«ជយោសន្តិភាពនិងការអភិវឌ្ឍ» ៖ នេះជាសំឡេងរបស់ក្រុមអ្នកជិះកង់ដើម្បីសន្តិភាពក្រោយពីការជិះកង់នៅតាមដងវិថីនានាក្នុងក្រុងភ្នំពេញបានបញ្ចប់ទៅនៅព្រឹកថ្ងៃច័ន្ទ ទី២១ កញ្ញានេះ។
ព្រះសង្ឃជាច្រើនអង្គ ដូនជី តាជី ពុទ្ធសាសនិក អ៊ិស្លាមសាសនិក គ្រិស្តសាសនិក ព្រមទាំងយុវជន រួមទាំងជនបរទេសផង ប្រមាណ៣០០នាក់បានចូលរួមក្នុងក្បួនជិះកង់ដើម្បីសន្តិភាពនេះ។
អ្នកស្រី ប្រុក វ៉ាន្នី តំណាងឲ្យក្រុមការងារដើម្បីសន្តិភាពបានថ្លែងថា អ្នកចូលរួមក្នុងក្បួនសុទ្ធតែជាអ្នកស្ម័គ្រចិត្តមកពីស្ថាប័ន អង្គការនិងសមាគមនានា។
International Peace Day in Cambodia
អ្នកស្រីក៏បានបញ្ជាក់ផងដែរអំពីគោលបំណងនៃក្បួនជិះកង់ដើម្បីសន្តិភាពនេះ ៖ «គោលបំណងរបស់យើងគឺអបអរសាទរទិវាសន្តិភាពពិភពលោក ថ្ងៃ២១ កញ្ញានេះ ហើយមួយទៀតយើងចង់ទាក់ទាញអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើង របស់សង្គមខ្មែរយើង ឲ្យលោកចូលរួមចាប់អារម្មណ៍គិតដល់រឿងសន្តិភាពនេះ ហើយថ្ងៃក្រោយទៅយើងសង្ឃឹមថា ពេលមានអំពើហិង្សាអីកើតឡើងយើងគិតថា យើងដោះស្រាយដោយសន្តិវិធី»។
ក្នុងការប្រារព្ធពិធីនៅឯព្រះអង្គដងកើ មានការធ្វើសមាធិស្មិងស្មាធិ៍បួងសួងសុំសន្តិភាព ហើយក៏មានការប្រទាននូវឱវាទពីសំណាក់ព្រះសង្ឃ ព្រមទាំងការផ្ដល់នូវចំណាប់អារម្មណ៍ពីតំណាងសាសនានានាផងដែរ។
ព្រះខេមចារោ យស ហ៊ុត បានប្រទាននូវឱវាទតាមធម៌ព្រះពុទ្ធ ៖ «សូមពួកសត្វទាំងអស់កុំមានពៀរនឹងគ្នា សូមឲ្យបានសុខ សូមឲ្យប្រាសចាកទុក្ខ សូមកុំឲ្យព្យាបាទគ្នា»។
ចំណែកតំណាងគ្រិស្តសាសនិក លោក លឹម វ៉ាន់នឹក បានធ្វើអធិដ្ឋានសុំសន្តិភាពសម្រាប់ប្រទេសកម្ពុជា ៖ «អ៊ីចឹងហើយជាហេតុកន្លងមកយើងឃើញថា ប្រទេសយើងមានបញ្ហាបន្តិចបន្តួចជាមួយនឹងប្រទេសថៃ ប៉ុន្តែជាមួយគ្នាគ្រិស្ដបរិស័ទទំនាក់ទំនងគ្នាថែរក្សាសុវត្ថិភាពទាំងពីរ»។
ក្បួនជិះកង់ដើម្បីសន្តិភាពបានចេញដំណើរនៅវេលាម៉ោង៧:៥១នាទី ពីចំណុចវិថីរដ្ឋសភាឆ្ពោះទៅវត្តភ្នំ រួចហើយត្រឡប់មកបញ្ចប់នៅព្រះអង្គដងកើ ក្នុងនោះយុវជនភាគច្រើនបានជិះកង់ ចំណែកឯព្រះសង្ឃនិងដូនជីបាននិមន្តនិងធ្វើដំណើរតាមស៊ីក្លូ។
សូមជម្រាបជូនថា ពិធីជិះកង់ដើម្បីសន្តិភាពត្រូវប្រារព្ធនៅព្រឹកថ្ងៃច័ន្ទ ព្រមគ្នាក្នុងខេត្តចំនួនបួន គឺខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងក្នុងរាជធានីភ្នំពេញផងដែរ ដោយមានកិច្ចសហការនិងការជួយរក្សាសុវត្ថិភាពពីសំណាក់អាជ្ញាធរ។ ដោយឡែក ពិធីនេះត្រូវលើកទៅធ្វើនៅថ្ងៃទី២៣ និងទី២៥ កញ្ញា វិញ ក្នុងខេត្តចំនួនពីរ គឺខេត្តកោះកុងនិងខេត្តព្រះសីហនុ យោងតាមសំណូមពររបស់អាជ្ញាធរ ដែលតាមគម្រោងមានអ្នកចូលរួមប្រមាណ៦០០នាក់៕