មេទ័ព​ខ្មែរ​ព្រមាន​វាយ​ប្រហារ​តប​ត​ទៅ​ថៃ​វិញ

មេទ័ព​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​កុម្ភៈ បាន​ព្រមាន​នឹង​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ទាហាន​ថៃ ប្រសិន​បើ​ទាហាន​ថៃ មិន​បញ្ឈប់​ការ​វាយ​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។

0:00 / 0:00

ទាហាន​ខ្មែរ​ប្រចាំ​នៅ​តំបន់​ខ្សែ​ត្រៀម​ប្រយុទ្ធ​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា មេ​ទ័ព​កម្ពុជា បាន​ព្រមាន​វាយ​ប្រហារ​សងសឹក​ទៅ​លើ​កងទ័ព​ថៃ ប្រសិន​បើ​កងទ័ព​ថៃ មិន​ឈប់​បាញ់ និង​បោក​គ្រាប់បែក​មក​លើ​កម្ពុជា។ ការ​ព្រមាន​របស់​កម្ពុជា ធ្វើ​ឡើង​ក្នុង​ជំនួប​ចរចា​រវាង​មេទ័ព​កម្ពុជា និង​ថៃ នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​កុម្ភៈ។

ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​ការ​ចរចា​មក ការ​ផ្ទុះ​អាវុធ​បាន​ផ្អាក​ហើយ ៖ «ថ្ងៃ​នេះ​អត់​មាន​អី​ទ។ យើង​ចរចា​គ្នា មេៗ​ចរចា​គ្នា ប្រសិន​បើ​ផ្ទុះ​អាវុធ​ទៀត​យើង​នឹង​ព្រមាន​វា។ វា​បាញ់​តែ​គ្នា​វា។ វា​បាញ់​ខ្ពស់»

កាល​ពី​ថ្ងៃ​អង្គារ ទី​១៥ ខែ​កុម្ភៈ មាន​ទីភ្នាក់ងារ​ព័ត៌មាន​ជា​ច្រើន​បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​អ្នក​នាំ​ពាក្យ​យោធា​ថៃ​ថា កងទ័ព​កម្ពុជា បាន​វាយ​ប្រហារ​ទៅ​លើ​កងទ័ព​ថៃ។

កាសែត​បាងកក ប៉ុសិ៍ (Bangkok Post) នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​កុម្ភៈ បាន​ដក​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ថៃ​ថា កងទ័ព​កម្ពុជា បាន​ចាប់​ផ្តើម​វាយ​ប្រហារ​មក​លើ​កងទ័ព​ថៃ នៅ​ម៉ោង​ប្រមាណ ៨​យប់​ថ្ងៃ​អង្គារ ប៉ុន្តែ​ត្រូវ​បាន​រុញ​ច្រាន​ចេញ​ទៅ​វិញ។ មន្ត្រី​ថៃ បន្ថែម​ទៀត​ថា កងទ័ព​កម្ពុជា ព្យាយាម​វាយ​យក​បន្ទាយ​ទាហាន​ថៃ ទើប​បាន​បណ្ដាល​ឲ្យ​មាន​ការ​បាញ់​គ្នា​ដោយ​កាំភ្លើង​យន្ត និង​គ្រាប់បែក។

មន្ត្រី​ដដែល​ក៏​បាន​ចោទ​ប្រកាន់​កម្ពុជា​ថា មិន​បាន​គោរព​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ដែល​បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា និង​ថៃ រក្សា​ភាព​អត់ធ្មត់ និង​ដោះស្រាយ​វិបត្តិ​ដោយ​អហិង្សា។

ការ​ចោទ​ប្រកាន់​របស់​ថៃ​នេះ ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា បដិសេធ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ថា កងទ័ព​ថៃ បាន​វាយ​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា​មុន។

កម្ពុជា​បញ្ជាក់​ថា ចាប់​ពី​ម៉ោង ៩​យប់​ថ្ងៃ​ទី​១៥ រហូត​ដល់​ម៉ោង ៥​ព្រឹក ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ទាហាន​ថៃ បាន​បាញ់​មក​កម្ពុជា ដោយ​ប្រើប្រាស់​កាំភ្លើង​ធុន ៨១​មិល្លីម៉ែត្រ និង​កាំភ្លើង​យន្ត។

សេចក្ដី​ថ្លែងការណ៍​បន្ថែម​ថា ការ​បោក​គ្រាប់បែក​ដៃ​ដោយ​ទាហាន​ថៃ បាន​បណ្ដាល​ឲ្យ​ទាហាន​ខ្លួន​រង​របួស​ទៅ​វិញ។ កម្ពុជា​ក៏​បាន​ចោទ​ប្រកាន់​ថៃ ថា មិន​គោរព​បទ​ឈប់​បាញ់​គ្នា ដែល​បាន​ស្នើ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។

ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី កងទ័ព​ខ្មែរ​ម្នាក់​បាន​ឲ្យ​ដឹង​ដូច្នេះ ៖

យន់ សាមៀន ៖ កាសែត​ថៃ​ថា ភាគី​កម្ពុជា បាន​ទៅ​កាត់​បន្លា​លួស​ចូល​ទៅ​តំបន់​ថៃ? ទាហាន​ខ្មែរ ៖ មិន​មាន​ទេ នេះ​ជា​ការ​បង្ខូច​មួល​បង្កាច់​ទេ យើង​ទៅ​ធ្វើ​អី​អ៊ីចឹងៗ។ បន់​ឲ្យ​តែ​គេ​ស្ងាត់ស្ងៀម ត្រូវ​គ្នា​ទៅ​ស្រួល​ចុះ​រក​ស៊ី​អី។

យន់ សាមៀន ៖ តើ​ភាគី​ថៃ​អ្នក​បាញ់ ឬ​ខ្មែរ​អ្នក​បាញ់? ទាហាន​ខ្មែរ ៖ ថៃ​បាញ់​គ្នា​វា កាំភ្លើង ៧៥​មិល្លីម៉ែត្រ និង​គ្រាប់​បែក​វា​បោក​មួយ​ចំនួន។ វា​ថា ខ្មែរ​យើង​បាញ់​វា តាម​ពិត​វា​បាញ់​គ្នា​វា។ វា​បោក​គ្រាប់​បែក តែ​យើង​មិន​ត​ទេ។ សភាពការណ៍​ទូ​ទៅ​មាន​លក្ខណៈ​ធូរ​ស្រាល​ហើយ។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ថៃ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ក្រោយ​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ជ័យជម្នះ​រៀងៗ​ខ្លួន ក្រោយ​ពេល​ក្រុមប្រឹក្សា​ស្នើ​ឲ្យ​ភាគី​ទាំង​សងខាង​បន្ត​ការ​ចរចា​គ្នា​តាម​យន្តការ​អាស៊ាន បន្ថែម​ទៀត។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ខាង​មុន​នេះ ដើម្បី​កំណត់​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​មួយ និង​គូសវាស​ផែនទី​​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​តាម​លក្ខណៈ​ការទូត និង​សន្តិវិធី៕