មន្ត្រីទាំងនោះបានរំលឹកថា អង្គភាពសារព័ត៌មាននីមួយគួរតែប្រុងប្រយ័ត្នឲ្យមែនទែន ក្នុងកាគោរពវិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន នៅពេលដែលប្រជាពលរដ្ឋខ្មែរភាគច្រើននិយមអាន ស្ដាប់ និងចូលចិត្តមើលព័ត៌មានតាមទូរទស្សន៍ដូច្នេះ បើមិនដូច្នោះទេ អតិថិជននឹងបាត់ជំនឿលើស្ថាប័នសារព័ត៌មាននោះហើយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានពញ្ញាក់អារម្មណ៍អ្នកយកសារព័ត៌មានថា ប្រជាពលរដ្ឋខ្មែរភាគច្រើនបានផ្លាស់ប្ដូរឥរិយាបថពីការនិយមចូលចិត្តមើលកុន ឬខ្សែវីដេអូភាគ មកអាន និងស្ដាប់ព័ត៌មានវិញម្ដងក្នុងពេលនេះ។ លោកថ្លែងដូច្នេះទៅកាន់អ្នកកាសែត ក្នុងពិធីបើកវគ្គសិក្សាសាលាកាសែតឯកជនមួយដែលទើបបើកថ្មី របស់វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ នៅទីក្រុងភ្នំពេញ នៅថ្ងៃទី១ ធ្នូ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ប្រជាជនខ្មែរបច្ចុប្បន្នបានយល់អំពីតម្លៃសារព័ត៌មានច្រើនជាងមុន ដោយពួកគាត់យល់ថា ព័ត៌មានដែលប្រជាពលរដ្ឋចូលចិត្តស្ដាប់ គឺព័ត៌មានបង្ហាញការពិត និងគួរឲ្យចាប់អារម្មណ៍៖ «និយាយរួមបើយើងផ្ទឹមពី ១០ឆ្នាំមុន ឥឡូវនេះគេសំខាន់បំផុត គឺសារព័ត៌មានដែលមានលក្ខណៈឯករាជ្យហ្នឹងហើយ។ យើងឃើញហើយថា សូម្បីតែពិធីករក៏ដោយ កាលណាពិធីករដែលបញ្ចើចបញ្ចើច្រើន គេលែងស្ដាប់។ សំខាន់បំផុតអ្នកណាគេយល់ថា ការវិភាគហ្នឹងគាត់មិនលំអៀង គឺគាត់វិភាគត្រឹមត្រូវរបស់គាត់ល្អ»។
ទន្ទឹមពេលនេះដែរ លោក ប៉ែន សមិទ្ធិ ប្រធានសមាគមក្លឹបអ្នកកាសែតកម្ពុជា បានបន្ទរថា សព្វថ្ងៃសារព័ត៌មានមួយចំនួន ជាពិសេស ព័ត៌មានបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (FaceBook) ប្លុកគើ (Blogger) និងសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត (Internet) កំពុងធ្វើឲ្យមាននិន្នាការសារព័ត៌មានសង្គមខ្មែររឹតតែមិនល្អ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងលួចស្នាដៃនិពន្ធរបស់អ្នកកាសែតផ្សេងទៀតផង។
លោក ប៉ែន សមិទ្ធិ៖ «ខ្ញុំលើកឧទាហរណ៍ថា មានគេហទំព័រ (Website) ខ្លះ រាល់ថ្ងៃគាត់អត់ចាំបាច់ធ្វើការអីទេ គាត់អង្គុយចាំតែលួចព័ត៌មានគេ គាត់បើវ៉ឹបសៃថ៍មួយអ៊ីចឹងទៅ គាត់ គូពី (ចម្លង) យកមក គាត់ដាក់ គាត់កែតិចតួចធ្វើជារបស់គាត់។ គាត់ដូរម៉ោងដូរពេលទៅធ្វើដូចគាត់បង្ហោះមុនគេអ៊ីចឹង...»។
ប្រទេសកម្ពុជា បានប្រកាន់របបសារព័ត៌មានសេរី ចាប់តាំងពីឆ្នាំ១៩៩៣ មក។ ក៏ប៉ុន្តែ អង្គការសារព័ត៌មានជាតិ និងអន្តរជាតិខ្លះ នៅតែត្អូញត្អែរថា សេរីភាពសារព័ត៌មានស្រុកខ្មែរ មកទល់ពេលនេះនៅតែមានបញ្ហា។
អ្នកសារព័ត៌មានខ្លះត្រូវគេសម្លាប់ ខ្លះជាប់គុក ខ្លះទៀតរត់ចោលស្រុក ខណៈដែលសារព័ត៌មានខ្លះទៀតជាសារព័ត៌មានរបស់បក្សនយោបាយ ឬបម្រើផលប្រយោជន៍អ្នកមានប្រាក់ មានអំណាច មិនបាននាំព័ត៌មានពិតបម្រើប្រយោជន៍ដល់សាធារណជនទូទៅ។
លោក ឆាយ សុផល និពន្ធនាយកសារព័ត៌មាន ឌឹ ខេមបូឌា ញីវ (The Cambodia News) ថ្លែងថា ស្រុកខ្មែរសព្វថ្ងៃគេពិបាកនិយាយរឿងកាសែតអាជីព ឬឯករាជ្យណាស់ លើកលែងកាសែតបរទេស គឺដោយសារតែប្រឈមនឹងបញ្ហានិន្នាការនយោបាយ និងបញ្ហាហិរញ្ញវត្ថុ។
លោកបន្តថា រឿងផ្សព្វផ្សាយព័ត៌មានឯករាជ្យ ឬមិនឯករាជ្យនោះ គឺអាស្រ័យលើនិន្នាការ និងជំហរថ្នាក់ដឹកនាំនៃស្ថាប័នសារព័ត៌មាននីមួយ។
យ៉ាងណាក៏ដោយ លោក ខៀវ កាញារីទ្ធ នៅតែអះអាងថា ការហ្វឹកហាត់អ្នកកាសែត គឺជារឿងសំខាន់បំផុតដើម្បីធ្វើឲ្យអ្នកកាសែតឯករាជ្យ។ ដូច្នេះទើបលោកអញ្ជើញចូលរួមពិធីបើកវគ្គកាសែតរបស់សាលាឯកជន គឺវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ នេះឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។