អាជ្ញាធរ​ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​ចោទ​ថា​ជួល​ដី​ឲ្យ​វៀតណាម

មាន​ការ​ចោទ​ប្រកាន់​ថា ដី​ស្រែ​ច្រើន​រយ​ហិកតារ​របស់​កម្ពុជា កំពុង​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​ឈ្មួញ​កណ្ដាល​ជួល​ឲ្យ​គ្រួសារ​វៀតណាម​ដាំ​ដំឡូង​មី​ថ្មីៗ​នេះ នៅ​ខេត្ត​ស្វាយរៀង។

សកម្មភាព​ភ្ជួរ​រាល់​ដោយ​ម៉ាស៊ីន​គោយន្ត និង​ត្រាក់ទ័រ​របស់​វៀតណាម​ចំនួន​ជាង ១០​គ្រឿង កំពុង​តែ​បន្ត​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០ រហូត​មក​ដល់​ពេល​នេះ គឺ​នៅ​ក្នុង​ភូមិ​សាស្ត្រ​នៃ​ភូមិ​ធ្លោក ឃុំ​ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង នៅ​ក្បែរ​ព្រែក​បូរាណ​មួយ ជាប់​និង​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ខណ្ឌ​ចែក​រវាង​ឃុំ​ច្រក​ម្ទេស និង​ឃុំ​មនោរម្យ នៅ​ក្នុង​ទឹក​ដី​កម្ពុជា។

កសិករ​ម្នាក់​នៅ​ក្នុង​ចំណោម​គ្រួសារ​កសិករ​ខ្មែរ​ជា​ច្រើន​រយ​គ្រួសារ រស់​នៅ​ភូមិ​ធ្លោក ឃុំ​ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង ជាប់​និង​កន្លែង​ដី​ស្រែ​កំពុង​តែ​ភ្ជួរ​រាស់​នោះ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី សុំ​មិន​ឲ្យ​ប្រាប់​ឈ្មោះ​ក្នុង​ការ​ផ្សាយ​ថា ពួក​គាត់​ព្រួយ​បារម្ភ​ថា ដី​ស្រែ​កសិកម្ម​នៅ​ទី​នោះ​នឹង​បាត់​បង់​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន ៖ "ព្រែក​ហ្នឹង គឺ​ជា​ព្រែក​ប្រជា​ពល​រដ្ឋ រាល់​ឆ្នាំ​លែង​ក្របី គោ ផឹក​ទឹក ឥឡូវ​ហ្នឹង​ដាំ​អស់ មាន​កន្លែង​ណា​ឲ្យ​ទឹក​គោ ក្របី។ ភ្ជួរ​ផ្ដាច់​ផ្លូវ​រទេះ កន្លែង​ដែល​ប្រជា​ពល​រដ្ឋ​គាត់​បរ​ដឹក​អូស ដឹក​ព្រៃ ឥឡូវ​គេ​ភ្ជួរ​ដាច់​អស់។ ឥឡូវ​ប្រជា​ពល​រដ្ឋ​គាត់​បរ​កាត់​តាម​ណា​ទេ។ ទី​មួយ​គឺ​ផ្លូវ​ហ្នឹង​ឯង"

កសិករ​ម្នាក់​ទៀត​បាន​ថ្លែង​ថា លោក​មាន​ដី​ស្រែ​ចំនួន ៥​ហិកតារ នៅ​ក្បែរ​នោះ​ដែរ ប៉ុន្តែ​គេ​មិន​ឲ្យ​ប៉ះ​ឆ្លង​កាត់​តាម​រយៈ​ផ្លូវ​រទេះ​ពី​បូរាណ​ទេ ៖ "គេ​វាស់​វែង ខ្ញុំ​នៅ​ឈរ​នៅ​កន្លែង​ហ្នឹង​ដែរ។ ហើយ​ដី​ខ្ញុំ​នៅ​ចំណុច​កន្លែង​ហ្នឹង​ដែរ។ ខ្ញុំ​មិន​បរ​ទៅ​ណា។ បរ​ទៅ​ប៉ះ​គេ គេ​ប្ដឹង​ខ្ញុំ​ឥឡូវ"

កសិករ​ខ្មែរ​ជា​ច្រើន​រយ​គ្រួសារ​នៅ​ទី​នោះ​មិន​ហ៊ាន​ងើប​តវ៉ា​ទេ ដោយ​សារ​ភ័យ​ខ្លាច​និង​ការ​គំរាម​របស់​មេភូមិ​ថា​និង​ប្ដឹង ឬ​ចាប់​ខ្លួន បើ​សិន​ណា​ប្រជា​ពល​រដ្ឋ​ហ៊ាន​តវ៉ា។

មេ​ភូមិ​ធ្លោក ឃុំ​ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង លោក គង់ រ៉ុន បាន​បំភ្លឺ​ថា ប្រជា​ពល​រដ្ឋ​បាន​លក់​ដី​ស្រែ​ឲ្យ​ទៅ​ក្រុម​នៅ​មូលដ្ឋាន​មួយ។ ហើយ​ក្រុមហ៊ុន​នេះ​បាន​ជួល​ដី​ស្រែ​ទាំង​នោះ ជួល​ឲ្យ​ទៅ​គ្រួសារ​វៀតណាម​ដាំ​ដំឡូង​មី​តាម​រយៈ​កិច្ច​សន្យា​នៅ​រៀង​រាល់ ៦​ខែ​ម្ដង។ ការ​ធ្វើ​នេះ បាន​ដឹង​ឮ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ។ លោក​បន្ត​ថា ៖ "គេ​ធ្វើ​ក្រុមហ៊ុន​ជា​មួយ​វៀតណាម​មែន ប៉ុន្តែ​យើង​នៅ​ហ្នឹង យើង​អត់​មាន​ទីផ្សារ​លក់ គេ​ធ្វើ និង​ដាំ​ជា​មួយ​និង​វៀតណាម គេ​ដឹក​ទៅ​វៀតណាម ប៉ុន្តែ​យើង​ធ្វើ​ក្រុមហ៊ុន​ជា​មួយ​គេ​ទេ យើង​មិន​បាន​ជួល​ឲ្យ​គេ​ទេ។ គេ​គិត​តាម​មួយ​រដូវៗ ហ្នឹង ៦​ខែ។ យើង​ធ្វើ​កិច្ច​សន្យា​មួយ​រដូវ យើង​គិត​មួយ​រដូវ"

ប្រតិកម្ម​ទៅ​និង​ការ​ជួល​ដី​ស្រែ​កសិកម្ម​នេះ ប្រធាន​គណៈកម្មការ​កិច្ច​ការ​ងារ​ព្រំដែន​កម្ពុជា លោក វ៉ា គឹម​ហុង បាន​មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​បញ្ឈប់​កិច្ច​សន្យា​នេះ​ជា​បន្ទាន់ បើ​គ្មាន​ការ​យល់​ព្រម​ពី​គណៈកម្មការ​ព្រំដែន​ជា​មុន ៖ "សូម​ឲ្យ​អាជ្ញាធរ​ដែន​ដី ដែល​ជាប់​ព្រំដែន​ទាំង​អស់ ហាម​ឃាត់​មិន​ឲ្យ​ជួល មិន​ឲ្យ​ធ្វើ​អ្វី​ទាំង​អស់។ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ។ កាល​ណា​ធ្វើ​ហ្នឹង គឺ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ដែន​ដី ដែល​ធ្វើ​ផ្ដេសផ្ដាស​ចឹង គឺ​ថា​យើង​ហាម​ឃាត់"

អ្នក​ច្បាប់ និង​ជា​មេធាវី លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​នៅ​ថ្ងៃ​អនាគត ៖ "តាម​ច្បាប់​ភូមិបាល មាន​តែ​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​មាន​សញ្ជាត​ជា​ខ្មែរ​ទេ ទើប​អាច​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដីធ្លី។ អ៊ីចឹង​ចំពោះ​ជន​ជាតិ​បរទេស គឺ​អត់​អាច​មាន​សិទ្ធិ​ធ្វើ​កម្មសិទ្ធិ​ដីធ្លី​បាន​ទេ ប៉ុន្តែ​ដល់​ពេល​រឿង​ពាក់​ព័ន្ធ ជួល​ឲ្យ​បរទេស ច្បាប់​អត់​និយាយ​ដល់​កម្រិត​ហ្នឹង"

លោក វ៉ា គឹម​ហុង បាន​បញ្ជាក់​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ជួល​ដីធ្លី​នៅ​ជាប់​ព្រំដែន​ឲ្យ​ទៅ​ប្រទេស​ជិត​ជាង​ណា​មួយ​ទេ។ លោក​សន្យា​ថា​នឹង​ពិនិត្យ​មើល​រឿង​នេះ៕