តម្រុយបង្គោលព្រំដែនលេខ១០៩ មានទីតាំងនៅឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម ត្រូវបានមន្ត្រីគណៈកម្មាធិការព្រំដែនកម្ពុជា បោះកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ ប៉ុន្តែពលរដ្ឋចោទថា ការបោះបង្គោលតម្រុយព្រំដែននេះ បានធ្វើឲ្យបាត់បង់ដីចម្ការរបស់ពួកគាត់ដែលកំពុងបង្កបង្កើនផល។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅទីស្នាក់ការគណបក្ស សម រង្ស៊ី តំណាងអ្នកភូមិបានចែកជូនពាក្យបណ្ដឹងមានស្នាមផ្ដិតមេដៃពលរដ្ឋចំនួន ជាង ២០០នាក់ ដែលអះអាងថា រស់នៅឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម បានដាក់ពាក្យបណ្ដឹងចុះថ្ងៃទី២៩ ខែតុលា ប្ដឹងចូលមកលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការជាតិកិច្ចការព្រំដែននៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីតវ៉ាពីការបោះបង្គោលព្រំដែននេះ។
ឆ្លើយតបការដាក់ពាក្យបណ្ដឹង លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការជាតិកិច្ចការព្រំដែនកម្ពុជា មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកាថា ការបោះបង្គោលតម្រុយព្រំដែនលេខ១០៩ គឺមិនបានប៉ះពាល់ដីស្រែ ឬចម្ការរបស់ពលរដ្ឋរហូតដល់ជាង ២០០គ្រួសារដូចការចោទនោះទេ គឺបានប៉ះចំលើដីពលរដ្ឋមួយគ្រួសារដែលមានទំហំ ៥ម៉ែត្រការ៉េប៉ុណ្ណោះ។
លោក វ៉ា គឹមហុង បានចាត់ទុកការដាក់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ គឺជាការញុះញង់ផ្ដើមដោយគណបក្ស សម រង្ស៊ី នៅតំបន់នោះ ព្រោះថា ការបោះបង្គោលលេខ១០៩ មន្ត្រីគណៈកម្មាធិការព្រំដែនបានអញ្ជើញមន្ត្រីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតំបន់នោះចូលរួមពិនិត្យទាំងអស់គ្នា។
យ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង បានសង្កត់ធ្ងន់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះរាល់សកម្មភាពណាមួយដែលធ្វើឲ្យរាំងស្ទះដល់ការពន្លឿនការបោះតម្រុយបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
លោក វ៉ា គឹមហុង មានប្រសាសន៍ថា ៖ «យើងនិយាយមិនស្ដាប់ មានតែយើងយកតុលាការឲ្យជួយការពារគោលជំហររបស់រាជរដ្ឋាភិបាល មិនមែនប្រទេសអត់ច្បាប់ឯណា។ កុំឲ្យរំខានគេ រួចលោក រ៉ុង ឈុន ហ្នឹងគាត់មានជំនាញស្អី?»។
ការគំរាមរបស់មន្ត្រីរដ្ឋាភិបាលដូច្នេះ នៅគ្រាមានសកម្មជនព្រំដែនកម្ពុជា និងមន្ត្រីបក្សប្រឆាំងគ្រោងនឹងដឹកនាំគណៈប្រតិភូចុះពិនិត្យការបោះតម្រុយបង្គោលព្រំដែនកម្ពុជា និងវៀតណាម លេខ១០៩ នៅឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម នៅចុងខែវិច្ឆិកានេះ។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលព្រំដែនប្រចាំប្រទេសកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៣ ឬថ្ងៃទី២៤ ខែវិច្ឆិកា សប្ដាហ៍ខាងមុខ រូបលោកនឹងដឹកនាំប្រតិភូចុះទៅពិនិត្យតម្រុយព្រំដែនលេខ១០៩ ដើម្បីឲ្យច្បាស់ថា តើការបោះនោះចូលមកក្នុងទឹកដីខ្មែរចម្ងាយប៉ុន្មានម៉ែត្រ រួចធ្វើរបាយការណ៍ដាក់ជូនរដ្ឋសភា និងនាយករដ្ឋមន្ត្រីពិនិត្យឡើងវិញ។
លោក រ៉ុង ឈុន មានប្រសាសន៍បន្ថែមដូច្នេះ ៖ «បើសិនជាអាជ្ញាធររាំងខ្ទប់នូវដំណើរទស្សនកិច្ចទៅមើលព្រំដែន អ៊ីចឹងសបញ្ជាក់ឲ្យឃើញថា ការបោះតម្រុយបង្គោលព្រំដែនហ្នឹងមានភាពមិនប្រក្រតីកើតឡើងហើយ»។
លោក ម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលកំពង់ចាម មានប្រសាសន៍ថា គ្មានហេតុផលណាមួយដែលមន្ត្រីគណៈកម្មាធិការព្រំដែនមកធ្វើការរារាំងការចុះទៅពិនិត្យមើលការបោះតម្រុយបង្គោលព្រំដែនលេខ១០៩ នោះទេ បើការបោះបង្គោលនោះមិនប៉ះពាល់ដល់ដីស្រែចម្ការពលរដ្ឋនោះ។
លោក ម៉ៅ មុនីវណ្ណ ៖ «គាត់ឆ្លើយចំពោះប្រជាពលរដ្ឋ ហើយគំរាមកំហែងមកលើសង្គមស៊ីវិលហ្នឹង បើសិនជាមានតម្លាភាពត្រូវឲ្យប្រជាពលរដ្ឋសង្គមស៊ីវិល និងតំណាងរាស្ត្រទៅពិនិត្យជាសាធារណៈទៅ បើសិនជាការបោះបង្គោលព្រំដែនហ្នឹងមិនបាត់បង់»។
លោក វ៉ា គឹមហុង ចាត់ទុកសកម្មភាពនេះថា ជាការរំខានដល់ការងាររបស់មន្ត្រីកិច្ចការបោះបង្គោលព្រំដែន និងជាភារកិច្ចរបស់រដ្ឋាភិបាលប្រទេសទាំងពីរ មិនមែនជាភារកិច្ចរបស់ក្រុមអង្គការសង្គមស៊ីវិល ឬមន្ត្រីបក្សប្រឆាំងនោះទេ។ លោកថា រូបលោកនឹងបញ្ជាឲ្យមន្ត្រីមានសមត្ថកិច្ចនៅតាមមូលដ្ឋានដាក់ពង្រាយកម្លាំងទប់ស្កាត់មិនឲ្យក្រុមអង្គការសង្គមស៊ីវិល ឬមន្ត្រីបក្សប្រឆាំងណាមួយទៅរំខានដល់កិច្ចការបោះបង្គោលតម្រុយព្រំដែនរបស់រដ្ឋាភិបាលនោះទេ៕