ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី២៨ ខែកុម្ភៈ បានស្នើសុំជាផ្លូវការ សុំឲ្យអង្គការយូណេស្កូ (UNESCO) បញ្ជូនមន្ត្រីជំនាញមកវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ និងជួសជុលប្រាសាទព្រះវិហារឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដែលប្រាសាទនេះបានរងការបាញ់ផ្លោងដោយកងទ័ពថៃចំនួនជាង ៤០០គ្រាប់ កាលពីដើមខែកុម្ភៈកន្លងទៅនេះ។
ការលើកសំណើនេះ បានធ្វើឡើងនៅក្នុងជំនួបបិតទ្វារជាង ២ម៉ោង រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ជាមួយបេសកជនរបស់អង្គការយួណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koichiro Matsuura) នៅឯវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ។
ឧបនាយករដ្ឋមន្ត្រី លោក សុខ អាន ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់អ្នកកាសែត ក្រោយពីជំនួបនោះថា ការបាញ់ផ្លោងបំផ្លាញប្រាសាទព្រះវិហារ ដោយភាគីថៃ គឺបានរំលោភអនុសញ្ញាឆ្នាំ១៩៥៤ របស់អង្គការយួណេស្កូ ដែលការពារសម្បត្តិបេតិកភណ្ឌពិភពលោក ៖ "ឧក្រិដ្ឋកម្មសង្គ្រាម ឬជាឧក្រិដ្ឋកម្មប្រឆាំងនិងសាសនា គឺការកម្ទេចវត្ត ឧក្រិដ្ឋកម្មប្រឆាំងវប្បធម៌ គឺការកម្ទេចប្រាសាទ។ អ៊ីចឹងនេះជាអំពើឧក្រិដ្ឋកម្មដ៏ពិតប្រាកដ ដែលថៃបានប្រព្រឹត្តិ។ វត្តជាទីសក្ការរបស់ពុទ្ធបរិស័ទ ត្រូវបានខូចខាតយ៉ាងច្រើន យ៉ាងដំណំបំផុត។ ហើយយើងក៏បានបង្ហាញអំពីថៃដែលបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលពិភពលោកគេហាមប្រាមមិនឲ្យប្រើ"។
បេសកជនរបស់អង្គការយូណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា មិនបានមានប្រសាសន៍ប្រាប់អ្នកកាសែតទេ ជុំវិញសំណើរបស់ភាគីកម្ពុជានេះ ប៉ុន្តែលោក សុខ អាន បានមានប្រសាសន៍ថា អង្គការយូណេស្កូបានទទួលយកសំណើនេះ និងបានឯកភាព ហើយបានសន្យាថានឹងបញ្ជូនអ្នកឯកទេសមកវាយតម្លៃ ការខូចខាតប្រាសាទព្រះវិហារ នៅថ្ងៃក្រោយ ពីព្រោះគេរង់ចាំការរៀបចំធ្វើបែបបទផ្លូវច្បាប់មួយចំនួនទៀត។
រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន ជាប្រធានអាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៍ថា បេសកជនរបស់អង្គការយូណេស្កូមកកម្ពុជានេះ គឺផ្ដោតលើការខូចខាតប្រាសាទព្រះវិហារសុទ្ធសាធ មិនពាក់ព័ន្ធនិងរឿងព្រំដែនទេ ៖ "ក្រោយពេលដែលអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ដែលចាត់តាំងដោយអាស៊ានហ្នឹងមកដល់ពេលណា ក្រោយនោះភ្លាម គឺយូណេស្កូចាប់ផ្ដើមនឹងបញ្ជូនអ្នកដែលវាយតម្លៃ តើការខូចខាតហ្នឹងមានប៉ុណ្ណា។ ចំណុចទី៣ គឺការជួសជុលជាបន្ទាន់ភ្លាម ក្រោយពេលដែលមានការវាយតម្លៃថាប្រាសាទហ្នឹងខូចខាតអស់ប៉ុណ្ណេះភាគរយ។ ហើយជ្រើសរើសអ្នកដែលជំនាញខាងការជួសជុលប្រាសាទមកជាបន្ទាន់"។
ប្រភពពីលោក ជុច ភឿន បានបញ្ជាក់ថា ប្រាសាទព្រះវិហារបានរងការបាញ់ផ្លោងដោយកងទ័ពថៃចំនួន ៤១៤គ្រាប់ នៅក្នុងការវាយប្រហារនៅថ្ងៃទី៤ ទី៥ ទី៦ និងថ្ងៃទី៧ ខែកុម្ភៈកន្លងទៅនេះ។
បេសកជនរបស់អង្គការយូណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា គ្រោងនឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១ ខែមីនា ក្រោយពីបានចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី៕