ប្រទេសមានលុយដែលដើរទិញដីសម្រាប់ផលិតផលកសិកម្ម មានប្រទេសចិនដីគោក កូរ៉េខាងត្បូង និងប្រទេសអារ៉ាប់។
ក្រៅពីដើរទិញដីនៅទ្វីបអាហ្រ្វិក និងនៅអាមេរិកខាងត្បូងដ៏ច្រើនមក នៅអាស៊ី ប្រទេសកម្ពុជាស្ថិតនៅលើគេបង្អស់ក្នុងការលក់ដីឲ្យបរទេស។
តាមសេចក្តីរាយការណ៍ពីអតីតអ្នកនយោបាយខ្មែរម្នាក់ ដែលតាមដានរបរទិញលក់ដោះដូរដីធ្លីនៅកម្ពុជា ថា ផ្ទៃដី ១លានហិកតារ ដែលរដ្ឋាភិបាលផ្តល់ឲ្យបរទេសធ្វើអាជីវកម្ម ក្រុមហ៊ុនចិនកាន់កាប់ពាក់កណ្តាលសម្រាប់ធ្វើកសិកម្ម។
ជាមួយគ្នានេះ ប្រទេសជប៉ុននិងឥណ្ឌា ក៏ដើររកទិញដីក្រៅប្រទេសដែរ។
ចំពោះរឿងអ្នកកាន់កាប់ដីធ្លីវិញ យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ កាលពីចុងសប្តាហ៍មុនថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដកតំណែងលោកឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពជាតិ កែ គឹមយ៉ាន ព្រោះតែលោកមានដីច្រើនពេក រវល់នឹងរកស៊ី ហើយមិនសូវអើពើ មិនសូវសកម្មក្នុងរឿងកងទ័ព៕