បន្ទាប់ពីមានការជួបនោះ ឃើញថា គាត់គ្រាន់តែជាប្រជាពលរដ្ឋខ្មែរសាមញ្ញម្នាក់ ដែលពេលខ្លះចេញចូលទៅលេង និងរកការងារធ្វើនៅក្នុងប្រទេសថៃប៉ុណ្ណោះ មិនមានជាប់ពាក់ព័ន្ធនឹងភ្នាក់ងារចារកម្មដែលចូលទៅស៊ើបការណ៍សម្ងាត់ឱ្យភាគីកម្ពុជា ដូចការចោទប្រកាន់ពីមន្ត្រីរដ្ឋាភិបាលថៃនោះទេ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១១ ខែមិថុនា ដោយច្រានចោលការចោទប្រកាន់ទាំងនោះថា ក្រសួងការបរទេសខ្មែរបានប្រកាសបដិសេធចោលយ៉ាងដាច់អហង្ការ ដោយគេយល់ថា ទាំងនោះគឺជាការប្រឌិតដ៏ទុច្ចរិតរបស់អាជ្ញាធរថៃ ព្រមទាំងនាយករដ្ឋមន្ត្រីថៃ ក្នុងបំណងបំភ័ន្តមតិសាធារណៈ និងចោទប្រកាន់មកលើកម្ពុជា និងមូលបង្កាច់ខុសពីការពិតទាំងស្រុង។
លោក កុយ គួង មានប្រសាសន៍បន្ថែមថា ៖ «រាជរដ្ឋាភិបាលកម្ពុជា ក៏ប្រកាសថា ការប្រឌិតរឿងខាងលើនេះ គ្រាន់តែជាលេសដើម្បីបង្កហេតុសម្រាប់ឈ្លានពានកម្ពុជា នាថ្ងៃអនាគតតែប៉ុណ្ណោះ ហើយកម្ពុជាមានការសោកស្ដាយណាស់ដែលនាយករដ្ឋមន្ត្រីប្រទេសជិតខាងនេះ បានយកការភូតកុហកជាមធ្យោបាយនៃនយោបាយការបរទេសថៃនោះ។ កម្ពុជាក៏បានបញ្ជាក់ច្បាស់ថា កម្ពុជាពុំមានតម្រូវការចាំបាច់អ្វីទាល់តែសោះទៅធ្វើអ្វីដែលនាយករដ្ឋមន្ត្រីថៃ បំភ្លៃថា ជាអំពើចារកម្មនោះ»។
ប្រតិកម្មភ្លាមៗរបស់រដ្ឋាភិបាលកម្ពុជា គឺបានធ្វើឡើងបន្ទាប់ពីប្រទេសថៃ បានអះអាងថា គេបានចាប់ខ្លួនបុរស ៣នាក់ ដែលជាភ្នាក់ងារចារកម្មរបស់កម្ពុជា នៅភូមិស្រល់ ទល់មុខតំបន់ប្រាសាទព្រះវិហារ កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា កន្លងមក។
កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ ដែលចេញផ្សាយកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា បានដកស្រង់សម្ដីលោកវរសេនីយ៍ សំប៉ូច ខុមប្រង (Sompoj Khomprang) ជានាយប៉ូលិសនៃស្រុកកាន់ថារៈឡាក់ ខេត្តស៊ីសាកេត ថា អាជ្ញាធរថៃបានចាប់ខ្លួនបុរសឈ្មោះ ស៊ូឆាត មហាម៉ាត់ (Suchart Muhamad ) អាយុ ៣២ឆ្នាំ ជាជនជាតិថៃ ម្នាក់ឈ្មោះ អ៊ុង គឹមថៃ (Ung Kimtai) អាយុ ៤៣ឆ្នាំ ជាជនជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ ង្វៀង ទៀងយ៉ាង (Wieng Tengyang) អាយុ ៣៧ឆ្នាំ ជាជនជាតិវៀតណាម។
ប៉ូលិសថៃ បាននិយាយថា អ្នកទាំងបីនោះ បានជិះក្នុងរថយន្តភីកអាប់ (Pickup) មួយគ្រឿង ដោយមានទាំងផ្ទាំងផែនទី ហើយបានបើកឆ្វែលជុំវិញបន្ទាយយោធា និងលេណដ្ឋានធំៗ ដែលរដ្ឋាភិបាលថៃ បានធ្វើសម្រាប់ឱ្យប្រជាពលរដ្ឋជ្រកការពារនៅពេលមានការប្រយុទ្ធ ហើយគេបានគូសជាចំណុចចំណាំផង ដែលគេសង្ស័យថា បុរសទាំង ៣នាក់ពាក់ព័ន្ធទៅនឹងភ្នាក់ងារចារកម្មរបស់កម្ពុជា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានច្រានចោលការចោទប្រកាន់នោះថា អ្វីដែលជាការងារចារកម្ម គឺកម្ពុជាមិនដែលបញ្ជូនបេសកជនណាមួយដើម្បីទៅស៊ើបការណ៍ពីថៃនោះទេ ៖ «ការចោទប្រកាន់មួយដែលគ្មានមូលដ្ឋានត្រឹមត្រូវ គឺគ្រាន់តែជាការចោទប្រកាន់ដើម្បីរៀបចំផែនការដើម្បីវាយប្រហារមកលើកម្ពុជាប៉ុណ្ណោះ។ បុគ្គលដែលមានសញ្ជាតិខ្មែរហ្នឹង គឺគេមាន Passport (លិខិតឆ្លងដែន) គេត្រឹមត្រូវ ក៏ប៉ុន្តែគេចោទប្រកាន់ថា ជាចារកម្ម ហើយចារកម្មយើងឃើញថា គេមិនមែនជិះឡានចូលទៅក្នុងទីប្រជុំជន ហើយកាន់លិខិតឆ្លងដែន កាន់ទាំងផែនទី»។
កាលពីថ្ងៃទី១០ ខែមិថុនា ក្រសួងការបរទេសខ្មែរ បានចេញសេចក្ដីថ្លែងការណ៍មួយជាលាយលក្ខណ៍អក្សរ ដោយថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើការច្រានចោលយ៉ាងដាច់អហង្ការចំពោះនាយករដ្ឋមន្ត្រី និងអាជ្ញាធរថៃ ដែលបានប្រឌិតរឿងនេះឡើងដើម្បីបោកបញ្ឆោតមតិសាធារណៈដែលនាំឱ្យមានការយល់ខុសមកលើកម្ពុជា៕