ទេសរដ្ឋមន្ត្រីនិងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង មានប្រសាសន៍នៅថ្ងៃទី១៣ ឧសភាថា កម្ពុជាមានសំអាងលើផែនទីដែលតុលាការក្រុងឡាអេបានកាត់ឲ្យកម្ពុជាឈ្នះតាំងពីឆ្នាំ១៩៦២ ក្នុងរឿងប្រាសាទព្រះវិហារដែលមានអន្តរជាតិទទួលស្គាល់ជាផ្លូវការ។
លោក វ៉ា គឹមហុង ថ្លែងដូច្នេះថា ៖ «យើងសុំសួរសំណួរទៅអ្នកនាំពាក្យថៃវិញថា តើលោកមានតឹកតាងអីដែលហ៊ានអះអាងថា ទឹកដីរបស់ខ្លួន? តើលោកមានជាកម្មសិទ្ធិអីមួយបញ្ជាក់ថា ទឹកដីហ្នឹងជាទឹកដីថៃបានទេ?»។
អ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន មានប្រសាសន៍ដែរថា ផ្សារនិងប្រជាពលរដ្ឋរស់នៅមុខតំបន់ប្រាសាទព្រះវិហារជាចំណែកមួយនៃប្រាសាទព្រះវិហារ ដូច្នោះប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ផ្សារក៏នៅជាមួយនោះដែរ។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្ថែមថា ៖ «ទឹកដីនេះជារបស់កម្ពុជាពិតប្រាកដ ដែលមានស្ថាប័នអន្តរជាតិតាំងពីឆ្នាំ១៩៦២ បានចង្អុលបង្ហាញថាតំបន់ហ្នឹងជារបស់កម្ពុជា តាមរយៈការប្រើប្រាស់ផែនទី ដែលថាឧបសម្ព័ន្ធមួយនៃផែនទីដងរែក ដែលបង្ហាញតំបន់ហ្នុងជាក់ច្បាស់ណាស់ថារបស់កម្ពុជា។ អ៊ីចឹងតំបន់ហ្នឹង ជាមួយនឹងប្រាសាទព្រះវិហារ ដែលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ត្រូវបានការពារដោយគ្មាននរណាម្នាក់នៅក្នុងលោកនេះត្រូវតែបំផ្លាញនោះឡើយ»។
ប្រតិកម្មទាំងនេះបានធ្វើឡើងបន្ទាប់មានការផ្សាយតាមរយៈកាសែតរបស់ប្រទេសថៃកាលពីថ្ងៃទី១២ ឧសភាថា តំបន់ផ្សារនៅមុខជណ្តើរប្រាសាទព្រះវិហារ ដែលរងការឆេះ ហើយរដ្ឋាភិបាលខ្មែរទាមទារឲ្យប្រទេសថៃសងការខូចខាតជាង២លានដុល្លារនោះថាជាទឹកដីរបស់ថៃ។
មកទល់ពេលនេះ មន្រ្តីរដ្ឋាភិបាលខ្មែរបានអះអាងថា មិនទាន់បានទទួលការឆ្លើយតបពីភាគីថៃជាលាយលក្ខណ៍អក្សរចំពោះបញ្ហាសំណងនោះនៅឡើយទេ។
សូមជម្រាបថា កាលពីថ្ងៃទី១១ ឧសភា ក្រសួងការបរទេសខ្មែរបានសរសេរលិខិតប្រាប់ទៅរដ្ឋាភិបាលថៃ សូមឲ្យសងការខូចខាតចំនួនជាង ២លានដុល្លារអាមេរិកចំពោះការទទួលខុសត្រូវរបស់ទាហានថៃ ដែលបំផ្លាញទ្រព្យសម្បត្តិអ្នកភូមិខ្មែរនិងបានធ្វើឲ្យអ្នកស្រុក ៣១៩គ្រួសារ បានបាត់បង់ទីជម្រក។
ក្នុងប្រតិកម្មតប មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថារិទ្ធិ ឆារ៉ុងវ៉ាត់ បានថ្លែងមកវិញតាមកាសែតថា ចំណុចដែលបានកើតឡើង កាលពីថ្ងៃទី៣ ខែមេសា កន្លងមកនោះ គឺជាទឹកដីរបស់ថៃនោះទេ៕