កម្ពុជា​រក្សា​ជំហរ​ថា​នឹង​មិន​ធ្វើ​បត្យាប័ន​ក្នុង​ករណី​ថាក់ស៊ីន

កម្ពុជា​ប្រកាស​ជំហរ​ជា​ថ្មី​ម្តង​ទៀត​ថា នឹង​មិន​ធ្វើ​បត្យាប័ន​បញ្ជូន​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ប្រគល់​ឲ្យ​រាជរដ្ឋាភិបាល​ថៃ​ឡើយ ប្រសិន​បើ​លោក​ចង់​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ម៉ឺងម៉ាត់ បញ្ជាក់​ជំហរ​ជា​ថ្មី​របស់​ខ្លួន​ម្តង​ទៀត​ថា កម្ពុជា​នឹង​មិន​ធ្វើ​បត្យាប័ន បញ្ជូន​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ តាម​សំណើ​ស្នើ​សុំ​ជា​យថាហេតុ​ណា​មួយ​របស់​រាជ​រដ្ឋាភិបាល​ថៃ​ទេ ប្រសិន​បើ​លោក ថាក់ស៊ីន សម្រេច​ចិត្ត​មក​ស្នាក់​នៅ​ក្នុង​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ធ្វើ​ដំណើរ​ចេញ​ចូល​កម្ពុជា ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​ការងារ​ណា​មួយ​នោះ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ពីរ​ទំព័រ​របស់​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា កម្ពុជា​បាន​ផ្តល់​ហេតុផល​ដោយ​ផ្អែក​លើ​ចំណុច​ជាច្រើន ដែល​ក្នុង​នោះ​មាន ៖ ទោះ​បី​ជា​កម្ពុជា​និង​ថៃ បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​១៩៩៨ លើ​សន្ធិ​សញ្ញា​ស្តីពី​បត្យាប័ន​រវាង​ប្រទេស​ទាំង​ពីរ​ក៏ដោយ រាជ​រដ្ឋាភិបាល​កម្ពុជា​យល់​ឃើញ​ថា ករណី​លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្ត្រី​ថៃ គឺ​ជា​រឿង​នយោបាយ ពីព្រោះ​លោក​បាន​ត្រូវ​ផ្តួល​រំលំ​ដោយ​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​២០០៦ ខណៈ​ដែល​លោក​កំពុង​បំពេញ​បេសកកម្ម​នៅ​អង្គការ​សហ​ប្រជាជាតិ ហើយ​ដំណើរ​រឿង​ក្តី​និង​ការ​ផ្តន្ទាទោស​ប្រឆាំង​នឹង​រូប​លោក​នោះ គឺ​គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​បម្រើ​ហេតុផល​នយោបាយ​តែប៉ុណ្ណោះ។

បន្ថែម​ពី​នេះ លោក ថាក់ស៊ីន បាន​ទទួល​ការ​តែងតាំង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​២៧ ខែ​តុលា ឆ្នាំ​២០០៩ កន្លង​មក​នេះ ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​ក្នុង​ការ​រក្សា​ចំណង​មិត្តភាព​និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​និង​ថៃ ហើយ​ចាត់​ទុក​ថា ការ​អនុញ្ញាត​ឲ្យ​លោក ថាក់ស៊ីន ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​ជា​កាយ​វិការ​ប្រកប​ដោយ​គុណ​ធម៌ មិត្ត​ល្អ​ត្រូវ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក៕