ការប្រកាសនេះ គឺនៅក្នុងសន្និសីទកាសែតមួយ នៅឯវិមានសន្តិភាព ក្រោយពីអ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីខាងកើតលើកទី២ និងកិច្ចប្រជុំនៃវេទិកាតំបន់អាស៊ានលើកទី១៩ នៅឯវិមានសន្តិភាព នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន បានមានប្រសាសន៍ថា អ្នកស្រីផ្ទាល់ចង់ដោះស្រាយរឿងបំណុលនេះឲ្យបានជឿនលឿនទៅមុខឆាប់ៗនេះ៖ «រដ្ឋាភិបាលបច្ចុប្បន្នមានការទទួលខុសត្រូវចំពោះបំណុលនៃរដ្ឋាភិបាលមុន ទោះបីវាហាក់ដូចជាអយុត្តិធម៌សម្រាប់រដ្ឋាភិបាលបច្ចុប្បន្នក៏ដោយ។ ទោះជាយ៉ាងណាក្តី អ្វីដែលយើងចង់ធ្វើនោះ គឺធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីព្យាយាមដោះស្រាយបញ្ហាដែលបន្សល់ទុកជាយូរឆ្នាំមកហើយនេះ តាមរបៀបមួយដែលត្រឹមត្រូវ និងយុត្តិធម៌»។
ទាក់ទងនឹងរឿងបំណុលនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កាលពីខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះថា លោកនៅតែបន្តដោះស្រាយបញ្ហានេះឲ្យបានជឿនលឿនទៅមុខឆាប់ៗនេះ ដោយលោកបានស្នើឲ្យអ្នកស្រី ហ៊ីលឡារី គ្លិនតុន បង្វែរបំណុលនោះមកជួយក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិញ។
ការស្នើនោះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោក ហោ ណាំហុង ជាមួយអ្នកស្រី ហ៊ីលឡារី គ្លិនតុន នៅទីក្រុងវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២។
ប្រទេសកម្ពុជាបានជំពាក់បំណុលសហរដ្ឋអាមេរិក ចំនួនជាង ៤០០លានដុល្លារអាមេរិក នៅក្នុងទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គ្រប់គ្រងដោយសេនាប្រមុខ លន់ នល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។