សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ឲ្យដឹងថា កិច្ចពិភាក្សាប្រចាំឆ្នាំលើកទី៣ រវាងលោក Scot Marciel ឧបការីរង រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានផ្ដោតទៅលើជំនួយអាមេរិក ផ្ដល់មកកម្ពុជា និងការអនុវត្តរបស់រដ្ឋាភិបាល។
សេចក្ដីប្រកាសចុះថ្ងៃទី២១ ខែឧសភា បានឲ្យដឹងថា ជំនួយអាមេរិកមកកម្ពុជា គឺមានបំណងជួយដល់វិស័យអាទិភាពរបស់រដ្ឋាភិបាល ដូចមានក្នុងយុទ្ធសាស្ត្រចតុកោណ ដើម្បីជួយឲ្យកម្ពុជាមានការអភិវឌ្ឍ ក្នុងទសវត្សរ៍ខាងមុខ។ វិស័យទាំងនោះមាន ការកាត់បន្ថយភាពក្រីក្រ ការជួយដល់វិស័យកសិកម្ម អភិបាលកិច្ចល្អ និងការកសាងសមត្ថភាពជាដើម។
ជំនួយមកកម្ពុជាពេលនេះ អាមេរិកបានជួយដូចកាលពីជិត ៦០ឆ្នាំមុន ពេលកម្មវិធីជំនួយដំបូងរបស់អាមេរិក បានចាប់ផ្ដើមនៅឆ្នាំ១៩៥៥។
លោក ជ្រា វណ្ណរិទ្ធិ មន្ត្រីព័ត៌មានស្ថានទូតអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២២ ខែឧសភា ពីខ្លឹមសារជំនួបខ្លះៗ រវាងជំនួបលោក Scot Marciel និងលោក អ៊ុច បូរិទ្ធ ដូច្នេះ ៖ «ពិភាក្សាគ្នា រវាងទំនាក់ទំនងខ្មែរ និងអាមេរិក មកកម្ពុជា។ ជំនួយអាមេរិកនៅប្រហែលជាង ៦០លានដុល្លារក្នុង១ឆ្នាំៗ អត់មានប្រែប្រួលទេ ជំនួយភាគច្រើន គឺផ្ដោតទៅលើសុខាភិបាល និងអប់រំ។ ជំនួយយោធា គឺនៅតែមានទំនាក់ទំនងល្អដដែល»។
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានស្ថានទូតអាមេរិកឲ្យដឹងថា សមិទ្ធផលនានារបស់រដ្ឋាភិបាលកម្ពុជា ទន្ទឹមការផ្ដល់ជំនួយពីអាមេរិក គឺកម្ពុជាបានខិតខំកាត់បន្ថយភាពក្រីក្រពលរដ្ឋ ការលើកកម្ពស់វិស័យអប់រំ សុខាភិបាល និងការប្រឈមមួយចំនួនបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចពិភពលោក។
ទាក់ទងទៅនឹងជំនួយនេះដែរ មន្ត្រីស្ថានទូតអាមេរិកបានប្រាប់កាសែត The Cambodia Daily នៅថ្ងៃសុក្រ ទី២១ ខែឧសភាថា ប្រទេសកម្ពុជា គឺជាប្រទេសមួយអត់ឃ្លាន និងកសិកម្មអន់ថយ ក្នុងចំណោមប្រទេសចំនួន២០ ដែលអាមេរិកជ្រើសរើសចូលក្នុងគម្រោងអភិវឌ្ឍន៍ក្នុងជំនួយសរុបចំនួន ២២ពាន់លានដុល្លារ។ ហើយរបាយការណ៍របស់គម្រោងឥណទាននាំមុខអាមេរិកបង្ហាញថា ប្រទេសកម្ពុជាក៏មានចំណែកទទួលជំនួយគម្រោងឥណទាននេះ ប្រហែល១០០លានដុល្លារ។ ទោះយ៉ាងណាក្ដី មេដឹកនាំរដ្ឋាភិបាលកម្ពុជាបានប្រកាសជាញឹកញាប់ថា ប្រទេសកម្ពុជាមានសន្តិសុខស្បៀងគ្រប់គ្រាន់ មិនមានការខ្វះខាតឡើយ។
កិច្ចពិភាក្សាទ្វេភាគី រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងកម្ពុជា ក៏បានពិនិត្យលើគម្រោងរៀបចំខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងអាមេរិក និងប្រទេសកម្ពុជាផងដែរ ដែលនឹងត្រូវរៀបចំនៅក្នុងខែកក្កដាខាងមុខ។
ស្ថានទូតអាមេរិកបានឲ្យដឹងថា ទំនាក់ទំនងអាមេរិក និងកម្ពុជាពេលបច្ចុប្បន្ន មានភាពចាស់ទុំច្រើន ពិសេសរយៈពេល ១០ឆ្នាំចុងក្រោយ ទោះបីជាមានចំណុចខ្លះបានខ្វែងគំនិតគ្នាយ៉ាងណាក្ដី៕