រដ្ឋាភិបាល​កម្ពុជា​កោះ​ហៅ​មន្ត្រី​ទូត​ឲ្យ​ចេញ​ពី​ប្រទេស​ថៃ

លោកស្រី យូ អយ ឯក​អគ្គ​រាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​កាល​ពី​ថ្ងៃ​៥ វិច្ឆិកា វេលា​ម៉ោង​៨​កន្លះ​យប់ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កោះ​ហៅ​មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ។

ទង្វើ​របស់​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​ថៃ​បាន​កោះ​ហៅ​ឯក​អគ្គ​រាជ​ទូត​របស់​ខ្លួន​ចេញ​ពី​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ វិច្ឆិកា នេះ​ដែរ ក្រោយ​ដែល​រដ្ឋាភិបាល​ថៃ បាន​ប្រឆាំង​តវ៉ា​ទៅ​នឹង​ការ​តែងតាំង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​សេដ្ឋកិច្ច​នោះ​មក។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​យប់​ថ្ងៃ​៥ វិច្ឆិកា​នេះ​ថា ៖ «រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រេច​ចិត្ត​កោះ​ហៅ​លោក​ជំទាវ យូ អយ ដែល​ជា​ឯក​អគ្គ​រាជ​ទូត​របស់​យើង​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ ឲ្យ​ត្រឡប់​មក​ប្រទេស​វិញ​មួយ​រយៈ​ពេល​ដែរ ដូច្នេះ​យើង​អាច​ចាត់​ទុក​ថា នេះ​ជា​បដិការ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល។ យើង​មិន​អាច​និយាយ​បាន​ថា វិធានការ​នេះ​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ទ្វេ​ភាគី​កម្រិត​ណា​នោះ​ទេ អាស្រ័យ​ដែល​ភាគី​ទាំង​សង​ខាង​ប្រកាន់​យក​នា​ពេល​ខាង​មុខ​នេះ​ទៀត។ ការ​កោះ​ហៅ​ទូត​នេះ​ជា​រឿង​ធម្មតា​ដល់​សភាព​ការណ៍​វា​ល្អ​វិញ ទូត​ទាំង​ពីរ​ត្រឡប់​មក​ធ្វើការ​ដូច​ដើម​វិញ​ទៅ»

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ការ​តែង​តាំង​លោក ថាក់ស៊ីន ជា​ទីប្រឹក្សា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ជា​រឿង​ធម្មតា សូម្បី​តែ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បច្ចុប្បន្ន ក៏​ធ្លាប់​បាន​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​មុន​ផង​ដែរ។

លោក សុខ អាន មាន​ប្រសាសន៍​ដូច្នេះ ៖ «អ្នក​ដឹកនាំ​រដ្ឋាភិបាល​ខ្លះ​ក៏​បាន​និយាយ​ដែរ​ថា ការ​តែងតាំង​ឯកឧត្ដម ថាក់ស៊ីន អតីត​នាយករដ្ឋមន្រ្តី​ថៃ ដោយ​កម្ពុជា ជា​ទី​ប្រឹក្សា​ហ្នឹង វា​ជា​រឿង​ធម្មតា វា​ជា​រឿង​ផ្ទៃ​ក្នុង​របស់​កម្ពុជា មិន​មាន​ពាក់ព័ន្ធ​អ្វី​ទៅ​ដល់​ការងារ​ក្រៅ​ប្រទេស​នោះ​ទេ ព្រោះ​កន្លង​មក​យើង​ក៏​បាន​កត់​សម្គាល់​ដែរ សូម្បី​តែ​ឯកឧត្ដម​ប្រធានាធិបតី​បច្ចុប្បន្ន នៃ​សាធារណរដ្ឋ​កូរ៉េ ពី​មុន​លោក​ក៏​ធ្លាប់​ធ្វើ​ជា​ទី​ប្រឹក្សា​ជូន​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ដែរ»

ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​៥ វិច្ឆិកា​នេះ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ បាន​ថ្លែង​ថា ទង្វើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​តែង​តាំង​លោក ថាក់ស៊ីន នេះ បាន​ត្រូវ​ចាត់​ទុក​ថា ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង និង​ជា​ការ​មើល​ងាយ​ដល់​ប្រព័ន្ធ​តុលាការ​ថៃ ហើយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំ​អាច​ធ្វើការ​បែង​ចែក​ឲ្យ​ដាច់​ស្រឡះ​រវាង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន និង​ផល​ប្រយោជន៍​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​ថៃ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ក្នុង​ការ​រក្សា​ចំណង​មិត្ត​ភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ចាត់​ទុក​ថា ការ​អនុញ្ញាត​ឲ្យ​លោក ថាក់ស៊ីន ស្នាក់​នៅ​និង​ចេញ​ចូល​ក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​ជា​កាយ​វិការ​ប្រកប​ដោយ​គុណធម៌ ដែល​មិត្ត​ល្អ​ត្រូវ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក។

មតិ​សង្គម​ស៊ីវិល​ជុំវិញ​បញ្ហា​ការដក​ឯកអគ្គរាជ​ទូត​រវាង​កម្ពុជា​និង​ថៃ

ស្តី​ពី​បញ្ហា​ដក​ឯកអគ្គរាជ​ទូត​រវាង​កម្ពុជា​និង​ថៃ​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ផ្តល់​ទស្សនៈ​និង​យោបល់​ខុសៗ​គ្នា។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​យ៉ាង​នេះ​ថា ៖ «ឥឡូវ​នេះ ខ្ញុំ​ថា ជា​ប្រធាន​បទ​មួយ​ដ៏​រសើប រាជ​រដ្ឋាភិបាល​ខ្មែរ​យើង​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន យើង​មិន​ចង់​ឲ្យ​មាន​ការ​តានតឹង​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​ទេ។ យើង​ដឹង​ថា លោក ថាក់ស៊ីន គឺ​ជា​រឿង​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ដោយ ខ្ញុំ​មើល​ទៅ​ការ​តែងតាំង​នេះ​វា​គ្រាន់​តែ​ជា​ប្រតិកម្ម​មួយ​របស់​សម្ដេច​នាយករដ្ឋមន្រ្តី​ទៅ​លើ​បញ្ហា​ថៃ ជា​ពិសេស​បញ្ហា​ជម្លោះ​ព្រំដែន​និង​ករណី​ផ្សេង​ទៀត​ដែល​ថៃ​បាន​ធ្វើ។ ប៉ុន្តែ​ខ្ញុំ​យល់​ថា ការ​ប្រតិកម្ម​នេះ ប្រទេស​កម្ពុជា​គួរ​តែ​បង្ហាញ​ភាព​ចាស់​ទុំ​ជាង​ថៃ ត្រូវ​តែ​ព្យាយាម​ធ្វើ​ម៉េច​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ ព្រោះ​នៅ​ពេល​មាន​ជម្លោះ​នៅ​ពេល​មាន​ភាព​តានតឹង​បច្ចុប្បន្ន យើង​ឃើញ​ថា​ខាត​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំង​សង​ខាង ហើយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អ្នក​ក្រីក្រ​ខ្លាំង»

ចំណែក​ឯ​លោក ជា មុន្នី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បញ្ហា​ដក​មន្ត្រី​ទូត​ចេញ​ពី​កម្ពុជា​និង​ថៃ​នេះ អាច​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​សេដ្ឋកិច្ច​និង​កម្មករ​ខ្មែរ​រាប់​ពាន់​នាក់។

លោក ជា មុន្នី មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ឃើញ​ថា ផលិតផល​មួយ​ចំនួន​នាំ​យក​មក​ពី​ប្រទេស​ថៃ ទី​១។ ទី​២​យើង​ឃើញ​ថា ពលករ​កម្ពុជា​បាន​ចូល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ រាប់​ម៉ឺន​នាក់ ដូច្នេះ​យើង​មាន​ការ​ព្រួយ​បារម្ភ​ទៅ​នឹង​សុវត្ថិភាព​មន្រ្តី​ស៊ីវិល ឬ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​តែ​រស់​នៅ​ប្រទេស​ថៃ យើង​ឃើញ​ថា បើ​កាលណា​ដក​ទូត ដាច់​ខាត​ព្រំប្រទល់​ត្រូវ​តែ​បិទ កាលណា​បិទ ព្រំ​ប្រទល់​ប្រទេស​ថៃ គឺ​ជា​ច្រក​មួយ​សំខាន់​ណាស់​ក្នុង​ការ​ផ្ទេរ​ទំនិញ​រវាង​កម្ពុជា​-​ថៃ​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​យើង​មិន​បាន​រក្សា​ចំណង​រវាង​កម្ពុជា-​ថៃ ឲ្យ​បាន​ល្អ​ទេ យើង​នឹង​មាន​បញ្ហា​ជា​ច្រើន។ ទី​១ បញ្ហា​វិបត្តិ​សេដ្ឋកិច្ច បញ្ហា​ទី​២ គឺ​បញ្ហា​រវាង​នយោបាយ​ថៃ​និង​កម្ពុជា ហើយ​ក្នុង​នោះ​យើង​ឃើញ​ថា ប៉ះពាល់​ច្រើន​ទៅ​ដល់​ពលករ ពលការិនី​កម្ពុជា ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​នេះ»

ទោះ​បី​ជា​មាន​ការ​អះអាង​ខាង​លើ​នេះ​បែប​ណា​ក៏ដោយ លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​មាន​ប្រសាសន៍​ពន្យល់​ថា ការ​តែងតាំង​លោក ថាក់ស៊ីន នេះ បើ​គិត​តាម​ច្បាប់​ពុំ​មាន​ខុស​ឆ្គង​អ្វី​ឡើយ។

លោក សុក សំអឿន មាន​ប្រសាសន៍​ដូច្នេះ ៖ «ពី​រឿង​បញ្ហា​ច្បាប់​វា​មិន​ពាក់ព័ន្ធ​ខុស​ឆ្គង​អី​ទេ ហើយ​ម្យ៉ាង​ទៀត រដ្ឋាភិបាល​យើង​ឲ្យ​តម្លៃ​ថា អ្វី​ដែល​គេ​ចោទ​ប្រកាន់​លោក ថាក់ស៊ីន ជា​រឿង​នយោបាយ បើ​គាត់​ជា​ឧក្រិដ្ឋជន​ធម្មតា​ទៅ ហ្នឹង​យើង​មិន​សម​យក​ឧក្រិដ្ឋជន​មក​ធ្វើ​ជា​ទីប្រឹក្សា ក៏ប៉ុន្តែ​នេះ​ជា​រឿង​នយោបាយ ព្រោះ​បញ្ហា​នយោបាយ​យើង​មិន​ទាន់​ដឹង​យ៉ាង​ម៉េច​ទេ មិន​អ៊ីចឹង? ក្រែង​លោក​បោះ​ឆ្នោត​លើក​ក្រោយ​ទៅ គណបក្ស​ជាតិ​ថៃ របស់លោក ឆាវ៉ាលីត យុងឆៃយុត (Chavalit Yongchaiyudh) គាត់​ឈ្នះ​ឆ្នោត​វិញ​ទៅ លោក ថាក់ស៊ីន ចូល​ស្រុក​ទៅ អាច​មាន​ទំនាក់​ទំនង​ធម្មតា​ល្អ​វិញ ហ្នឹង​ធម្មតា»