វិស័យដែលមានសក្ដានុពលខ្លាំង គឺវិស័យទេសចរណ៍ ដែលគេចាត់ទុកថា ជាឧស្សាហកម្មគ្មានផ្សែង និងរៀងរាល់ឆ្នាំកម្ពុជាទទួលបានចំណូលយ៉ាងច្រើនពីវិស័យទេសចរណ៍នោះ។
តំបន់អង្គរ នាខេត្តសៀមរាប បច្ចុប្បន្នត្រូវបានគេមើលឃើញថា ជាប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ដោយអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់រៀងរាល់ឆ្នាំ។
របាយការណ៍របស់ក្រសួងទេសចរណ៍ក្នុងឆ្នាំ២០១១ កន្លងទៅនេះ តំបន់សៀមរាបអង្គរទទួលបានទេសចរណ៍អន្តរជាតិប្រមាណជាង ១,៦លាននាក់ ស្មើនឹង ៥៦ភាគរយ នៃចំនួនទេសចរណ៍សរុប កើនឡើង ២៣ភាគរយ ធៀបនឹងឆ្នាំ២០១០ ខណៈដែលភ្នំពេញ និងតំបន់ទេសចរណ៍ផ្សេងទៀតទទួលភ្ងៀវទេសចរអន្តរជាតិប្រមាណ ១.២លាននាក់ កើនឡើង ៦ភាគរយធៀបនឹងឆ្នាំ២០១០។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន មានប្រសាសន៍នៅក្នុងសិក្ខាសិលានៅខេត្តសៀមរាប ស្តីអំពីទេសចរណ៍ប្រកបដោយចិរភាពនៅតំបន់អង្គរថា នៅឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤,៥លាននាក់ និង ៧លាននាក់នៅឆ្នាំ២០២០។
ដើម្បីសម្រេចបាននូវកំណើនភ្ញៀវទេសចរ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា កម្ពុជាត្រូវមានការយកចិត្តទុកដាក់ខ្ពស់ និងរៀបចំផែនការជាក់លាក់ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីអ្នកដែលពាក់ព័ន្ធទាំងអស់ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍដែលមានលក្ខណៈទូលំទូលាយ។
អ្នកវិភាគនានានៅកម្ពុជា យល់ឃើញថា វិស័យទេសចរណ៍មានសក្តានុពលខ្លាំងធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន ដោយសារតែតំបន់ទេសចរណ៍របស់កម្ពុជា ភាគច្រើនជាតំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្ត ដែលប្រទេសក្នុងតំបន់អាស៊ានមិនអាចប្រកួតប្រជែងបាន ហើយនៅឆ្នាំ២០១៥ កម្ពុជាអាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ជាពិសេសពីបណ្ដាប្រទេសអាស៊ាន។
បញ្ជាក់បន្ថែមអំពីការសម្រេចឲ្យបាននូវគោលដៅនេះ អ្នកវិភាគនយោបាយលោកបណ្ឌិត សុខ ទូច មានប្រសាសន៍នាពេលកន្លងទៅនេះថា កម្ពុជាទទួលបានចំនួនទេសចរណ៍ជាច្រើន ព្រោះប្រទេសជិតខាង ដូចជាប្រទេសថៃ ជាដើម ដែលទទួលរងនូវវិបត្តិផ្សេងៗ។
លោកបណ្ឌិត សុខ ទូច បន្តថា វិបត្តិនៅប្រទេសថៃ នោះ មានដូចជាគ្រោះទឹកជំនន់ ភេរវកម្ម និងជម្លោះផ្ទៃក្នុងជាដើម។ កត្តាសំខាន់ទាំងបីនេះ បានធ្វើឲ្យអ្នកទេសចរណ៍បង្វែរគោលដៅអ្នកទេសចរណ៍អន្តរជាតិមកកម្ពុជា យ៉ាងច្រើន។ លោកមានប្រសាសន៍បន្ថែមទៀតថា ក្នុងឆ្នាំ២០១២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន វិស័យទេសចរណ៍នឹងត្រូវបានផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍បន្ថែមទៀតថា កម្ពុជាជាមជ្ឈមណ្ឌលកណ្ដាលនៃតំបន់អាស៊ីអាគ្នេយ៍ ដែលប្រសាទនានាក្នុងតំបន់អង្គរនៅខេត្តសៀមរាប ជាមូលដ្ឋានគ្រឹះទាំងព្រហ្មញ្ញផង និងព្រះពុទ្ធសាសនាផង។ លោកមានប្រសាសន៍ថា កម្ពុជាមានប្រភេទទេសចរណ៍បួនដែលជាសក្ដានុពលសម្រាប់ទាក់ទាញអ្នកទេសចរណ៍អន្តរជាតិមកកម្ពុជា ដូចជាទេសចរណ៍វប្បធម៌ ទេសចរណ៍បរិស្ថាន ទេសចរណ៍តំបន់ឆ្នេរ និងទេសចរណ៍សិប្បនិម្មិត។
មានប្រសាសន៍បន្ថែមអំពីសក្ដានុពលទេសចរណ៍នៅកម្ពុជា នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរប្រតិបត្តិអន្តរជាតិ និងសន្តិភាព លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ មានប្រសាសន៍ថា នៅឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជាអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសអាស៊ាន បានរហូតដល់ ៥លាននាក់ ដោយសារតែមានការហូរចូលដោយសេរីនៃកម្លាំងពលកម្ម និងការបង្កើតឲ្យមានទិដ្ឋាការអាស៊ានរួមមួយ។ លោកមានប្រសាសន៍បន្ថែមទៀតថា នៅថ្ងៃអនាគតកម្ពុជានឹងអាចមានភ្ញៀវទេសចរណ៍កើនឡើងដូចជាប្រទេសឥណ្ឌា និងចិន។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បន្ថែមទៀតថា អ្នកទេសចរអឺរ៉ុប ហ៊ាននឹងចំណាយច្រើនជាងអ្នកទេសចរខាងអាស៊ី ប៉ុន្តែកំឡុងពេលនេះ បណ្ដាប្រទេសអឺរ៉ុបជួបនឹងវិបត្តិសេដ្ឋកិច្ច។ ដូច្នេះកម្ពុជាត្រូវគិតអំពីវិធីទាក់ទាញអ្នកទេសចរណ៍ប្រទេសអាស៊ាន ប៉ុន្តែបញ្ហាប្រឈមមួយដែលកម្ពុជា មិនអាចទទួលប្រយោជន៍ច្រើនពីប្រទេសអ្នកទេសចរអាស៊ាននោះ គឺអ្នកទេសចរទាំងនោះមកទស្សនាកម្ពុជា ដោយប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ប្រទេសខ្លួន ដូចជាប្រទេសចិន ជាដើម។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច យល់ស្របចំពោះបញ្ហានេះ ហើយកម្ពុជានឹងបាត់បង់ចំណូលជាច្រើនដោយសារតែអ្នកទេសចរទាំងនោះគេប្រើប្រាស់សេវាកម្មជនជាតិរបស់ខ្លួន។
លោក សុខ ទូច បន្តទៀតថា កម្ពុជាត្រូវបង្កើតច្បាប់គ្រប់គ្រងដើម្បីឲ្យអ្នកទេសចរទាំងនោះមកប្រើប្រាស់សេវាកម្មរបស់កម្ពុជា នៅពេលដែលសមាហរណកម្មអាស៊ាននឹងមកដល់នៅឆ្នាំ២០១៥ ខាងមុខនេះ។
ប៉ុន្តែលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ យល់ឃើញថា ការបង្កើតច្បាប់ដោយកំហិតឲ្យអ្នកទេសចរមកប្រើប្រាស់សេវាកម្មក្នុងស្រុកមានការលំបាក ដោយសារតែកម្ពុជា ប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី។ តែទោះជាយ៉ាងណាក៏ដោយ លោក វណ្ណារិទ្ធិ មានប្រសាសន៍ថា ការលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងក្នុងស្រុកឲ្យខ្លាំង គឺអាចកាត់បន្ថយបញ្ហាទាំងនោះ។
តែទោះយ៉ាងក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មានប្រសាសន៍នៅក្នុងសិក្ខាសិលានិរន្តរភាពវិស័យទេសចរណ៍ថា ដើម្បីឲ្យភ្ញៀវទេសចរណ៍ចំណាយកាន់តែច្រើននៅពេលទស្សនាកម្ពុជា គឺកម្ពុជាត្រូវធ្វើពិពិត្តកម្មផលិតផលទេសចរណ៍ ការបង្កើតឲ្យមានតំបន់ទេសចរណ៍ថ្មីៗ និងការបង្កើតឲ្យមានមជ្ឈមណ្ឌលបដិសណ្ឋាកិច្ចជាដើម។
អ្នកជំនាញបានបង្ហាញទៀតថា ទន្ទឹមនឹងការរំពឹងទុកចំពោះការកើនឡើងអ្នកទេសចរមកកម្ពុជា នៅឆ្នាំ២០១៥ ខាងមុខនេះ រដ្ឋាភិបាលត្រូវការត្រៀមខ្លួនទុកជាមុន និងសហការគ្នាជាមួយផ្នែកឯកជនដើម្បីទទួលបានសេវាកម្មទេសចរណ៍ដែលល្អសម្រាប់ទាក់ទាញអ្នកទេសចរឲ្យកាន់តែច្រើនក្នុងការសម្រេចបាននូវកំណើនភ្ញៀវទេសចរដូចដែលកម្ពុជា រំពឹងទុកនោះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។