជា​ករណី​ទី​២​ហើយ ដែល​អាជ្ញាធរ​ខេត្ត​តាកែវ ធ្វើ​ការ​រារាំង​នេះ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ព្យាយាម​ទៅ​ពិនិត្យ​មើល​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ថ្មីៗ កន្លង​មក​នេះ៕